ភ្នំពេញ៖នាយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ដឹកនាំគណៈប្រតិភូ និងអត្តពលិកកម្ពុជាសរុប១៨០នាក់ ដោយនាំមកនូវមេដាយមាស ប្រាក់ សំរិទ្ធជាច្រើនគ្រឿងជាពិសេសទង់ SEA Game ដើម្បីបន្តវេនធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា SEA Game លើកទី៣២ ឆ្នាំ២០២៣។
ក្នុងឳកាសនាំទង់ព្រឹត្តិការណ៍ការប្រកួតកីឡា SEA Game ២០២៣ លើកទី៣២ ដោយមានការអមដំណើរសម្តេចពិជ័យសេនាពីក្រុមកីឡាករ-កីឡាការីនីមេដាយមាស ប្រាក់ សំរិទ្ធរួមមានកីឡាវូវីណាម កីឡាឃីតបុកស៊ីង និងកីឡាប្រដាល់គុនខ្មែរ។ ចំពោះប្រភេទវូវីណាមដណ្តើមមេដាយ១៤គ្រឿង រួមមានមេដាយមាស ៣គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ ៩ គ្រឿង
ចំណែកកីឡាឃីតបុកស៊ីងទទួលបានមេដាយ ៥ គ្រឿង ក្នុងនោះមេដាយមាស១គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង រីឯកីឡាប្រដាល់គុនខ្មែរ ទទួលបានមេដាយ ៧គ្រឿង ក្នុងនោះមេដាយមាស១គ្រឿង និងមេដាយសំរិទ្ធ ៦ គ្រឿង៕





