ភ្នំពេញ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានមានប្រសាសន៍ថា ប្រភេទទូកកានូ និងប្រភេទទូករ៉ូអ៊ីងជាប្រភេទកីឡាទូកកម្រិតអូឡាំពិកជាពិភពលោកទៅហើយ សម្រាប់កម្ពុជាយើងកុំអាលសំឡឹងទៅដល់កម្រិតពិភពលោក ព្រោះយើងត្រូវការអភិវឌ្ឍមានរយៈពេលយូឆ្នាំទៀត យើងគួរយកចិត្តទុកដាក់នោះ គឺការបង្កើនភាពខ្លាំងត្រឹមកម្រិតអាស៊ានជាមុនសិន។
អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានលើកឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា អាណត្តិទី៥ ២០២៤-២០២៨ លើកទី១ ឆ្នាំ២០២៤ នារសៀលថ្ងៃទី៥ ខែ មីនា ឆ្នាំ២០២៤ ។
លោកអភិសន្តិបណ្ឌិត បានបន្តថា យើងគួរតម្រង់ទិសងាកមកចូលរួមការប្រកួតក្នុងតំបន់អាស៊ានឲ្យបានច្រើន។ អាណត្តិថ្មីនេះយើងចាំបាច់ត្រូវតែបណ្តុះថ្នាលឲ្យបានច្រើន ដើម្បីឲ្យកីឡាករ-កីឡាការិនីយើងមានសក្កានុពលក្នុងការប្រកួតប្រជែង ហើយលោកមានគម្រោងស្នើរសុំគ្រូបង្វឹកចិន និងបញ្ជូនកីឡាករ-កីឡាការិនីទូកទៅហ្វឹកហាត់នៅប្រទេសចិនតាមរយៈសមាគមន៍ចិន និងស្ថានទូតដើម្បីពង្រឹងសមត្ថភាពសត្រៀមការប្រកួតកីឡា SEA GAME លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ និងកីឡាអូឡាំពិកយុវជនអាស៊ីឆ្នាំ២០២៩ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ទន្ទឹមនោះសម្រាប់ការប្រមូលផ្តុំហ្វឹកហាត់របស់កីឡាករ-កីឡាការិនីប្រចាំឆ្នាំនេះ លោកនឹងស្វែងរកកន្លែងសមគួរ ដើម្បីសាងសងកន្លែងស្នាក់សម្រាប់ការហ្វឹកហាត់របស់កីឡាករ-កីឡាការិនីទូក ដែលជាទិសដៅហ្វឹកហាត់ថ្មីនៅខេត្តស្វាយរៀង។លោកក៏បានរំលឹកទៅដល់ថ្នាក់ដឹកនាំទូក ទទួលបន្ទុកលើកម្មវិធីហ្វឹកហាត់ និងបណ្តុះបណ្តាលត្រូវយកចិត្តទុកដាក់លើតាមដានមើលការហ្វឹកហាត់ជាប្រចាំ ក្នុងនោះក៏មានការធ្វើតេសកីឡាករការិនីជាប្រចាំផងដែរ។
លោកបានយកចិត្តទុកដាក់ និងធ្វើការស្នើរសុំសហព័ន្ធទូកអន្តរជាតិនាំយកអ្នកជំនាញមកជួយបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រម និងមន្ត្រីបច្ចេកទេសទូក ដើម្បីអភិវឌ្ឍសមត្ថភាពប្រែក្លាយជាកម្រិតអន្តរជាតិ ខណៈបច្ចុប្បន្នអាជ្ញាកណ្តាលអន្តរជាតិទើបតែមាន៣នាក់ប៉ុណ្ណោះ។ ជុំវិញការខ្វះខាតសម្ភារៈហ្វឹកហាត់សម្រាប់កីឡាករ-កីឡាការិនីហ្វឹកហាត់នៅពេលប្រមូលផ្តុំ ក្នុងនាមជាប្រធានសហព័ន្ធនឹងជួយដើម្បីឲ្យការហ្វឹកហាត់ប្រព្រឹត្តិទៅដោយភាពល្អប្រសើ។ ដោយ៖លី ភីលីព







