បរទេស៖ កាសែត Nikkei របស់ជប៉ុនបានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់ប្រភពជិតស្និទ្ធ នឹងរដ្ឋាភិបាលចិនថា អង្គការ think tank (ផ្តល់គំនិត) របស់ចិនដែលជិតស្និទ្ធ នឹងកងកម្លាំងប្រដាប់អាវុធ របស់ប្រទេសនេះបានព្យាករណ៍ថា ជម្លោះរុស្ស៊ី-អ៊ុយក្រែននឹងបញ្ចប់នៅមុនរដូវស្លឹកឈើជ្រុះ ឆ្នាំ ២០២៣ ។
ប្រព័ន្ធផ្សព្វផ្សាយបានអះអាងថា រដ្ឋាភិបាលក្រុងប៉េកាំង បានចាត់ទុកការវាយតម្លៃនេះថា មានភាពរឹងមាំគ្រប់គ្រាន់ ដើម្បីព្យាយាមទទួលយកតួនាទី ជាអ្នកសម្រុះសម្រួល ក្នុងការប្រឈមមុខ មុននឹងបញ្ចប់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ការវាយតម្លៃនេះត្រូវបានចេញដោយ Academy of Military Sciences (AMS) ដែលជាក្រុមអ្នកផ្តល់គំនិត ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ដែលរាយការណ៍ដោយផ្ទាល់ ទៅកងទ័ពរំដោះប្រជាជនចិន ហើយតែងតែចេញអនុសាសន៍ ដល់ស្ថាប័នធ្វើការសម្រេចចិត្តយោធាកំពូល របស់ប្រទេសចិន។ Nikkei បានផ្សាយថា AMS បានចេញការវាយតម្លៃរបស់ខ្លួន អំពីជម្លោះនៅដើមខែធ្នូ។ កាសែតបានបន្ថែមថា ទស្សនៈរបស់ក្រុមអ្នកគិតដែលថា ការបញ្ចប់អរិភាពទំនងជាជិតមកដល់ហើយ បានជំរុញឱ្យទីក្រុងប៉េកាំង បញ្ចេញតួនាទីសកម្មជាងមុន ក្នុងការស្វែងរកដំណោះស្រាយ។
ការព្យាករណ៍របស់ AMS ផ្អែកលើការក្លែងធ្វើផ្នែកយោធា នៃជម្លោះដែលកំពុងបន្តបានស្នើថា វានឹង “ខិតជិតដល់រដូវក្តៅឆ្នាំ ២០២៣” ដោយរុស្ស៊ី “មានប្រៀបលើ ។ Nikkei បានអះអាង ដោយដកស្រង់ប្រភពជិតស្និទ្ធ នឹងរដ្ឋាភិបាលចិន។ ក្រុមអ្នកផ្តល់គំនិតទាំងនោះជឿជាក់ថា សេដ្ឋកិច្ចទាំងរុស្ស៊ី និងអ៊ុយក្រែន នឹងមានសម្ពាធយ៉ាងលំបាក ក្នុងការរក្សាអរិភាពកាលពីរដូវក្តៅកន្លងមក។
កាសែត Nikkei បានអះអាងទៀតថា ការវិភាគរបស់ AMS បានជំរុញទីក្រុងប៉េកាំង ឱ្យចេញមកនូវសំណើសន្តិភាព ហើយជាមួយនឹងគំនិតផ្តួចផ្តើមនេះ ប្រទេសចិន បានស្វែងរកការស្តារទំនាក់ទំនង ជាមួយអឺរ៉ុបឡើងវិញ ដើម្បីធានាឱ្យមានលំហូរ នៃការវិនិយោគ និងបច្ចេកវិទ្យាបន្តដល់សេដ្ឋកិច្ចចិន។ កាសែតនោះបានស្នើថា គោលដៅមួយទៀត របស់ក្រុងប៉េកាំងគឺរក្សាទំនាក់ទំនងមិត្តភាព ជាមួយក្រុងគៀវ៕ ប្រែសម្រួលៈ ណៃ តុលា