ភ្នំពេញ៖ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ លោក ខូវ ឆាយ អគ្គលេខាធិការក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ និងជានាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទតំណាងលោក ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទបានដឹកនាំប្រតិភូក្រុមប្រឹក្សាកីឡា ខ ភ ម អញ្ជើញចូលរួមមហាសន្និបាត និងសន្និបាតលើកទី៧៩ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះនៅទីក្រុង Dar es Salaam ប្រទេសតង់ហ្សានី ។
លោក ខូវ ឆាយ បានមានប្រសាសន៍ថា ក្រោយពីបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាកីឡាកងទ័ពអន្តរជាតិ កម្រិតទី្វបអាស៊ីលើកទី៧ នៅទីក្រុងណានឆាង ខេត្តជាំងស៊ី សាធារណរដ្ឋប្រជាមានិតចិន ក៏បន្តដំណើរចូលរួមមហាសន្និបាត និងសន្និបាតលើកទី ៧៩ មានសារសំខាន់ខ្លាំងណាស់ចំពោះក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ ដោយមាន ១៤១ ប្រទេសបូកនឹងប្រទេសកម្ពុជា ដើម្បីការបោះឆ្នោតអនុញ្ញាតឲ្យក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទជាសមាជិកមួយទៀតនៅក្នុងក្រុមប្រឹក្សាកីឡាកងទ័ពពិភពលោក។
នាយកមជ្ឈមណ្ឌលកីឡាកងបានបន្តថា ក្រុមប្រឹក្សាកីឡាកងទ័ពអន្តរជាតិ CISM ជាអង្គការកីឡាមួយដែលមានរដ្ឋជា សមាជិកចំនួន ១៤០ប្រទេស និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៨។ អង្គការកីឡានេះបាននឹងកំពុងចូលរួម វិភាគទានដ៏ធំធេងចំពោះសុខដុមនីយកម្ម និងសន្តិភាពពិភពលោក តាមរយៈការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា អន្តរជាតិជូនកងកម្លាំងប្រដាប់អាវុធនៃបណ្តាប្រទេសជាសមាជិករបស់ខ្លួន ក្នុងន័យរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនិងកងទ័ព និងជាអង្គការកីឡាមួយដែលមានប្រភេទកីឡាប្រកួតច្រើនវិញ្ញាសា ជាងគេបង្អស់ក្នុងចំណោមអង្គការកីឡាអន្តរជាតិធំៗនានាលើពិភពលោក ។
ជាមួយគ្នានេះផងដែរ កម្ពុជាដែលពីមុនធ្លាប់ជារដ្ឋសង្កេតការណ៍ ហើយបច្ចុប្បន្ន នេះជាសមាជិកបឋមដែលត្រូវបានអនុម័តឯកភាពពីកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ CISM នាខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ កំពុងត្រៀមខ្លួនដើម្បីក្លាយទៅជាសមាជិកពេញសិទ្ធរបស់ CISM ក្រោយពីការបោះឆ្នោតអនុម័តផ្តល់ សេចក្តីទុកចិត្តពីសមាជិកអង្គមហាសន្និបាត និងសន្និបាតលើកលើកទី៧៩។
ចំពោះចូលរួមលើកនេះមានសារសំខាន់កីឡាកងទ័ពកម្ពុជាយើង ដើម្បីបង្ហាញមុខមាត់លើកឆាកអន្តរជាតិ ហើយកីឡាកងទ័ពកម្ពុជាបានត្រៀមខ្លួនរួចសម្រាប់ចូលរួមព្រឹត្តិការណ៍នានា ។ នាពេលថ្មីៗនេះកីឡាកងទ័ពកម្ពុជាបានចុះចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូកងទ័ពពិភពលោកនៅប្រតេសកូរ៉េដែលប្រព្រឹត្តនៅចុងខែឧសភា ដោយបញ្ជូនក្រុមអត្តពលិកចំនួន ៦ រូប ៕ ដោយ៖លី ភីលីព








