ក្រុងម៉ិកស៊ិក៖ ក្រុមមន្ត្រីមកពីប្រទេសអាមេរិក ឡាទីនបាននិយាយកាលពីថ្ងៃពុធថា ស៊ុតហ្វូស៊ីល ក្រៀលបុរាណដែលមានអាយុចន្លោះពី ៨,០០០ទៅ ១២,០០០ ឆ្នាំ ត្រូវបានគេរកឃើញនៅការដ្ឋានសំណង់ដ៏មមាញឹកសម្រាប់ព្រលានយន្តហោះថ្មីក្នុងប្រទេសម៉ិកស៊ិក យោងតាមការចេញផ្សាយពីគេហទំព័រ VOA ។
នេះបើយោងតាមវិទ្យាស្ថានជាតិនរវិទ្យា និងប្រវត្តិសាស្រ្តរបស់ប្រទេសម៉ិកស៊ិក ឬ INAH បាននិយាយថា ស៊ុតនេះត្រូវរក្សាទុកគួរឲ្យកត់សម្គាល់ពីសម័យ Pleistocene គឺកម្រមិនគួរឲ្យជឿ ពីព្រោះវាជាការរកឃើញលើកដំបូង នៃប្រភេទរបស់សត្វមកពីគ្រួសារសត្វក្រៀល Phoenicopteridae នៅអាមេរិក និងជាលើកទីពីរក្នុងពិភពលោក ។
យុគសម័យភូគព្ភសាស្ត្រ Pleistocene ដែលជាយុគសម័យទឹកកកថ្មីបំផុត បានចាប់ផ្តើមកាលពី ២.៦ លានឆ្នាំមុន ហើយបានបញ្ចប់ប្រហែល ១១,៧០០ ឆ្នាំមុន។ INAH បាននិយាយថា ហ្វូស៊ីលស៊ុតសត្វក្រៀលត្រូវបានគេរកឃើញនៅជម្រៅ ៣១ សង់ទីម៉ែត្រ (១២.២ អ៊ីញ) ចំកណ្តាលដីឥដ្ឋ និងថ្មកំបោរកំឡុងពេលសាងសង់នៅអាកាសយានដ្ឋាន Felipe Angeles ថ្មីនៅរដ្ឋម៉ិកស៊ិក។
នេះបើយោងតាមអ្នកវិទ្យាសាស្ត្រម៉ិកស៊ិកថា ហ្វូស៊ីលស៊ុតបង្កប់ន័យថា តំបន់នេះជាទីតាំង នៃបឹងរាក់ចន្លោះពី៨,០០០ទៅ៣៣,០០០ឆ្នាំមុន ហើយសត្វក្រៀលធ្លាប់លូតលាស់នៅកណ្តាលម៉ិកស៊ិក។
ប្រភេទសត្វក្រៀលរបស់អាមេរិក នាពេលបច្ចុប្បន្ននេះ ត្រូវបានគេស្គាល់ថា មានរោមពណ៌ផ្កាឈូកភ្លឺ ត្រូវបានរកឃើញជាចម្បងនៅអាមេរិកខាងត្បូង តំបន់ការីប៊ីន ឧបទ្វីប Yucatan និងឆ្នេរសមុទ្រភាគអាគ្នេយ៍ នៃសហរដ្ឋអាមេរិក៕ ដោយ៖លី ភីលីព