ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាង លោកហ្សែដ ស្យាតារា (Ziad Shatara) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata និងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រព្រឹត្តិឡើងនៅថ្ងៃទី 29 ខែមេសា ឆ្នាំ2024 ក្នុងគោលបំណង ដើម្បីបង្ហាញពីតួនាទីរបស់ក្រុមហ៊ុន Smart ក្នុងនាមជាក្រុមហ៊ុនវិនិយោគផ្ទាល់ពីបរទេស (FDI) គំរូនៃប្រទេសកម្ពុជា។
ជំនួបនេះបានបង្ហាញពីតួនាទីយ៉ាងសំខាន់របស់ Smart ក្នុងនាមជាក្រុមហ៊ុនវិនិយោគផ្ទាល់ពីបរទេស ដែលបានឈានមុខគេក្នុងការពន្លឿនការរីកចម្រើននៃវិស័យទូរគមនាគមន៍ និងផ្ដល់ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត សម្រាប់បុគ្គល និងសហគ្រាស។
លើសពីនេះទៅទៀត លោក ហ្សែដ ក៏បានឆ្លៀតឱកាសនេះបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនរបស់ Smart លើផ្នែកសុវត្ថិភាពលើប្រព័ន្ធឌីជីថល ព្រមទាំងការដឹកនាំគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs) គោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និងការងាររួមចំណែកទំនួលខុសត្រូវសង្គម(CSR) យ៉ាងសកម្ម ដើម្បីគាំទ្ររដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា សម្រេចបានចក្ខុវិស័យក្នុងការក្លាយជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ 2050។ គួរបញ្ជាក់ផងដែរថា Smart ជាក្រុមហ៊ុនវិនិយោគផ្ទាល់ពីបរទេសមួយយ៉ាងសំខាន់ ដែលបានចូលរួមយ៉ាងសកម្មលើការពង្រីកវិសាលភាពសេដ្ឋកិច្ចជាតិ និងជាក្រុមហ៊ុនដែលទទួលបានកម្រិតអនុលោមភាពសារពើពន្ធប្រភេទមាស សម្រាប់ការចូលរួមបង់សារពើពន្ធបានត្រឹមត្រូវ។
ក្នុងរយៈពេលពីរទស្សវត្សន៍នេះ Smart បានចូលរួមបណ្ដាក់ទុនប្រមាណលើសពី 70 លានដុល្លារក្នុងមួយឆ្នាំៗ ហើយការបណ្ដាក់ទុនយ៉ាងសកម្មនេះ ជាសញ្ញា បង្ហាញពីការជឿជាក់របស់ Smart មកលើសក្តានុពលនៃប្រទេសកម្ពុជា និងការប្តេជ្ញារបស់ក្រុមហ៊ុន ក្នុងការជំរុញឱ្យមានការផ្លាស់ប្តូរវិជ្ជមានក្នុងប្រទេសជាបន្ត។