“កំណើតឆ្កែ កែមិនឡើង” គឺជាពាក្យស្ដីបន្ទោសពេញនិយមរបស់មហាជនទៅលើអតីតតារាចម្រៀង ប៊ុត សីហា តាមរយៈសារបង្ហោះរបស់អ្នកស្រី ទ្រី ដាណា នៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ពោលគឺក្រោយមួយថ្ងៃ នៃការឃាត់ខ្លួនលោក ប៊ុត សីហា ពាក់ព័ន្ធករណីគ្រឿងញៀន នៅស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។

ក្រៅពីពាក្យស្ដីបន្ទោស និងបង្ហាញអារម្មណ៍សោកស្ដាយជំនួស ប៊ុត សីហា ដែលអ្នកស្រី ទ្រី ដាណាបានផ្ដល់លុយ និងឱកាសការងារដ៏ល្អត្រូវនឹងជំនាញរបស់ខ្លួនហើយ តែនៅបណ្ដោយខ្លួនឲ្យធ្លាក់ក្នុងអំពើអប្បាយមុខកាលពីពេលថ្មីៗនេះ ក៏មានអ្នកសិល្បៈមួយចំនួនបានបញ្ចេញអារម្មណ៍របស់ខ្លួនដែរ។ ក្នុងនោះ គឺមានដូចជា៖ ផលិតករភាពយន្ដ ហ៊ុយ យ៉ាឡេង លោក អ៊ឹម ជីវ៉ា កញ្ញា កែវ សុបញ្ញា លោក ចន ស៊ីណូរ៉ា លោក ម៉ៃ សុគន្ធ និងលោក គង់ វិសាល ជាដើម។

សម្រាប់លោក ហ៊ុយ យ៉ាឡេង និយាយថា ថ្នាំញៀនពិតខ្លាំងដែលអាចទាញ ប៊ុត សីហា មិនឲ្យកែខ្លួនបាន ខណៈដែលតារាសម្ដែង ចន ស៊ីណារ៉ូ និយាយថា បានត្រឹមតែសោកស្ដាយ និងអាណិតគាត់ គ្មានការគិតឃើញត្រូវ។ រីឯលោក អ៊ឹម ជីវ៉ា បានរៀបរាប់យ៉ាងវែងអន្លាយថា មួយជីវិតរបស់លោកដល់អាយុជាង ៤០ឆ្នាំនេះ មិនដែលមានវាសនាទទួលបានលុយ ៦ម៉ឺនដុល្លារជាអំណោយ និងឱកាសល្អដូច្នេះឡើយ ហើយបើបានមកលើរូបលោកវិញមិនដឹងថាដឹងគុណអ្នកជួយយ៉ាងណាទេ។ ទន្ទឹមគ្នានេះ កែវ សុបញ្ញា ក៏បានពោលពាក្យសោកស្ដាយស្រៀងនឹង អ៊ឹម ជីវ៉ា ដែរ ដោយកញ្ញាថា៖ “ហ៊ឹម…ស្ដាយទឹកចិត្ដ មនុស្សម្នាក់ៗខិតខំខ្លាំងណាស់ នេះមានឱកាសហើយម៉េចមិនចេះចាប់”។

ក្រោយពីនគរបាលប្រឆាំងគ្រឿងញៀន ចាប់ខ្លួនអតីតម្ចាស់ជយលាភីលេខ១ ក្នុងកម្មវិធីប្រឡងចម្រៀង The Voice Cambodia រដូវកាលទី១ ប៊ុត សីហា កាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅផ្សារត្រាំខ្នា ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ថៅកែហាងពេជ្រ និងជាអ្នកលក់ផលិតផលអនឡានដ៏ល្បី ទ្រី ដាណា បានទម្លាយថា អ្នកស្រីធ្លាប់ផ្ដល់លុយសុទ្ធចំនួន ៦ម៉ឺនដុល្លារ សម្រាប់ទិញឡាន និងផ្ដល់លុយមួយចំនួនទៀតសម្រាប់ទិញផ្ទះ ព្រមទាំងផ្ដល់ប្រាក់ខែយ៉ាងក្រាសក្រែងក្នុងការធ្វើបទចម្រៀងចេញដោយខ្លួនឯង។

អ្នកស្រី ទ្រី ដាណា មានអារម្មណ៍អន់ចិត្ដ ក្រោយពីទទួលដំណឹងថា ប៊ុត សីហា ត្រូវបានចាប់ខ្លួនជាថ្មីដោយសារគ្រឿងញៀន ហើយអ្នកស្រីក៏ចាប់ផ្ដើមនឹកដល់ពាក្យគេនិយាយប្រាប់គាត់ថា ក្នុងរយៈពេលដ៏ខ្លី ប៊ុត សីហា បានលក់ឡាន និងរបស់មានតម្លៃផ្សេងទៀតដែលជាជំនួយរបស់អ្នកស្រីដោយមិនដឹងមូលហេតុ។ ក្រោយពីនោះបទចម្រៀងក៏អ្នកស្រីលែងឃើញចេញនៅលើPage ហើយទូរសព្ទក៏លែងទាក់ទងបានតាំងពីពេលនោះ ទើបមកដល់ថ្ងៃទី១២ ខែកញ្ញា នេះក៏ស្រាប់តែទទួលដំណឹងថា ប៊ុត សីហា ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្ដង៕
ប្រភព៖sabay
