ផ្សេងៗ

ទើបតែចេញ Escalade IQ ដែល​សាកពេញ​បើកបាន​ជាង ៧០០គ.ម កក្រើកមេឃដី មិន​បាន​ប៉ុន្មានផង ស្រាប់តែ GM ត្អូញត្អែរ​បែបនេះទៅវិញ

ក្រុមហ៊ុន GM (General Motors) មានមហិច្ឆតាយ៉ាងខ្ពស់​លើការ​ផលិតរថយន្តអគ្គិសនីក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាពិសេស​កាលពីពេលថ្មីៗនេះ GM ទើបតែ​បាន​បញ្ចេញ​រថយន្តអគ្គិសនី​ថ្មីគឺ Cadillac Escalade IQ 2025 ដែលសាកពេញ​ម្តង​អាច​បើកបាន​ដល់​ចម្ងាយជាង ៧០០គីឡូម៉ែត្រ​ឯណោះ។

យ៉ាងណា​មិញ ប្រធាន​ហិរញ​វត្ថុ​របស់ GM លោក Paul Jacobson បាន​និយាយ​ក្នុងសន្និសីទ​កាសែត​មួយ​កាលពីថ្ងៃទី៩ ខែសីហា​ថា ការ​ផលិត​រថយន្ត​អគ្គិសនី​បាន​ប្រឈម​មុខ​នឹង​ឧបសគ្គ​ជាច្រើន ដែល​មិនអាច​សម្រេច​ការផលិតតាមគោលដៅកំណត់។ ក្នុងនោះ​ផលិតកម្ម​ត្រូវបាន​រង​ឥទ្ធិពលដោយ​កង្វះ​ខាតអាគុយ និង​បញ្ហាផ្គត់ផ្គង់។

លោកបញ្ជាក់​ឱ្យដឹងថា GM បាន​ផលិត​រថយន្ត​ Lyriq SUV ជាង ១ពាន់គ្រឿង​កាលពីខែកក្កដា ដែល​ជាចំនួន​ទាប​​ជាងការរំពឹងទុក។ កាលពីឆ្នាំមុន ក្រុមហ៊ុន​មានគោលដៅ​ផលិត​រថយន្តម៉ូឌែលនេះ ឱ្យបាន​ដល់ ២ម៉ឺន ៥ពាន់គ្រឿង តែសម្រេចបានត្រឹមជាង ៨ពាន់គ្រឿងប៉ុណ្ណោះ។

ដើម្បីដោះស្រាយបញ្ហាទាំងនេះ GM បាន​ផ្តើម​ពង្រីក​រោងចក្រ​ផលិតអាគុយរបស់ខ្លួន​នាពេលខាងមុខ។ មកដល់ពេលនេះ GM មានរោងចក្រផលិតអាគុយ​ចំនួន៣កន្លែង​នៅសហរដ្ឋអាមេរិក ដោយចូលរួមគ្នាជាមួយក្រុមហ៊ុន LG Energy Solution។ ប៉ុន្តែមានតែ១កន្លែងប៉ុណ្ណោះ ដែលស្ថិតនៅរដ្ឋ Ohio បាន​នឹងកំពុង​ផលិត ខណៈរោងចក្រ២ទៀត​នៅ Tennessee និង Michigan រំពឹងថា​នឹងដំណើរការ​នៅឆ្នាំក្រោយ៕

Most Popular

To Top