ផ្សេងៗ

ស្ថានីយទូរទស្សន៍ CTN ប្រកាសបើកការប្រកួតកីឡា ប្រដាល់ដណ្ដើមខ្សែក្រវាត់ ២ប្រភេទទម្ងន់ ក្នុងគោលបំណងបន្តលើកកម្ពស់គុនខ្មែរ

ភ្នំពេញ៖ ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយ កម្ពុជាហៅកាត់ (CBS) បានសហការជាមួយសហព័ន្ធ កីឡាប្រដាល់គុនខ្មែរ ដើម្បីបង្កើតព្រឹតិ្តការណ៍ការ ប្រកួតកីឡាប្រដាល់ដណ្ដើមខ្សែក្រវាត់ចំនួន ២ប្រភេទទម្ងន់គឺទម្ងន់ ៥៤គីឡូក្រាម និង៥៧គីឡូក្រាមនៅលើ សង្វៀនរបស់ទូរទស្សន៍ CTN ក្នុងគោលបំណងបន្តលើកកម្ពស់គុនខ្មែរ និងផ្តល់ឱកាសឱ្យអ្នកប្រដាល់បង្កើនសមត្ថភាពថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅស្ថានីយទូរទស្សន៍ CTN ។

ក្នុងឳកាសប្រកាសជាផ្លូវការដោយ មានការអញ្ជើញពីសំណាក់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងលោក Rajveer Singh នាយកប្រតិបត្តិក្រុមហ៊ុន CBS ។

លោក Rajveer Singh នាយកប្រតិបត្តិក្រុមហ៊ុន CBS បាននិយាយថា កីឡាគុនខ្មែរបានបង្កភាពសប្បាយរីករាយ ដល់អ្នកទស្សនារាប់លាននាក់ នៅពាសពេញប្រទេស តាមការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ហើយកីឡាគុនខ្មែរ លែងមានអ្វីអាថ៌កំបាំងទៀតហើយ ត្រូវទទួលស្គាល់យ៉ាងទូលំទូលាយថា ជាកីឡាជាតិរបស់ព្រះរាជាណាចក្រកម្ពុជា។

លោក អ៊ុក សិទ្ធិជាតិ មានប្រសាសន៍ថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានសន្តិភាពពេញលេញ ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យកីឡា។ បច្ចុប្បន្នវិស័យកីឡាបានដើរតួនាទី យ៉ាងសំខាន់នៅក្នុងសង្គម គឺកីឡាកសាងមនុស្ស មនុស្សកសាងសង្គម។ ទាំងនេះសំដៅកសាងធនធានមនុស្ស ឱ្យមានសុខភាពល្អ ចំណេះដឹង សមត្ថភាព និងសីលធម៌ខ្ពស់ ស្របតាមគោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ជាពិសេសផែនការមេឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣។

ក្រសួងអប់រំ យុវជន និងកីឡាបានធ្វើកំណែទម្រង់គ្រប់ការដ្ឋាន ការបណ្ដុះបណ្ដាលធនធានមនុស្ស ការជួសជុលហេដ្ឋារចនាសម្ព័ន្ធ និងការប្រកួតគ្រប់ប្រភេទ ជាពិសេសបានផ្ដល់ថវិកាគាំទ្រ ទៅដល់សហព័ន្ធកីឡាជាតិ ដែលមានឈ្មោះក្នុងបញ្ជីប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ដើម្បីពន្លឿនការអភិវឌ្ឍសមត្ថភាពកីឡាករ កីឡាការិនី សម្រាប់ដណ្ដើមមេដាយ និងចៅក្រម អាជ្ញាកណ្ដាល មន្រ្ដីបច្ចេកទេស សម្រាប់រៀបចំ និងកាត់សេចក្ដីនៃការប្រកួត ឲ្យបានគ្រប់គ្រាន់ទាំងបរិមាណ គុណភាព និងទាន់ពេលវេលា ជាពិសេសបានកំណត់កីឡាគុនខ្មែរ ជាកីឡាប្រពៃណីដែលមានសក្ដានុពល និងប្រជាប្រិយភាពក្នុងចំណោម ប្រភេទកីឡាដែលមានសក្ដានុពល មួយចំនួនទៀត។

លោក ខៀវ កាញារីទ្ធ ក៏បានកោតសរសើរលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ​ បានលើកឡើងនូវគុណបំណាច់នៃសន្តិភាព ប្រសិនបើមិនមានសន្តិភាពទេ គឺយើងមិនអាចពង្រីក ការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងកីឡាឲ្យបានគ្រប់ប្រភេទដូច្នេះដែរ។ កាលពីមុនៗនៅលើឆាកអន្តរជាតិប្រដាល់ គឺគេស្គាល់តែ “មួយថៃ” ទេ ប៉ុន្តែតាមរយៈការប្រឹងប្រែងមួយជំហានម្តងៗ អន្តរជាតិក៏បានស្គាល់ពី ប្រដាល់គុនខ្មែរយើងដែរ ។ ដូច្នេះហើយកីឡាមួយអាចរីកចម្រើនទៅបាន វាអាស្រ័យដោយយើងខិតខំ លើកទឹកចិត្តអ្នកប្រដាល់ទាំងអស់។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងបន្ថែមទៀតថា ចំពោះប្រភេទកីឡាប្រដាល់គុនខ្មែរវិញ ក៏មានការរីកចម្រើនផងដែរ ហើយក៏អរគុណក្រុមហ៊ុន CBS ដែលរួមគ្នាខិតខំលើកស្ទួយដល់ វិស័យកីឡាប្រដាល់គុនខ្មែរ ក៏ដូចបានលើកទឹកចិត្តដល់កីឡាករខ្មែរ។ ចំពោះទូរទស្សន៍ជាតិកម្ពុជា ក៏បានរៀបចំកម្មវិធី ប្រកួតប្រដាល់គុនខ្មែរនេះដែរ។ «បើសិនជាទូរទស្សន៍ទាំងអស់ ជួយលើកស្ទួយដល់កីឡាផ្សេងៗទៀត នឹងជួយជំរុញទឹកចិត្តដល់កីឡាករ ឲ្យខិតខំអភិវឌ្ឍន៍សមត្ថភាព របស់ខ្លួនបន្ថែមទៀត ក្នុងការដណ្តើមនូវកិត្តិយសជាតិ។

ការប្រកួតកីឡាករចូលរួម ប្រកួតដណ្តើមខ្សែក្រវាត់មានចំនួនសរុប ១៦នាក់ គឺប្រភេទទម្ងន់៥៧គីឡូក្រាម ចំនួន៨នាក់ និងប្រភេទ ទម្ងន់៥៤គីឡូក្រាម ចំនួន៨នាក់។ ពួកគេជាក្រុមអ្នកប្រដាល់កម្រិត (ខ) ត្រូវប្រកួតជម្រុះតាមរូបមន្តសន្សំ ពិន្ទុឆ្ពោះទៅដណ្ដើមខ្សែក្រវាត់ និងទឹកប្រាក់ ៥ ០០០ ដុល្លារ ៕

Most Popular

To Top