ភ្នំពេញ ៖លោក អង្គ វង្ស វឌ្ឍានា ប្រធានក្រុមការងារចុះជួយស្រុកមោងឫស្សី និង លោក កើត រិទ្ធ អនុប្រធានទី១ នៃក្រុមការងារចុះជួយស្រុកមោងឫស្សី នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការពិនិត្យ វាស់ភ្នែក និងកាត់វ៉ែនតាដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋស្រុកមោងឫស្សី។ ការពិនិត្យ វាស់ភ្នែក និងកាត់វ៉ែនតា ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋស្រុកមោងឫស្សីនេះ ត្រូវបានធ្វើឡើងក្នុងរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី៣០ ខែកញ្ញា និងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ដោយក្រុមគ្រូពេទ្យឯកទេសភ្នែកស្ម័គ្រចិត្តរបស់ក្រុមការងារចុះជួយស្រុកមោងឫស្សី ដែលស្ថិតក្រោមការដឹកនាំ និងសម្របសម្រួលរបស់លោក ជិត ប៉ុណ្ណារ៉ា និងលោកស្រី។
លោក កើត រិទ្ធ បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ជិត ប៉ុណ្ណារ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តទាំងអស់ ដែលបានចំណាយទាំងពេលវេលា និងថវិកា ផ្ទាល់ខ្លួនដើម្បីចុះមកពិនិត្យ វាស់ភ្នែក និងកាត់វ៉ែនតាដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកមោងឫស្សី។
ទន្ទឹមនេះ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរដល់ ប្រជាពលរដ្ឋស្រុកមោងឫស្សី ដែលតែងតែផ្តល់នូវស្នាមញញឹម ការទទួលរាក់ទាក់ និងការជឿទុកចិត្តដល់ក្រុមការងារចុះជួយស្រុកមោងឫស្សីរហូតមក។ ជាមួយនេះ លោក កើត រិទ្ធ បានបញ្ជាក់ថា ដរាបណាប្រជាពលរដ្ឋស្រុកមោងឫស្សី នៅតែផ្តល់ស្នាមញញឹម និងជឿទុកចិត្តលើក្រុមការងារចុះជួយស្រុកមោងឫស្សី, ក្រុមការងារចុះជួយស្រុកមោងឫស្សី នឹងនៅតែខិតខំស្វែងរកនូវមធ្យោយបាយនានា ដើម្បីជាប្រយោជន៍ជូនប្រជាពលរដ្ឋស្រុកមោងឫស្សីជានិច្ច។
សូមបញ្ជាក់ផងដែរ ការពិនិត្យ វាស់ភ្នែក និងព្យាបាលរយៈពេល២ថ្ងៃនេះ ជាលលទ្ធផលបាន ចែកវ៉ែនតាជូនដល់ប្រជាពលរដ្ឋ ចំនួន១០៩១វ៉ែនតា ផ្តល់ថ្នាំព្យបាលភ្នែក ចំនួន១៥៣នាក់ និងរកឃើញបាយភ្នែក ចំនួន៥៤នាក់ និងកន្ទុយថ្លែន ចំនួន៧នាក់ ដែលនឹងត្រូវបន្តបញ្ជូនទៅធ្វើការវះកាត់ និងព្យាបាល ដោយអត់គិតកំរៃនៅមន្ទីពេទ្យបង្អែក ខេត្តពោធិសាត់។
ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តទាំងអស់ របស់លោក ជិត ប៉ុណ្ណារ៉ា និងលោកស្រី នឹងបន្តបេសកកម្មមនុស្សធម៍របស់ខ្លួន ជារៀងរហូតដើម្បីបំរើប្រជាពលរដ្ឋកម្ពុជានៅគ្រប់ទិសទី៕



















