កីឡាករ លី ចំរើន ដែលជាជើងខ្លាំងមួយរូបនៅកម្ពុជាគឺមានរបួសបាក់ដៃខាងស្ដាំកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នៅសង្វៀន CNC បន្ទាប់ពីប្រកួតមិត្តភាពអន្តរជាតិជាមួយអ្នកលេងគុនថៃ សែនសាក់ងឹន។
បើតាមការឲ្យដឹងពីលោក តាំង លីហួរ តំណាងក្លឹប គុនខ្មែរ 8888 បានបញ្ជាក់ពីស្ថានភាពរបួសរបស់ លី ចំរើន ថា នៅពេលនេះរូបគេកំពុងព្យាបាលនៅមន្ទីរពេទ្យជំនាញផ្នែកឆ្អឹងដែលជាដៃគូសហការរបស់ក្លឹបនាពេលបច្ចុប្បន្ន។ ខាងពេទ្យជំនាញមិនវះដាក់ដែកនោះទេ ពោលគឺគ្រីបឆ្អឹងឲ្យបញ្ចូលគ្នាវិញ លេបថ្នាំ ហើយតាមដានរយៈពេល១ខែមកពិនិត្យម្ដង។ ក្នុងរយៈពេល៣ខែមិនឲ្យធ្វើអ្វីធ្ងន់ធ្ងរឡើយ។

តំណាងក្លឹបខាងលើបន្ថែមទៀតថា ប្រសិនបើការតាមដានរយៈពេល ៣ខែនេះឆ្អឹងតភ្ជាប់គ្នាបានជោគជ័យហើយ រូបគេអាចចូលហ្វឹកហាត់កម្រិតស្រាលវិញជាបណ្ដើរៗបាន។ ពេទ្យបញ្ជាក់ថាបើឆ្អឹងតភ្ជាប់បានល្អហើយនោះក្នុងរយៈពេល ៦ខែ ចំរើន នឹងអាចឡើងប្រកួតបានវិញហើយ។

ប្រសិនជារបួសរបស់ ចំរើន ជាក្នុងរយៈពេល ៦ខែក៏ដោយ ចំពោះក្លឹបគុនខ្មែរ 8888 ប្រហែលឲ្យរូបគេសម្រាកថែខ្លួនឲ្យល្អពេញលេញរហូតដល់ ១ឆ្នាំទើបអនុញ្ញាតឡើងប្រកួតវិញ។ ចំពោះការចំណាយលើការព្យាបាលគឺរ៉ាប់រងដោយក្លឹបផ្ទាល់តែម្ដង ខណៈក្លឹបក៏ព្យាយាមរកចំណូល និងជួយថវិកាមួយចំនួនដល់រូបគេអំឡុងពេលសម្រាកនេះផងដែរ៕
ប្រភព៖sabay
