បរទេស៖ ក្រសួងការពារជាតិរបស់ប្រទេសអ៊ីស្រាអែល បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុន Thyssenkrupp Marine Systems របស់ប្រទេសអាល្លឺម៉ង់ នឹងធ្វើការផលិតនូវនាវាមុជទឹកដ៏ទំនើបចំនួន៣គ្រឿង ឲ្យដល់កងទ័ពជើងទឹករបស់ប្រទេសអ៊ីស្រាអែល ក្នុងកិច្ចព្រមព្រៀងមានទំហំទឹកប្រាក់៣ពាន់លានអឺរ៉ូ ស្មើនឹង៣,៤ពាន់លានដុល្លារ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រសួងការពារជាតិអ៊ីស្រាអែលបាននិយាយបន្តថា ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រឧស្សាហកម្មមួយ ដែលមានទំហំទឹកប្រាក់ច្រើនជាង៨៥០លានអឺរ៉ូផងដែរ។
លោករដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Benny Gantz បានមានប្រសាសន៍ដូច្នេះថា “ខ្ញុំចង់ថ្លែងអំណរគុណដល់រដ្ឋាភិបាលអាល្លឺម៉ង់ សម្រាប់ការជួយក្នុងការពន្លឿនកិច្ចព្រមព្រៀង និងសម្រាប់ការប្តេជ្ញាចំពោះសន្តិសុខរបស់ប្រទេសអ៊ីស្រាអែល។ ខ្ញុំមានទំនុកចិត្តថា នាវាមុជទឹកថ្មីនឹងធ្វើឲ្យសមត្ថភាពកងទ័ពជើងទឹកអ៊ីស្រាអែលកាន់តែប្រសើរឡើង ហើយនឹងរួមចំណែកដល់ឧត្តមភាពសន្តិសុខរបស់អ៊ីស្រាអែលនៅក្នុងតំបន់”។
គួរបញ្ជាក់ថា កងទ័ពជើងទឹករបស់ប្រទេសអ៊ីស្រាអែល នាពេលបច្ចុប្បន្ននេះ ប្រើប្រាស់នាវាមុជទឹកប្រភេទ Dolphin ដែលផលិតដោយអាល្លឺម៉ង់ចំនួន៥គ្រឿង ដោយគ្រឿងទី៦កំពុងស្ថិតក្រោមការផលិតនៅក្នុងប្រទេសអាល្លឺម៉ង់ ហើយនាវមុជទឹក Dakar ចំនួន៣គ្រឿង នឹងចូលមកជំនួសនាវាមុជទឹក Dolphins ចាស់ចំនួន៣គ្រឿង៕
ប្រែសម្រួល៖ប៉ាង កុង