ទើបតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីជោគជ័យក្នុងការចុះចតលើប៉ូលខាងត្បូងនៃភពព្រះចន្ទ ឥណ្ឌាកំពុងអនុវត្តមហិច្ឆតាថ្មីរបស់ខ្លួនមួយទៀត ដោយបញ្ជូនយានអវកាសទៅសិក្សាព្រះអាទិត្យជាលើកដំបូង។ គោលបំណងគឺដើម្បីសិក្សាបរិយាកាសផ្នែកខាងលើរបស់ព្រះអាទិត្យ និងបាតុភូតព្រះអាទិត្យផ្សេងៗ។
កាលពីថ្ងៃទី២ ខែកញ្ញា អង្គការស្រាវជ្រាវអវកាសឥណ្ឌា បានបាញ់បង្ហោះយានមួយឈ្មោះថា Aditya-L1 ដោយជោគជ័យ។ យានអវកាសនេះ ត្រូវបានកំណត់ឱ្យធ្វើដំណើរប្រហែល ១,៥លានគីឡូម៉ែត្រ រយៈពេល ៤ខែ។ ប្រសិនបើវាដំណើរការតាមការគ្រោងទុក វានឹងចូលដល់គន្លងមួយហៅថា Lagrange Point 1 ដែលស្ថិតនៅចន្លោះរវាងព្រះអាទិត្យ និងផែនដី ដោយសារទីតាំងនេះ អាចឱ្យ Aditya-L1 អាចរក្សាគន្លងរបស់វាបាន ក្នុងការអង្កេតសកម្មភាពព្រះអាទិត្យ។
យានអវកាសនេះ ត្រូវបានបំពាក់ជាមួយឧបករណ៍វិទ្យាសាស្រ្តចំនួន៧។ ក្នុងនោះ ៤ហើយ ដែលមានទិសដៅសម្រាប់សិក្សាព្រះអាទិត្យដោយផ្ទាល់ ក្រៅពីនោះ នឹងសិក្សាខ្យល់ និងដែនម៉ាញេទិចព្រះអាទិត្យ។
ព័ត៌មានដែលទទួលបានពីការពិសោធន៍របស់យានអវកាស Aditya-L1 នឹងផ្តល់នូវរូបភាពកាន់តែច្បាស់នូវអាកាសធាតុអវកាស ឬទិន្នន័យដែលត្រូវបានប្រើប្រាស់សម្រាប់ពណ៌នារលកម៉ាញេទិចដែលឆ្លងកាត់ប្រព័ន្ធព្រះអាទិត្យរបស់យើង។
ចំពោះបេសកកម្មនេះ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានសាទរដល់អ្នកវិទ្យាសាស្រ្ត និងវិស្វកររបស់អង្គការអវកាសនេះ ដោយបានលើកឡើងថា ជាការខិតខំលើវិទ្យាសាស្រ្តមិននឿយហត់ ដើម្បីស្វែងយល់ឱ្យបានច្រើនពីចក្រវាលសម្រាប់មនុស្សលោកទាំងមូល៕
ប្រភព៖sabay