យេរ៉ូសាឡឹម៖ ប្រភពរដ្ឋាភិបាលអ៊ីស្រាអែល បានឲ្យដឹងថា ប្រទេសអ៊ីស្រាអែល គ្រោងនឹងបញ្ជូនគណៈប្រតិភូមួយក្រុមទៅកាន់ទីក្រុងគែរ ដើម្បីពិភាក្សាជាមួយក្រុមហាម៉ាស់ លើសំណើបទឈប់បាញ់ថ្មីមួយ សំដៅធានាការដោះលែងចំណាប់ខ្មាំង ដែលកាន់កាប់នៅតំបន់ហ្គាហ្សា។
ប្រភពក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបាននិយាយថាគណៈប្រតិភូ ដែលមានសមាសភាពពីមន្ត្រីសន្តិសុខនឹងចាកចេញនៅថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងជាមួយឈ្មួញកណ្តាលអេហ្ស៊ីប។
សារព័ត៌មាន Kan TV ដែលគ្រប់គ្រងដោយរដ្ឋរបស់អ៊ីស្រាអែលបានរាយការណ៍ថា គណៈប្រតិភូក្រុមហាម៉ាស់បានមកដល់ទីក្រុងគែរ ដើម្បីពិភាក្សាលើកិច្ចព្រមព្រៀង។ របាយការណ៍បានឲ្យដឹងថា នៅក្នុងសំណើកែប្រែ អ៊ីស្រាអែល បានយល់ព្រមកាត់បន្ថយចំនួនចំណាប់ខ្មាំង ដែលខ្លួនទាមទារឱ្យដោះលែងមកត្រឹម ៣៣នាក់។
ដំបូងឡើយ អ៊ីស្រាអែលបានទទូចឱ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងយ៉ាងតិច ៤០ នាក់ ប៉ុន្តែបានផ្លាស់ប្តូរទីតាំងរបស់ខ្លួននៅពេលដឹងថាចំនួនចំណាប់ខ្មាំង ដែលនៅរស់រានមានជីវិតពិតប្រាកដគឺទាបជាង ៤០នាក់៕ ប្រែសម្រួល ឈូក បូរ៉ា