បរទេស៖ យោងតាមការចេញផ្សាយដោយ rt.com កាលពីថ្ងៃសុក្រម្សិលមិញនេះបានឲ្យដឹងថា ប្រទេសបារាំងបានប្រកាសកម្រិតអាសន្នស្តីអំពីគ្រោះរាំងស្តួត នៅតាមតំបន់ស្ទើរទូទាំងប្រទេសដើម្បីឲ្យពលរដ្ឋរបស់ខ្លួន អាចត្រៀមទុកជាមុនក្នុងការប្រឈមមុខទៅនឹងបញ្ហាទាំងនេះ ហើយក្នុងនោះក៏មានការអំពាវនាវសុំឲ្យមានការសន្សំសំចៃ ក្នុងការប្រើប្រាស់ទឹកផងដែរ។
លើសពីនេះដើម្បីអាចអនុវត្តការងារនេះ ទៅបានប្រសិទ្ធភាពក្រុមមន្ត្រីប៉ូលីសនឹងត្រូវដើរតួជាអ្នកត្រួតពិនិត្យ លើកិច្ចការងាររឹតបន្តឹងការប្រើប្រាស់ខ្ជះខ្ជាយនេះផងដែរ។ ដូចទៅនឹងបណ្តាប្រទេសក្នុងតំបន់អឺរ៉ុបផ្សេងទៀតផងប្រទេសបារាំង កំពុងជួបបញ្ហារាំងស្តួតខ្លាំងរលកកំដៅកាន់តែអាក្រក់ ជាពិសេសនៅរដូវក្តៅនេះហើយជាលទ្ធផលកម្រិតប្រកាស អាសន្នលេខ៤ត្រូវបានប្រកាស។
គួរឲ្យដឹងដែរថាក្នុងករណីជាច្រើន ប៉ូលីសនឹងអាចធ្វើការព្រមានចំពោះពលរដ្ឋក្នុងការចូលរួមកិច្ចការងារ សន្សំសំចៃទាំងនេះប៉ុន្តែប្រសិនបើករណីនោះវានឹងកើតឡើងដដែល ចំពោះពលរដ្ឋណាមួយនោះពួកគេអាចនឹង ប្រឈមមុខទៅនឹងការដាក់ពិន័យជាទឹកប្រាក់ប្រមាណជា ១៥០០អឺរ៉ូ ឬប្រមាណជា១៥៣១ដុល្លារអាមេរិក៕
ប្រែសម្រួល៖ស៊ុនលី