ក្រសួងធនធានទឹក និងឧតុនិយម ត្រៀមបើកប្រតិបត្តិការឆាប់ៗខាងមុខនេះ នូវការដ្ឋានគម្រោងពង្វាង និងរំដោះទឹក ចេញពីភូមិសាស្រ្តរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន ដើម្បីកាត់បន្ថយជំនន់ទឹកភ្លៀងឱ្យបានលឿនរហ័ស។

ក្នុងពេលដឹកនាំមន្រ្តីចុះត្រួតពិនិត្យការដ្ឋានគម្រោងទាំងនេះ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា គម្រោងនេះគឺដើម្បីធ្វើការដោះទឹក និងបង្វែរទឹកឱ្យបានឆាប់បំផុតចេញពីរាជធានីភ្នំពេញទៅតាមគ្រប់ច្រកទាំងអស់ចូលទៅក្នុងអាងទន្លេបាសាក់ ទន្លេមេគង្គ និងទន្លេសាប ដែលអាចជួយកាត់បន្ថយនូវហានិភ័យ នៃជំនន់គ្រប់ប្រភេទលើទីក្រុងភ្នំពេញ បណ្តាមូលដ្ឋានសំខាន់ៗក្នុងខេត្កកណ្តាល ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ។

ជាមួយគ្នានេះក៏មានការបំពាក់បច្ចេកវិទ្យាកម្រិតខ្ពស់ ប្រកបដោយភាព ស័ក្តិសិទ្ធិក្នុងការកែលម្អអាងទឹកធំៗ បន្ថែមទៀតក្នុងខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ដើម្បីស្តុកទឹកនិងទប់ទឹកទុកឱ្យបានច្រើន សម្រាប់បម្រើឱ្យការផលិតឱ្យបានបីដង បម្រើឱ្យវិស័យអេកូទេសចរណ៍និងវិស័យផ្សេងៗទៀតនិងទប់ទល់ការប្រែប្រួលអាកាសធាតុ។

សូមបញ្ជាក់ថា ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានយល់ព្រមពង្រឹងនិងពង្រីកកិច្ចសហប្រតិបតិ្តការបន្ថែមទៀត និងបានអនុញ្ញាតយល់ព្រមឱ្យសាលារាជធានីភ្នំពេញ និងក្រសួង សាធារណការនិងដឹកជញ្ជូនធ្វើការបន្តឱ្យបានកាន់តែឆាប់លើកិច្ចការរំដោះទឹកចេញពីផ្ទៃក្នុងទីក្រុងភ្នំពេញ និងបន្តពង្រីកបរិមាណនៃការចម្រោះទឹកកខ្វក់ឱ្យបានច្រើន និងត្រឹមត្រូវតាមនិយាមកម្រិត ISO មុនបង្ហូរចូល ទៅក្នុងបណ្តាអាងទន្លេ៕


ប្រភព៖sabay
