ផ្សេងៗ

កាលពីមុន ពិធីបុណ្យភ្ជុំបិណ្ឌ​ប្រារព្ធឡើង ៣ខែឯណោះ ព្រោះមូលហេតុ​មួយ

ប្រជាជនខ្មែរតែងប្រារព្ធធ្វើពិធីកាន់បិណ្ឌជារៀងរាល់ឆ្នាំ ដោយគិតចាប់ពីថ្ងៃ១រោចខែ ភទ្របទ ទៅដល់ថ្ងៃ១៤រោចខែភទ្របទ គឺមានរយៈពេល១៤ថ្ងៃ (យើងតែងនិយមហៅថា ថ្ងៃបិណ្ឌ ១ បិណ្ឌ២…បិណ្ឌ១៤) និងថ្ងៃទី១៥ ជាថ្ងៃចុងក្រោយហៅថា ពិធីបុណ្យភ្ជុំបិណ្ឌ។

រំលឹកតាមសង្ឃដីការបស់ព្រះសពសម្ដេចព្រះមង្គលទេពាចារ្យ អ៊ុំស៊ុម បានឲ្យយើងដឹងថា៖ តាំងពីដើមឡើយគេប្រារព្ធធ្វើពិធីបុណ្យកាន់បិណ្ឌរយៈពេល ៣ខែ ព្រោះដើម្បីជួយសម្រួលដល់ការលំបាកក្នុងការនិមន្តបិណ្ឌបាត្ររបស់ ព្រះសង្ឃនារដូវស្សាដែលពោរពេញទៅដោយភក់ជ្រាំ និងទទឹកដល់ស្បង់ចីវរ ។ ប៉ុន្តែអាស្រ័យដោយមានបម្រែបម្រួលនិងបំលាស់ប្ដូរស្ថានភាពសង្គមសេដ្ឋកិច្ចរបស់ប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយជំនាន់ទៅមួយជំនាន់ក៏បានធ្វើឲ្យការកាន់បិណ្ឌចេះតែខើចទៅៗ រហូតនៅសល់រយៈពេល១៥ថ្ងៃប៉ុណ្ណោះ។

ក្នុងរយៈពេល១៥ថ្ងៃនៃពិធីកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌនេះ ប្រជាជនខ្មែរតែងតែឆ្លៀតពេលទៅវត្តយ៉ាងហោចណាស់ក៏បានទៅវត្តចំនួនម្ដងដែរ ទោះបីជាមានការមមាញឹកក្នុងការងារចិញ្ចឹមជីវិតយ៉ាងណាក៏ដោយ បើពុំនោះទេអ្នកទាំងនោះនិងត្រូវបងប្អូនជីដូន ជីតា ដែលបានស្លាប់ទៅជេរដាក់បណ្ដាសា ឲ្យរងទុក្ខវទនា ក្រីក្រលំបាកព្រោះប្រេតទាំងនោះត្រូវដើររកកុសល ផលបុណ្យមានជាទានម្ហូបអាហារនៅតាមទីវត្តអារាមនានាបើមិនឃើញទេនឹងខឹងសម្បាជាមិនខានឡើយ។

សូមជម្រាប​ថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ”ត្រូវបានចែងក្នុងមាត្រា៤៣ជំពូកទី៣ នៃរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជា ដែលសមស្របទៅតាមផ្នត់គំនិត ចំណង់ចំណូលចិត្តនិងប្រពៃណីទំនៀមទម្លាប់តាំងពីបុរាណកាលយូរលង់ណាស់មកហើយនៃដូនតាខ្មែរ ។ អាស្រ័យដោយពុទ្ធសាសនាត្រូវបានចាត់ទុកថាជាសាសនាផ្លូវការទើបពិធីបុណ្យនីមួយៗនៅក្នុងសាសនាព្រះពុទ្ធ បានក្លាយជាបុណ្យប្រពៃណីជាតិហើយបានក្លាយជាថ្ងៃឈប់សម្រាករបស់ជាតិ ដោយស្របច្បាប់ ។ ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យដ៏ធំមួយក្នុងចំណោមពិធីបុណ្យធំៗ ជាច្រើននៅក្នុងពិធីបុណ្យប្រពៃណីជាតិខ្មែរដែលត្រូវបានប្រារព្ធ ធ្វើឡើងជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយ៕

ប្រភព៖sabay

Most Popular

To Top