កើតហេតុភេទមិនសូវល្អតាំងពីដើមដំបូង នៃដំណើរការចាក់បញ្ចាំងខ្សែភាពយន្ដ រឿង “ម៉ែក្រឡាភ្លើង”។ មុនទទួលបានជោគជ័យខ្លាំងលើការលក់សំបុត្រដាច់ជាងគេក្នុងចំណោមខ្សែភាពយន្ដខ្មែរនៅកម្ពុជាកាលពីឆ្នាំ២០២៣ ម្ចាស់ខ្សែភាពយន្ដនេះ ត្រូវបានគេចោទថា លួចចម្លងបទចម្រៀងគេទៅដាក់ក្នុងរឿងរបស់ខ្លួន។
ថ្មីៗនេះមានមតិពីក្រៅប្រទេសខ្លះលើកឡើងថា ភាពបរាជ័យលើការចាក់បញ្ចាំងរឿង “ម៉ែក្រឡាភ្លើង” នៅស្រុកថៃ គឺមកពីរឿងនេះស្រដៀងនឹងរឿងថៃដែលបានផលិតជាយូរមកហើយ រហូតធ្វើឲ្យជនជាតិថៃមួយចំនួនចោទថាបានលួចចម្លងពីគេទៀតផង។
ផ្ទុយពីការលើកឡើងនេះ ផលិតករ និងអ្នកជំនាញយល់ថា ការមិនទទួលបានជោគជ័យលើការចាក់បញ្ចាំងនៅក្រៅស្រុក ជាពិសេសនៅក្នុងប្រទេសថៃនោះ ក៏ដោយសារតែបញ្ហាក្ដាប់ឱកាស ឬទីផ្សារឧស្សាហកម្មភាពយន្ដមិនបានត្រឹមត្រូវ ខណៈដែលរឿងស្រដៀងគ្នានេះត្រូវបានផលិតករថៃបានផលិត និងចាក់បញ្ចាំងនៅស្រុកគេរួចទៅហើយ។
ប្រធាននាយកដ្ឋានភាពយន្ដ និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោក ប៉ុក បូរក្ស បានលើកឡើងនូវទស្សនៈផ្ទាល់ខ្លួនថា គ្រប់ខ្សែភាពយន្ដដែលបានអនុញ្ញាតឲ្យចាក់បញ្ចាំងទាំងនៅកម្ពុជា និងនៅក្រៅប្រទេស គឺសុទ្ធតែឆ្លងកាត់ការត្រួតពិនិត្យគុណភាពពីក្រសួងសាមី នៃប្រទេសនីមួយៗរួចទៅហើយ។
ដូច្នេះបើនិយាយថា មានការលួចចម្លង ឬភាពយន្ដមិនត្រូវស្ដង់ដា គឺមិនត្រឹមត្រូវឡើយ។ ប៉ុន្ដែអ្វីដែលលោកមើលឃើញចំណុចខ្វះខាត ឬបរាជ័យរបស់រឿង”ម៉ែក្រឡាភ្លើង” គឺម្ចាស់ផលិតកម្មក្ដាប់ទីផ្សារភាពយន្ដក្រៅស្រុកមិនបានច្បាស់ ឬកំណត់ថាតើរឿងណាមិនគួរដាក់ ឬរឿងណាគួរដាក់ឲ្យត្រូវស្ថានភាពទីផ្សារ និងទំនោរអ្នកទស្សនា។
ចំពោះចាងហ្វាងផលិតកម្ម Sastra film និងជាម្ចាស់ខ្សែភាពយន្ដរឿង “ម៉ែក្រឡាភ្លើង” លោកស្រី ប៊ុន ចាន់និមល បានបញ្ជាក់ជំហរថា “ម៉ែក្រឡាភ្លើង” ត្រូវបានផលិតឡើងដោយក្រុមការងារលោកស្រីដែលជាកូនខ្មែរ មិនបានលួចចម្លងស្នាដៃសាច់រឿង ឬបទចម្រៀងពីអ្នកណាឡើយ។ ការបរាជ័យក្នុងការចាក់បញ្ចាំងនៅក្នុងប្រទេសថៃនេះ ត្រូវបានលោកស្រីចាត់ទុកថា ជាការបរាជ័យមុនឡើងសង្វៀនប្រកួត ព្រោះរោងកុនភាគច្រើនមិនបានផ្ដល់ម៉ោងចាក់បញ្ចាំង។
គិតត្រឹមម៉ោង ១១កន្លះព្រឹក ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ Sabay បានព្យាយាមទាក់ទងទៅកាន់លោកស្រី ប៊ុន ចាន់និមល ទាំងតាមរយៈទូរស័ព្ទ និងបណ្ដាញសង្គមតេឡេក្រាម ប៉ុន្ដែមិនទាន់ត្រូវបានលោកស្រីឆ្លើយតបនៅឡើយ។ ប៉ុន្ដែតាមរយៈសារព័ត៌មានក្នុងស្រុក លោកស្រី ប៊ុន ចាន់និមល អះអាងថាខ្លួនមិនបាក់ទឹកចិត្ដ ឬដើរថយក្រោយក្នុងការផលិតខ្សែភាពយន្ដថ្មីៗរបស់ខ្លួនសម្រាប់មហាជនទាំងក្នុង និងក្រៅប្រទេសឡើយ ព្រោះគោលដៅមិនតម្រូវតែអ្នកទស្សនានៅប្រទេសថៃទេ គឺមានប្រទេសផ្សេងទៀតដែលផលិតកម្មគ្រោងនឹងបញ្ចេញទៅចាក់បញ្ចាំងជាបន្ដបន្ទាប់។
បរាជ័យ ឬផ្ទុះមតិចម្រូងចម្រាស់គ្នាលើការចាក់បញ្ចាំងខ្សែភាពយន្ដ រឿង “ម៉ែក្រឡាភ្លើង” គឺអាចកើតចេញពីការរើសអើង ឬអនុវត្ដមិនស្មើភាពគ្នាក្នុងនាមជាប្រទេសជិតខាងដែលប្រទេសថៃមានកិច្ចសហប្រតិបត្ដិការជាមួយគ្នា ជាពិសេសលើវិស័យភាពយន្ដ។ លោកស្រី ប៊ុន ចាន់និមល យល់ថា មតិលើកឡើងពីប្រជាជនថៃដែលអភិរក្សជ្រុលនិយម បានធ្វើឲ្យខ្សែភាពយន្ដ វប្បធម៌ ឬទំនៀមទម្លាប់ នៃការស្លៀកពាក់ជាដើមដែលប្រជាជនរបស់ប្រទេសទាំងពីរមានស្រដៀងគ្នានោះ ហើយត្រូវសិក្សាឲ្យយល់ច្បាស់ពីការពិតលើរឿងមួយៗនោះ បែរចោទទៅជាការលួចចម្លងគ្នាទៅវិញ។
បើតាមការបញ្ជាក់ពីមន្ដ្រី នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខ្សែភាពយន្ដខ្នាតធំរបស់ថៃដែលនាំចូលមកចាក់បញ្ចាំងនៅកម្ពុជា មានប្រមាណជា ២០រឿងក្នុង១ឆ្នាំៗ។ រីឯខ្សែភាពយន្ដខ្នាតធំរបស់ខ្មែរដែលបានយកចេញទៅចាក់បញ្ចាំងនៅប្រទេសថៃវិញ គឺមានប្រមាណជា ៥រឿងក្នុង១ឆ្នាំៗ។ ដោយផ្អែកលើតួលេខនេះហើយ ទើបផលិតករ និងអ្នកជំនាញលើវិស័យភាពយន្ដមួយចំនួន បានសំណូមពរឲ្យរដ្ឋាភិបាល ឬក្រសួងសាមីរបស់ប្រទេសទាំងពីរមានការបើកច្រកកាន់តែទូលាយសម្រាប់ការនាំចេញ ឬនាំចូលចាក់បញ្ចាំងនូវខ្សែភាពយន្ដគ្រប់ទម្រង់នៅក្នុងផ្ទៃប្រទេសទាំងពីរ៕ ប្រភព៖sabay