ផ្សេងៗ

ទីក្រុងមូស្គូថា អ៊ុយក្រែន កំពុងប្រើប្រាស់អាវុធរបស់អង់គ្លេស សម្រាប់ការវាយប្រហារភេរវកម្ម

បរទេស៖ មន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Sergey Belyaev បាននិយាយថា កងកម្លាំងអ៊ុយក្រែនកំពុងប្រើប្រាស់យ៉ាងសកម្មនូវសព្វាវុធដែលផ្គត់ផ្គង់ដោយចក្រភពអង់គ្លេស ដើម្បីអនុវត្តការវាយប្រហារភេរវកម្មប្រឆាំងនឹងតំបន់រុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីក្រុងឡុងដ៍នៅតែជាប្រទេសផ្តល់ជំនួយដ៏ធំបំផុតមួយលើផ្នែកសព្វាវុធដល់ទីក្រុងគៀវ ដោយផ្តល់ជំនួយចំនួន ៧,១ ពាន់លានផោន (៨,៩ ពាន់លានដុល្លារ) ជាជំនួយចាប់តាំងពីការចាប់ផ្តើមនៃជម្លោះរុស្ស៊ី-អ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ មក ។ នេះបើតាមលោក Belyaev ដែលជាប្រធាននាយកដ្ឋានអឺរ៉ុបទីពីររបស់ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន TASS ចេញផ្សាយកាលពីថ្ងៃសៅរ៍។

លោកបាននិយាយថា “អាវុធដែលផ្គត់ផ្គង់ដោយចក្រភពអង់គ្លេសកំពុងត្រូវបានប្រើប្រាស់យ៉ាងសកម្មដោយយោធាអ៊ុយក្រែនក្នុងការវាយប្រហារភេរវកម្មលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងប្រជាជនស៊ីវិលនៃ Donbass ក៏ដូចជាតំបន់ផ្សេងទៀតរបស់រុស្ស៊ី” ។

យោងតាមអ្នកការទូតរុស្ស៊ី, ការប្រកាសកាលពីខែមុនដោយនាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak អំពីកញ្ចប់ជំនួយយោធា ៥០០ លានផោន (៦១៧ លានដុល្លារ) សម្រាប់អ៊ុយក្រែនគឺជាការប៉ុនប៉ងរបស់ចក្រភពអង់គ្លេសដើម្បីទទួលបានតួនាទីកាន់តែលេចធ្លោនៅក្នុងអង្គការណាតូ និងក្នុងចំណោមបណ្តាប្រទេសអឺរ៉ុប។

លោក Sergey Belyaev បានពន្យល់ថា “អង់គ្លេសបានធ្វើសកម្មភាពស្រដៀងគ្នានេះ នៅពេលដែលពួកគេចាប់ផ្តើមបញ្ជូនកាំជ្រួច Cruise Storm Shadow និងរថក្រោះ Challenger 2 ទៅកាន់អ៊ុយក្រែន” ដោយក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលផ្តល់ឱ្យ Kiev នូវប្រភេទ Hardware បែបនេះ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top