ពេលធ្វើដំណើរកម្សាន្តទៅទីណាក៏ដោយ គឺមិនអាចកាត់ផ្តាច់ចេញបានឡើយនូវការថតរូបលេងកម្សាន្តច្រើនបែបគ្រប់ស្ទាយ៍ទាំងអស់ក្នុងសម័យដែលមានការប្រើប្រាស់បណ្តាញសង្គមនេះ។

គ្រប់ស្មាតហ្វូនទាំងអស់ គឺសុទ្ធតែមានកាមេរ៉ាមកជាមួយ ងាយស្រួលថតរូបបំផុត។ ប៉ុន្តែរូបដែលបានថតចេញមក មិនប្រាកដថាស្អាតទទួលយកបាននោះទេ។ ដូច្នេះយើងសូមបង្ហាញតិចនិកមួយចំនួនក្នុងការថតរូបតាមទូរសព្ទឱ្យបានស្អាតដើម្បីយកទៅបង្ហោះតាមបណ្តាញសង្គម ដូចខាងក្រោមនេះ៖
១. ពេលវេលា៖ បើអាច គួរថតពេលព្រឹក ឬពេលល្ងាច (ថ្ងៃរះ ឬថ្ងៃលិច) ព្រោះជាពេលដែលមានពន្លឺស្រទន់ អំណោយផលដល់ការថតរូប។ បើថតពេលមានថ្ងៃត្រង់ដែលមានពន្លឺព្រះអាទិត្យចាំងចែងខ្លាំង នឹងធ្វើឱ្យរូបថត ឬរូបភាពឆេះ ហើយបើថតមនុស្ស គឺរូបមនុស្សនោះនឹងខ្មៅ។

២. អាកាសធាតុ៖ អ្នកអាចប្រើប្រាស់ឱកាសធម្មជាតិនេះដែលមានដូចជា ភ្លៀង រលឹមស្រិចៗ ធ្លាក់ខ្យល់ មានពពកខ្មៅ ឬមេឃស្រទុំជាដើម ក្នុងការបង្កើតគំនិតច្នៃប្រឌិតនៃការថតរូបបន្ថែមទៀត។

៣. ទីតាំង៖ ត្រូវគិតពីគោលដៅរមណីយដ្ឋានដែលលោកអ្នកនឹងទៅ ថាតើជាប្រភេទឆ្នេរសមុទ្រ ទឹកជ្រោះ ភ្នំ សួនទឹក ឬសួនសត្វជាដើម ហើយពេលទៅដល់ទីតាំងនោះ គួរព្យាយាមរក Background សម្រាប់ថតរូប (Background ដែលមិនសូវមានគេថត) ជាពិសេស គឺព្យាយាមកុំឱ្យថតជាប់មនុស្សច្រើន។ បើសិនជាអាច អាចស្វែងរកបន្ថែមនូវរបៀបថតរូបតាមប្រភេទរមណីយដ្ឋាននីមួយៗនៅលើបណ្តាញអ៊ីនធើណែត។

៤. របៀបប្រើកាមេរ៉ាទូរសព្ទ៖ ការថតរូបជាទូទៅ គឺបញ្ឈរ និងផ្តេក អាស្រ័យលើអ្នកផ្ទាល់ថាចូលចិត្តមួយណា មិនថាជា Portrait ឬ Landscape នោះទេ។ បើអ្នកជា Professional អាចជ្រើសរើស Manual Mode ប៉ុន្តែសម្រាប់ទូទៅ គឺគ្រាន់តែថតអូតូធម្មតាទៅបានហើយ គ្រាន់តែបន្ថែម HDR Mode និងអនុវត្តរូបមន្ត Rule of Thirds ជាដើម ដើម្បីជាជំនួយ។

៥. មុនចុចថត ត្រូវគិតពី Story Telling៖ ដើម្បីឱ្យរូបថត ឬរូបភាពរបស់អ្នកកាន់តែមានខ្លឹមសារ ពោលគឺមុនចុចថត គួរគិតជាមុនសិនថា តើអ្នកចង់បង្ហាញអ្វីដល់អ្នកដទៃនូវរូបរបស់អ្នក។

៦. ថតប្លង់ដដែល គ្រាន់តែឆ្លាស់ទីតាំង៖ ស្រឡាញ់ទេសភាព ឬ Background មួយហ្នឹង តែពេលថតចេញមកមិនសូវស្អាត ឬមិនសូវពេញចិត្ត។ អ៊ីចឹងអ្នកអាចឆ្លាស់ទីតាំងឆ្វេងស្តាំលើក្រោម សារ៉េតិចៗ ហើយប្រៀបធៀបគ្នាមើល។

៧. ប្រើ App ជំនួយ៖ ប្រសិនបើអ្នកនៅស្ទើរចិត្តចំពោះរូបរបស់អ្នក ដូចជា ស្ទើពន្លឺ ឬស្ទើពណ៌ជាដើមនោះ អ្នកអាចដោនឡូត App សម្រាប់ Edit បន្ថែមតាមចិត្តចង់បាន៕

ប្រភព៖sabay
