រដ្ឋាភិបាលអង់គ្លេស បានធ្វើការដាក់ទណ្ឌកម្មទៅលើលោក លោក Roman Abramovich ម្ចាស់ក្លឹប Chelsea ដោយបង្កកទ្រព្យសម្បត្តិរបស់លោកទាំងអស់ បង្កកការចរាចរណ៍លុយ និងហាមឃាត់ការធ្វើដំណើរមកកាន់អង់គ្លេស ដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកកាន់ក្លឹបតោខៀវនេះផងដែរ។
នៅខណៈនេះ Chelsea ដំណើរការក្រោមលក្ខខ័ណ្ឌពិសេសប៉ុណ្ណោះ មិនអាចលក់សំបុត្រតទៀតនោះទេ ថែមទាំងមិនអាចចំណាយលើកុងត្រាកីឡាករ ក៏ដូចជាដៃគូនានាជាដើម។
នៅក្នុងថ្ងៃនេះ ដៃគូ Sponsor របស់ Chelsea នឹងក្រុមហ៊ុន Three (3) ក៏ត្រូវបានផ្អាក រីឯដៃគូរធំៗនានាផ្សេងទៀតដូចជា Nike, Hyundai និង Zapp ក៏កំពុងគិតគូរធ្វើបែបនេះផងដែរ ដែលធ្វើឲ្យចំណាយកាន់តែបាត់បង់។
បើតាមការចុះផ្សាយរបស់ Daily Mail បើស្ថានភាពទណ្ឌកម្មនៅតែបន្តបែបនេះទៀត Chelsea មានលុយទ្រទ្រង់ក្លឹបតែ ១៧ថ្ងៃទៀតប៉ុណ្ណោះ ព្រោះក្នុង១ខែ ក្លឹបនេះត្រូវចំណាយលើប្រាក់ខែនានាលើកីឡាករ ៣៧លានដុល្លារ ប៉ុន្តែប្រាក់ដែលក្លឹបនេះកំពុងតែមាន និងអាចចំណាយបានគឺមានត្រឹម ២១លានដុល្លារប៉ុណ្ណោះ។
យ៉ាងណាខាងថ្នាក់ដឹកនាំ Chelsea កំពុងទៅចរចាជាមួយនឹងថ្នាក់ដឹកនាំរដ្ឋាភិបាលអង់គ្លេស ដើម្បីឲ្យបន្ធូរបន្ថយលក្ខខ័ណ្ឌឲ្យក្លឹបនេះមានលទ្ធភាពអាចដំណើរការបានដូចជា អនុញ្ញាតឲ្យលក់សំបុត្រ និងបើកហាងលក់ ទំនិញ និងសម្ភារៈនានារបស់ក្លឹបជាដើម។
ចំពោះទាក់ទងនឹងដំណើរការលក់ក្លឹបនេះ រដ្ឋាភិបាលអនុញ្ញាតឲ្យលក់ ប៉ុន្តែលោក Abramovich មិនមានសិទ្ធសម្រេច និងចាត់ចែងនោះ រីឯលុយបានពីការលក់ក្លឹបក៏មិនបានទៅលោកផងដែរ ដោយអ្វីៗគ្រប់យ៉ាងរដ្ឋាភិបាលអង់គ្លេសជាអ្នកសម្រេច៕