ផ្សេងៗ

សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បង្ហាញវត្តមានកីឡាករ ៥ រូបត្រៀមការប្រកួត Davis Cup Asia/Oceania Group IV Playoff ២០២៤ នៅកម្ពុជា

ភ្នំពេញ៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានបង្ហាញវត្តមានកីឡាករវាយកូនបាល់របស់ខ្លួន ដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនបាល់ Davis Cup Asia/Oceania Group IV Playoff ២០២៤ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលប្រព្រឹត្តចាប់ថ្ងៃទី ៨ ដល់ ១៣ ខែកក្កដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក ជា ពៅ អគ្គលេខាធិការរងនៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបាននិយាយថា ក្នុងនាមម្ចាស់ផ្ទះការប្រកួតសហព័ន្ធបានដាក់កីឡាករ ៥ រូបចូលរួមប្រកួតតំណាងឲ្យកម្ពុជារួមមាន កីឡាករ ឡេង សារិនរាជ កីឡាករ ប៊ុន កេន្នី កីឡាករ គ្រូសលីន ម៉ាធីវ ដាវីត កីឡាករ ផានថាឡា ឡូកាស អាតថូ និងកីឡាករ ទេព ទីម៉ូធី ។

បន្ទាប់ពីធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAME 2023 និងការប្រកួតជើងឯក ITF Asian Jun ior Championships លើកដំបូងមិនធ្លាប់មាន។ កីឡាវាយកូនបាល់កម្ពុជាសម្លឹងបន្តការរត់ជាប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងការនាំយកព្រឹត្តិការណ៍ World Cup កីឡាវាយកូនបាល់មករាជធានីភ្នំពេញជាលើកដំបូង។

អគ្គលេខាធិការរងបានបន្តថា ព្រឹត្តិការណ៍ Davis Cup Asia/Oceania Group IV 2024 នឹងមានប្រទេសចូលរួមចំនួន ៨ រួមមានប្រទេសកម្ពុជា ប្រទេសគុយវ៉ែត ប្រទេសកៀហ្ស៊ីស៊ីស្ថាន ប្រទេសអ៊ីរ៉ាក់ ប្រទេសមីយ៉ាន់ម៉ា ប្រទេសស្រីលង្កា ប្រទេសកាតា និងប្រទេសអារ៉ាប់រួម។

ការប្រកួតកីឡាវាយកូនបាល់ Davis Cup Asia/Oceania Group IV Playoff ២០២៤នេះក្រោមការសហការរវាងសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និងសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ “ITF”៕ ដោយ៖លី ភីលីព

Most Popular

To Top