ផ្សេងៗ

ខ្លោងទ្វារ​ខាងលិច ​ប្រាសាទបន្ទាយក្តី លេចរូបរាងតាម​លំនាំដើមហើយ

តាមរយៈក្រុមអ្នកជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ជាស្ថាពរនូវការងារជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី ដោយបានរៀបផ្គុំថ្មទៅតាមលំនាំរូបរាងដើមនៃខ្លោងទ្វារឡើងវិញ ដើម្បីលើកតម្លៃសំណង់បុរាណ។

លោកស្រី នេត ស៊ីមន បុរាណវិទូ និងជាអ្នកមើលការខុសត្រូវនៅការដ្ឋានជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី បានឱ្យដឹងថា ការងារជួសជុលនៅខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តីនេះ ត្រូវបានអនុវត្តចំនួនពីរដំណាក់កាល។

ដំណាក់កាលទីមួយ នៅក្នុងឆ្នាំ២០២០ ដោយចាប់ផ្តើមប្រមូលឯកសារ សិក្សាអំពីរូបរាង សម្រង់ប្លង់ សិក្សាអំពីហានិភ័យរបស់ខ្លោងទ្វារ និងចុះបញ្ជីថ្មនៅរាយប៉ាយជុំវិញខ្លោងទ្វារ។

ដំណាក់កាលទីពីរ ចាប់ផ្តើមពីឆ្នាំ២០២២មក អនុវត្តគម្រោងជួសជុលពង្រឹងតែម្តង មានការងាររុះរើថ្មទាំងអស់ ចាប់ពីគ្រឹះរហូតដល់កំពូលខាងលើ ទើបរៀបចំពង្រឹងគ្រឹះផ្គុំទៅតាមលំនាំដើមវិញ និងបានបញ្ចប់ការជួសជុលជាស្ថាពរនាចុងឆ្នាំ២០២៣។

លោកស្រីថា បញ្ហាប្រឈមជាច្រើននៅក្នុងពេលរៀបផ្គុំថ្មឡើងវិញ ដោយសារថ្មបុរាណតែងមានល្បាក់។ក្រោយបញ្ចប់ការងារជួសជុលជាស្ថាពរ អ្នកជំនាញរំពឹងថា ខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី និងរឹងមាំឡើងវិញ ធានាសុវត្ថិភាពសម្រាប់ទេសចរឆ្លងកាត់ និងចូលមកផ្តិតយករូបភាពដ៏ស្រស់ស្អាតនៅទីនេះ។ ជាពិសេសបានលើកតម្លៃសំណង់បុរាណ រក្សាស្នាដៃទុកជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ។

សូមរំឮកថា ដោយសារកត្តាអាយុកាលនៃសំណង់ ធម្មជាតិ និងមនុស្ស បានធ្វើឱ្យខ្លោងទ្វារខាងលិចរបស់ប្រាសាទបន្ទាយក្តី មុនការងាររុះរើជួសជុលឡើងវិញ មានស្ថានភាពទ្រុឌទ្រោមខ្លំាង តួប៉មខាងលើនៃប្រាង្គកណ្តាលបានរលុះអស់ នៅសល់តែមុខព្រហ្មចំនួនពីរប៉ុណ្ណោះ។ ចំណែកស្លាបសងខាង នៃថ្មដំបូលបានរលុះធ្លាក់អស់មួយចំនួន ហើយថ្មជញ្ជាំងបានក្រៀកហែកស្ទើរតែរលុះធ្លាក់មួយភាគធំទៅហើយ។ បន្ទាប់ពីការយកចិត្តទុកដាក់របស់អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ធ្វើឱ្យខ្លោងទ្វារដែលមានសភាពទ្រុឌទ្រោមមួយនេះ ប្រែមកជារឹងមាំ ស្រស់ស្អាត អាចឱ្យភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់ចូលទស្សនាប្រាសាទបន្ទាយក្តីតាមច្រកខាងលិចឡើងវិញ៕

ប្រភព៖ sabay

Most Popular

To Top