ធ្វើដំណើរចេញពីរាជធានីភ្នំពេញ ទៅខេត្តកំពង់ឆ្នាំង បច្ចុប្បន្ននេះគឺងាយស្រួលណាស់ដោយសារផ្លូវជាតិលេខ៥ សាងសង់រួចដោយបានពង្រីកធំជាងមុន ធ្វើឱ្យរាជធានី-ខេត្តទាំង២ កាន់តែខិតជិតគ្នា។
ការពិតទៅ ខេត្តកំពង់ឆ្នាំង មិនមែនត្រឹមតែជាខេត្តឆ្លងកាត់សម្រាប់អ្នកដំណើរនោះទេ ពោលគឺខេត្តនេះក៏សម្បូរទៅដោយរមណីយដ្ឋានជាច្រើនផងដែរ គ្រាន់តែថា រមណីយដ្ឋានល្បីៗមានតែពីរបីកន្លែងប៉ុណ្ណោះ។
ខេត្តកំពង់ឆ្នាំងមានរមណីយដ្ឋានជាច្រើនដូចខាងក្រោមនេះ៖
-ភ្នំក្រាំងដីមាសៈ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិសាស្រ្តឃុំស្វាយជ្រុំ និងឃុំស្រែថ្មី ស្រុករលាប្អៀរ។ ភ្ញៀវទេសចរ អាចជិះម៉ូតូ ឡាន តាមផ្លូវបេតុង ឡើងភ្នំនេះបាន ដោយនៅលើភ្នំនេះ មានវត្តមួយផងដែរ។
-ភ្នំនាងកង្រី: ស្ថិតក្នុងភូមិសាស្រ្តឃុំពោធិ និងឃុំត្រងិល ស្រុកកំពង់លែង។ ភ្ញៀវទេសចរអាចទៅទស្សនាទាំងរដូវប្រាំង និងរដូវវស្សា ប៉ុន្តែត្រូវឆ្លងទន្លេសាបតាមកំពង់ផែទេសចរណ៍នៅផ្សារក្រោម។
-ទឹកធ្លាក់ថ្មក្រាល: ស្ថិតក្នុងឃុំជៀប ស្រុកទឹកផុស មានចម្ងាយប្រមាណ ៥៧គ.ម ពីក្រុងកំពង់ឆ្នាំង។ ភ្ញៀវទេសចរអាចទស្សនា ងូតទឹកកម្សាន្ត ក៏ដូចជាស្រស់ស្រូបអាហារនៅទីកន្លែងមួយនេះ។
-ទឹកធ្លាក់ស្រែអំពិល: ស្ថិតនៅភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស មានចម្ងាយប្រមាណ ៥៨គ.ម ពីក្រុងកំពង់ឆ្នាំង។ ភ្ញៀវទេសចរអាចទៅទស្សនាលំហែកាយ និងងូតទឹកលេង ជាមួយទឹកធ្លាក់ធម្មជាតិដ៏សែនត្រជាក់ ។ ក្រៅពីនោះ ភ្ញៀវទេសចរអាចកម្សាន្ត នៅតំបន់ភ្នំដែលមានទេសភាពស្រស់បំព្រង។
-ភ្នំព្រះធាតុ: ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ មាន ចម្ងាយប្រមាណ ៨៤ គ.ម. ពីក្រុងកំពង់ឆ្នាំង។ ភ្ញៀវទេសចរ អាចទៅកម្សាន្តយ៉ាងសប្បាយរីករាយលើថ្មស្រស់ស្អាត និងធំៗ រួមជាមួយនឹងម្លប់ឈើធំៗ ត្រជាក់ត្រឈឹង ត្រឈៃជាទីមនោរម្យ។ ពេលទៅដល់កំពូលភ្នំ ភ្ញៀវទេសចរនឹងបានទស្សនានូវទេសភាព វាលស្រែ បឹងបួរ ដើមត្នោតដ៏ស្រស់ត្រកាល។ ភ្នំព្រះធាតុគឺជាទីសក្ការៈបូជាដ៏ពូកែស័ក្តិសិទ្ធ និងជាតំបន់រមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ។
-វត្តត្រឡែងកែង: ស្ថិតនៅភូមិស្រះចក ឃុំលង្វែក ស្រុកកំពង់ត្រឡាច មានចម្ងាយប្រមាណ ៥១ គ.ម ពីក្រុងកំពង់ឆ្នាំង។ វត្តត្រឡែងកែងជាវត្តដែលមានវ័យចំណាស់ជាងគេនាយុគ្គសម័យលង្វែក ១៥២៥-១៥៩៥ មានឈ្មោះថា ព្រះវិហារមណ្ឌល កសាងឡើងក្នុងរជ្ជកាលព្រះបាទអង្គច័ន្ទរាជា ១៥២៥-១៥៦៧ ដើម្បីឧទ្ទិសដល់ជ័យជំនះរបស់ទ្រង់ ក្នុងការធ្វើសឹក សង្គ្រាមប្រឆាំងនឹងការគ្រងរាជ្យសម្បត្តិរបស់ស្តេច កន និងជ័យជំនះលើពួកបច្ចាមិត្តបរទេសដែលចូលមកលុកលុយប្រទេសខ្មែរនាសម័យនោះ។
ក្រៅពីនេះ ខេត្តកំពង់ឆ្នាំងក៏មានប្រាសាទកំពង់ព្រះ ប្រាសាទស្រី ប្រាសាទសក្ល ឬប្រាសាទប្រុស ប្រាសាទពណ្ណរាយ ប្រាសាទភ្នំទេពី ភ្នំស្តេចសោយដោះ និងទំនប់តាកុយ ព្រមទាំងរមណីយដ្ឋានកំពង់ត្រឡាច។ ជាមួយគ្នានេះ ខេត្តកំពង់ឆ្នាំងក៏មានកន្លែងកម្សាន្តមួយចំនួនទៀតដែលវិនិយោគដោយវិស័យឯកជនផងដែរ៕
ប្រភព៖sabay