ហៃណាន គឺជាខេត្តកោះមួយកន្លែងនៅប្រទេសចិន ហើយក៏ត្រូវបានគេស្គាល់ច្បាស់ថា ជាតំបន់ដែលមានអាកាសធាតុក្ដៅ ហើយសើម និងអំណោយផលបំផុតសម្រាប់ការដាំដុំដំណាំជាច្រើនប្រភេទ។
ក្រៅពីនេះ ហៃណាន ក៏ជាទីកន្លែងដែលពេញទៅដោយ ពន្លឺថ្ងៃដ៏កក់ក្តៅ ឆ្នេរស្រស់ស្អាត សណ្ឋាគារប្រណីត សត្វសមុទ្រចម្រុះពណ៌ និងម្ហូបក្នុងតំបន់ឈ្ងុយឆ្ងាញ់។
នេះគឺជាទិសដៅទេសចរណ៍ដ៏មានន័យ សម្រាប់អ្នកដែលចង់ទៅដល់ឋានសួគ៌តំបន់ត្រូពិច ដើម្បីសម្រាកលំហែកាយ។
ឆ្នេរជាច្រើនរង់ចាំរំលេចភាពស្រស់ស្អាតដល់ភ្ញៀវទេសចរមកពីគ្រប់ទិសទី ដែលធ្វើឱ្យវាក្លាយជាគោលដៅដ៏ល្អសម្រាប់អ្នកដែលចង់ទៅលេងឆ្នេរ អ្នកដែលចូលចិត្តកីឡាទឹក និងអ្នកស្រឡាញ់អាហារសមុទ្រទាំងអស់។
ប្រសិនពេលវេលាអំណោយផល អ្នកគួរទៅភ្លក់រសជាតិ និងក្រេបយកបទពិសោធបន្ថែមបំពេញអត្ថន័យជីវិត។ ហើយដើម្បីកាន់តែច្បាស់ សូមមកជ្រាបនូវហេតុផលចម្បងៗ ដែលអ្នកមិនគួររំលងកោះមួយនេះរបស់ចិន៖
១. ឆ្នេរខ្សាច់ពណ៌ស ដែលមានច្រើនកន្លែង

អាជ្ញាធរបានបោះជំហានទៅមុខក្នុងការធានាឲ្យសាធារណជន ឬភ្ញៀវទេសចរ មានឱកាសអស្ចារក្នុងការចូលលេង និងសម្រាកលំហែនៅឆ្នេរប្រចាំតំបន់។
ទោះបីជាអ្នកមិនបានស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ ៥ ក៏ដោយ ក៏អ្នកនៅតែទទួលបទពិសោធកម្សាន្តនៅឆ្នេរក្រោមពន្លឺថ្ងៃ និងពេញដោយក្ដីសុខ និងប្លែកភ្នែក។ ទីឆ្នេរល្បីៗប្រចាំនៅហៃណានដូចជា Tianya Haijiao, Yalong Bay, Sanya Bay ជាដើម។
សម្រាប់ដំណើរផ្សងព្រេង អ្នកថែមទាំងអាចលេងកីឡាក្នុងទឹកដូចជា Snorkelling, Scuba-Diving និង Paragliding។
២. គោលដៅទេសចរណ៍ទាក់ទាញច្រើនកន្លែង

មិនត្រឹមតែឆ្នេរដ៏អស្ចារ្យប៉ុណ្ណោះទេ នៅហៃណាន អ្នកអាចមើលឃើញទិដ្ឋភាពប្លែកភ្នែកជាច្រើនទៀត។ មួយក្នុងចំណោមនោះ គឺ Nanshan Temple ដែលជាកន្លែងពិសិដ្ឋដ៏ធំ និងប្លែកបំផុតមួយនៅភាគខាងត្បូងប្រទេសចិន។
រូបសំណាកព្រះម៉ែ គង់ ស៊ីអ៊ីម ត្រូវបានសាងសង់លាតចេញកណ្តាលសមុទ្រ និងមានកម្ពស់ខ្ពស់បំផុត ហើយត្រូវបានគេស្គាល់ថាជាកន្លែងដ៏ស័ក្តិសិទ្ធិ សម្រាប់ពុទ្ធសាសនិកជាច្រើន។
៣. កន្លែងស្នាក់នៅប្រណិតក្នុងតម្លៃសមរម្យ

សម្រាប់អ្នកដែលត្រូវការចំណាយពេលដ៏មានន័យ ក្នុងសណ្ឋាគារប្រណីតក៏មិនពិបាកក្នុងការស្វែងរក ព្រោះនៅទីនេះពិតជាសម្បូរសណ្ឋាគារលំដាប់ផ្កាយ ៥ ដូចជា៖
- Novotel Haikou Xinbudao
- Castle Hotel Ocean Flower Island
- Mangrove Tree Resort World Sanya Bay
- Wyndham Garden
- Renaissance Haikou Hotel
- Hilton Haikou
៤. ទីក្រុងចាស់របស់ Haikou និងវប្បធម៌នៃការញ៉ាំតែ

ផ្លូវដែលក្រាលថ្មនៃ Haikou រួមបញ្ចូលឥទ្ធិពលអាស៊ី និងអឺរ៉ុបដាច់ដោយឡែកពីអាណានិគមរបស់ប្រទេសចិនតាំងពីសម័យអតីតកាល នោះគឺ វិថីចាស់ដែលមានឈ្មោះថា Qilou ដែលជាកន្លែងភ្ញៀវទេសចរណ៍ពុំគួររំលង។

Haikou ក៏មានវប្បធម៌ញ៉ាំតែរបស់ខ្លួនផងដែរ ដោយជាទូទៅគេហៅថា “តែពេលរសៀល”។ នេះជាពេលសម្រាកពេលថ្ងៃ ដោយប្រជាជន ពិសេសអ្នកដែលមានវ័យចំណាស់ច្រើនចំណាយពេលពិសារតែ និងនំនែក អាហារជាច្រើនមុខ ជាមួយគ្នា ព្រមទាំងជជែកគ្នាពីនេះពីនោះ។
៥. ម្ហូបហៃណានប្លែកៗ

ម្ហូបប្រចាំតំបន់ហៃណានមានច្រើនណាស់ ប៉ុន្តែក្នុងចំណោមមុខម្ហូបទាំងនោះ បាយមាន់ហៃណាន គឺជាអ្វីដែលគេស្គាល់តំបន់នេះច្បាស់បំផុត។
បាយដែលដាំជាមួយនឹងទឹកដូង លាយសាច់ដូងខ្លះៗ និងបន្ថែមរូបមន្តពិសេសពិតជាធ្វើឲ្យរសជាតិកាន់តែជាប់មាត់ជាមួយនឹង សាច់មានដែលមានពណ៌លឿងគួរឲ្យចង់ពិសារ។
៦. ដំណើរកម្សាន្តពេលថ្ងៃទៅកាន់កោះជិតៗ

ប្រសិនបើអ្នកចង់ឃើញទេសភាពប្លែកៗ អ្នកអាចចំណាយពេលមួយថ្ងៃយ៉ាងងាយស្រួលទៅកាន់កោះណាមួយដែលនៅជិតៗក្នុងខេត្តហៃណាន ដូចជា Boundary Island និង Wuzhizhou Island។
៧. សួនសត្វដែលប្រមូលផ្ដុំទៅដោយប្រភេទសត្វកម្រ

Hainan Tropical Wildlife Park ជាទីតាំងធម្មជាតិដែលលោកអ្នកនឹងមានអារម្មណ៍ស្រស់ស្រាយ និងរីករាយនឹងធម្មជាតិជុំជិត ពិសេសប្រមូលផ្ដុំទៅដោយសត្វព្រៃជាច្រើនប្រភេទ។
សត្វព្រៃកម្រជាង ២០០ ប្រភេទនៅជុំវិញពិភពលោកត្រូវបានប្រមូលផ្តុំនៅទីនេះ ហើយពួកវាមានចំនួនច្រើនជាង ៤,០០០ ក្បាល។ ទាំងអស់នេះបង្កើតបានជាទេសភាពព្រៃត្រូពិចពិសេសមិនធម្មតា។
៨. ចំណាយពេលខ្លីបំផុតក្នុងការធ្វើដំណើរ

វាពិតជាផ្ដល់នូវភាពងាយស្រួលខ្លាំងដល់ភ្ញៀវទេសចរកម្ពុជា ឬអ្នកដំណើរចេញពីកម្ពុជា ដោយគ្រប់គ្នាចំណាយពេលត្រឹមតែ ១ម៉ោង និង ៤៥នាទីប៉ុណ្ណោះ ចេញពីអាកាសយានដ្ឋាននៅភ្នំពេញអន្តរជាតិ ទៅដល់អាកាសយានដ្ឋានក្នុងខេត្តហៃណាន៕
ប្រភព៖sabay.
