ផ្សេងៗ

លោក ប៉ាន សូរស័ក្តិ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ ប្រកបដោយរលូន

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ នៅទឹកដីខេត្តសៀមរាប ការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ ត្រូវបានប្រកាសបិទបញ្ចប់ដោយជោគជ័យ ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីគណៈប្រតិភូ គណៈកម្មការរៀបចំការប្រកួត អាជ្ញាធម៌ខេត្ត គ្រូបង្វឹក កីឡាករ-កីឡាការិនីជាច្រើនរូបទៀត។

លោកប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន បានសម្ដែងនូវការកោតសរសើរ ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតនេះ ប្រកបដោយភាពរលូន និងទទួលបានជោគជ័យជាផ្លែផ្កា។

តាមរយៈការអនុវត្តគោលនយោបាយឈ្នះឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជាទទួលបាន សន្តិភាពពេញលេញជូនប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល ដោយពុំមានការបង្ហូរឈាម។ មូលដ្ឋានគ្រឹះនៃសន្តិភាពនេះ ពិតជាបានធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជា មានឱកាសពេញលេញក្នុងការខិតខំគិតគូ កសាង និងអភិវឌ្ឍន៍ប្រទេស អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ ពង្រឹង និងពង្រីកសេដ្ឋកិច្ច ពាណិជ្ជកម្ម ទ្វេរភាគី ពហុភាគី ក្នុងតំបន់ និងសកលលោក និងការធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន ដែលរហូតមកដល់ពេលនេះ មានការគាំទ្រទទួលស្គាល់ពីអន្តរជាតិថា ប្រទេសកម្ពុជាពិតជាមានការអភិវឌ្ឍរីកចម្រើនខ្លាំង ប្រកបដោយថាមវន្ត ទាំងក្នុងទិដ្ឋភាពនយោបាយ និងសង្គម។

លោកប្រធានបន្តថា ដើម្បីឲ្យវិស័យកីឡាទោចក្រយាន នៅព្រះរាជាណាចក្រកម្ពុជា កាន់តែមានការរីកចម្រើនទាំងបរិមាណ និងគុណភាព សម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games 32) ឆ្នាំ២០២៣ និងទទួលបានលទ្ធផលល្អប្រសើរ នាពេលខាងមុខ លោកប្រធានសហព័ន្ធ បានផ្តល់អនុសាសន៍គន្លឹះមួយចំនួន ដូចខាងក្រោម៖ ត្រូវខិតខំបណ្តុះបណ្តាល បង្កើនបរិមាណកីឡាករ-កីឡាការិនី តាមបណ្តាក្លិប-សមាគម កីឡាទោចក្រយាន រាជធានី-ខេត្ត ក្រសួង-ស្ថាប័នឲ្យបានកាន់តែទូលំទូលាយ និងមានធនធានមនុស្ស-សម្ភារៈហ្វឹកហាត់ឱ្យបានគ្រប់គ្រាន់ និងត្រូវជំរុញបង្កើនការចូលរួម ប្រកួតពីថ្នាក់ភូមិភាគ និងថ្នាក់ជាតិឱ្យបានច្រើន ព្រោះកីឡាទោចក្រយានទាំង ០២ប្រភេទនេះ ត្រូវបានរាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេម ដាក់បញ្ជូលក្នុងវិញ្ញាសាប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលប្រទេសកម្ពុជានឹងធ្វើជា ម្ចាស់ផ្ទះនាឆ្នាំក្រោយនេះ។ ត្រូវពង្រឹងសមត្ថភាព គ្រូបង្វឹក កីឡាករ កីឡាការិនី មន្ត្រីរៀបចំការប្រកួតឱ្យកាន់តែល្អប្រសើរទាំងបរិមាណ និងគុណភាព ដើម្បីអាចម្ចាស់ការរៀបចំការប្រកួត គ្រប់កម្រិតទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ។ ហើយត្រូវជំរុញឲ្យមានការហ្វឹកហាត់ជាប្រចាំ និងប្រកួតវាស់ស្ទង់កម្រិតសមត្ថភាពឱ្យបានច្រើន នៅតាមបណ្តាក្លិប-សមាគម នៅទូទាំងប្រទេស តាមភូមិភាគ និងនៅថ្នាក់ជាតិ ។ ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង ផ្ទៃក្នុងរបស់សហព័ន្ធ និងទំនាក់ទំនងល្អ រវាងក្លឹប-សមាគមទូទាំងប្រទេស និងត្រូវប្រឹងប្រែងស្វែងរកដៃគូអភិវឌ្ឍបន្ថែមទៀត ដើម្បីបង្កើនព្រឹត្តិការណ៍ប្រកួតឱ្យបានច្រើន ក្នុងមួយឆ្នាំៗ តាមដែលអាចធ្វើបាន។

វិញ្ញាសាកង់គួក (Road Bike)៖ វិញ្ញាសាកង់គួកបុរសឈុតធំ (Man Elite Road Bike)៖ លេខ១ កីឡាករ ញ៉ុញ លេញ (ក្រុម Wheelers Cycling), លេខ២ កីឡាករ លឹម ស៊ុង, លេខ៣ កីឡាករ សួង បុប្ផាពេជ្រ, លេខ៤ កីឡាករ អាន រតនា (អ្នកទាំង៣ មកពីក្រុមកងយោធពលខេមរភូមិន្ទ) និងលេខ៥ កីឡាករ លី លៃ (ក្រុមកង់រំពេ)។ វិញ្ញាសាកង់គួកបុរសថ្នាល (Man Junior Road Bike)៖ លេខ១ កីឡាករ តូ ពិសិដ្ឋ, លេខ២ កីឡាករ សុខ ប៊ុនហុក (ក្រុមកងយោធពលខេមរភូមិន្ទ), លេខ៣ កីឡាករ ធិញ វ៉ានឹញវិបុល (ក្រុមPCT), លេខ៤ កីឡាករ វណ្ណ សំរិទ្ធឧត្តម (ក្រុម SCT) និងលេខ៥ កីឡាករ ចាវ ឈុនឡុង (ក្រុមកង់សុខភាពកំពង់ចាម)។

ចំណែកវិញ្ញាសាកង់គួកបុរសអាយុចាប់ពី ៤០ឆ្នាំឡើង (Man Master Road Bike)៖ លេខ១ កីឡាករ រើក ម៉ាប់ (ក្រុមកង់រំពេ), លេខ២ កីឡាករ ឆុន ភារម្យ (ក្រុមកងយោធពលខេមរភូមិន្ទ), លេខ៣ កីឡាករ ហៃ ថុន (ក្រុមឥន្ទ្រីមាសក្រុងប៉ោយប៉ែត), លេខ៤ កីឡាករ អ៊ីត ចាន់នី (ក្រុម ABC Biking Club) និងលេខ៥ កីឡាករ អេង លីន (ក្រុមកង់មានជ័យ)។ វិញ្ញាសាកង់ភ្នំ (Mountain Bike)៖ វិញ្ញាសាកង់ភ្នំបុរសឈុតធំ (Man Elite Mountain Bike)៖ លេខ១ កីឡាករ ឆាន ហ្វុង, លេខ២ កីឡាករ ឃឹម ម៉េងឡុង, លេខ៣ កីឡាករ ក្រួច វ៉ា (ក្រុម ECT), លេខ៤ កីឡាករ ទៀង លីហេង និងលេខ៥ កីឡាករ តាំង គីមរ័ត្ន (ក្រុមកង់កំពត)។ វិញ្ញាសាកង់ភ្នំបុរសថ្នាល (Man Junior Mountain Bike)៖ លេខ១ កីឡាករ និត្យ សីហៈ (ក្រុម Electro Racing), លេខ២ កីឡាករ ឆាង រ័ត្នមុន្នី (ក្រុម Siem Reap Racing), លេខ៣ កីឡាករ ជា សុបញ្ញា (ក្រុមកង់រិទ្ធិសែនកំពង់ឆ្នាំង), លេខ៤ កីឡាករ ពៅ សុផាន (ក្រុមកង់កំពត) និងលេខ៥ កីឡាករ តៅ ផល្លី (ក្រុម Siem Reap Racing)។

វិញ្ញាសាកង់ភ្នំនារី (Women Mountain Bike)៖ លេខ១ កីឡាការនី ខេន ម៉ាឡៃ, លេខ២ កីឡាការនី រ៉ុន ស្រីនីត, លេខ៣ កីឡាការនី យត់ កន្និការ, លេខ៤ កីឡាការនី អេង សុជាតា (ក្រុម ECT) និងលេខ៥ កីឡាការនី យន់ អូមិហ្កា (ក្រុម Siem Reap Racing)។ វិញ្ញាសាកង់ភ្នំបុរសអាយុចាប់ពី ៤០ឆ្នាំឡើង (Man Master Mountain Bike)៖ លេខ១ កីឡាករ Vasco Ramsperger (ក្រុម Kampot Cycling), លេខ២ កីឡាករ គឹម សម្បត្តិ (ក្រុម Cycle Path Club), លេខ៣ កីឡាករ ឈួន យ៉េន (ក្រុមកង់ខេត្តកំពង់ឆ្នាំង), លេខ៤ កីឡាករ ទូច គន្ធន់ (ក្រុម Kampot Cycling) និងលេខ៥ កីឡាករ ធា សោភ័ណ្ឌ (ក្រុមកង់ខេត្តកំពង់ធំ)៕

ដោយ៖ លី ភីលីព

Most Popular

To Top