ផ្សេងៗ

TikTok Facebook និងសេវាបរទេសផ្សេងទៀត បង់ពន្ធ ៥៧៥ លានឲ្យវៀតណាម

xinhua

វៀតណាម៖ យោងតាមអគ្គនាយកដ្ឋានពន្ធដារវៀតណាម បានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សដែលផ្តល់សេវារួមមាន ក្រុមហ៊ុន Google ក្រុមហ៊ុន Facebook និងក្រុមហ៊ុន TikTok បានបង់ពន្ធជាទឹកប្រាក់ចំនួន ១៤.៥៧២ ពាន់ពាន់លានដុង ស្មើនឹងទឹកប្រាក់ចំនួន ៥៧៥ លានដុល្លារអាមេរិក។

ទិន្នន័យពីអគ្គនាយកដ្ឋានពន្ធដារបង្ហាញថា បច្ចុប្បន្នអ្នកផ្តល់សេវាបរទេសចំនួន ៩៤ ត្រូវបានចុះឈ្មោះដើម្បីបង់ពន្ធតាមរយៈវិបផតថលអេឡិចត្រូនិច ហើយចំនួនពន្ធកើនឡើងចាប់ពីខែមីនា ឆ្នាំ ២០២២ នៅពេល វិបផតថលអេឡិចត្រូនិចសម្រាប់អ្នកផ្តល់សេវាបរទេសបានដំណើរការ សរុបចំនួន ១៤.៥៧២ពាន់ពាន់លានដុងបានកើនឡើងជាង ៣.៥ ពាន់ពាន់លានដុងធៀបនឹងចុងឆ្នាំមុន។

បញ្ជីនៃអ្នកផ្តល់សេវាបរទេសបានប្រកាស និងបង់ពន្ធរួមមាន Google Meta Microsoft TikTok Netflix និង Apple ។ អាជ្ញាធរកំពុងអនុវត្តយុទ្ធសាស្ត្ររយៈពេលខ្លី និងរយៈពេលវែងជាច្រើនប្រភេទ ដើម្បីបង្កើនការគ្រប់គ្រងពន្ធសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិកក្នុងស្រុក និងឆ្លងដែន។ លើសពីនេះ ភ្នាក់ងារពន្ធដារកំពុងបន្តពិនិត្យ សវនកម្ម ត្រួតពិនិត្យ និងដោះស្រាយការរំលោភបំពានដែលមិនគោរពតាមបទប្បញ្ញត្តិ។

នាយកដ្ឋានបាននិយាយថា វិធីសាស្រ្តមួយទៀតគឺភ្នាក់ងារពន្ធដារនឹងធ្វើការជាមួយក្រសួង និងវិស័យផ្សេងៗដើម្បីការពារការបាត់បង់ចំណូលពន្ធ និងធានាសុវត្ថិភាពហិរញ្ញវត្ថុ។ ទិន្នន័យ បានចេញផ្សាយកាលពីសប្តាហ៍មុនបង្ហាញថា វិស័យពន្ធដារឥឡូវនេះអាចចូលប្រើទិន្នន័យធនាគារសម្រាប់គណនីផ្ទាល់ខ្លួនចំនួន ១២១ លាន ប្រហែល ២ ភាគ៣ នៃគណនីទូទាត់ផ្ទាល់ខ្លួនចំនួន ១៨៣ លានបានចុះឈ្មោះនៅចុងឆ្នាំ ២០២៣ និងគណនីសាជីវកម្មជាង ៩ លាននៅទូទាំង ៩៦ ធនាគារពាណិជ្ជ។

ដោយប្រើទិន្នន័យនេះ អាជ្ញាធរពន្ធដារនឹងកំណត់អត្តសញ្ញាណអាជីវកម្មអនឡាញដែលមិនបានប្រកាស និងបង់ពន្ធសម្រាប់សកម្មភាពបន្ថែមទៀត។ ថ្មីៗនេះ អ្នកលក់អនឡាញជាច្រើនត្រូវបានតម្រូវឲ្យបង់ពន្ធបន្ថែម។ អាជ្ញាធរពន្ធដារគ្រោងសហការជាមួយក្រសួងសន្តិសុខសាធារណៈដើម្បីពន្លឿនការយកឯកសារអត្តសញ្ញាណប័ណ្ណពលរដ្ឋជាលេខអត្តសញ្ញាណសារពើពន្ធស្របតាមច្បាប់គ្រប់គ្រងសារពើពន្ធ។

ទីភ្នាក់ងារនេះក៏កំពុងស្វែងរកការប្រើប្រាស់អត្តសញ្ញាណអេឡិចត្រូនិកសម្រាប់អង្គការ និងបុគ្គលដែលចូលរួមក្នុងការប្រកាសពន្ធ និងប្រតិបត្តិការទូទាត់ ដែលមានបំណងការពារការគេចពន្ធក្នុងពាណិជ្ជកម្មអេឡិចត្រូនិក។ នៅឆ្នាំ ២០២៣ បណ្តាញពាណិជ្ជកម្មអេឡិចត្រូនិកបានបង់ពន្ធចំនួន ៩៧ ពាន់ពាន់លានដុង ដែលកើនឡើង ១៤ភាគរយពីឆ្នាំ ២០២២៕ ដោយ៖លី ភីលីព

Most Popular

To Top