ផ្សេងៗ

លោក វ៉ាត់ ចំរើន ជំរុញឲ្យមន្ត្រីប្រកាន់ខ្ជាប់ ក្នុងតួនាទីភារកិច្ចរបស់ខ្លួន ឱ្យបានខ្ជាប់ខ្ជួន និងដោះស្រាយនូវរាល់បញ្ហនៃការប្រកួត កីឡាឧត្តមសិក្សា-មធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤

ភ្នំពេញ:លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានណែនាំនូវចំណុចសំខាន់ៗមួយចំនួនដល់មន្ត្រីជំនាញឱ្យត្រួតពិនិត្យបន្ថែមលើការងារនានាពាក់ព័ន្ធនឹងដំណើរការត្រៀមការប្រកួតកីឡាសិស្សឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ ដែលគ្រោងដំណើរការពីថ្ងៃទី១៨-២៧ ខែឧសភា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញលើ១៣ប្រភេទកីឡា។

លោករដ្ឋលេខាធិការ នៅក្នុងកិច្ចប្រជុំគណៈកម្មការកណ្តាលទទួលបន្ទុករួម ស្តីពីការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅសាលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

លោក វ៉ាត់ ចំរើន បានជំរុញឱ្យមន្ត្រីប្រកាន់ខ្ជាប់ក្នុងតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន និងដោះស្រាយនូវរាល់បញ្ហាដែលបានកើតឡើងឱ្យបានទាន់ពេលវេលា ដើម្បីជំរុញឱ្យការរៀបចំព្រឹត្តិការណ៍កីឡាមួយដំណើរការដោយរលូន និងជោគជ័យ។ លោកបានណែនាំឱ្យសម្របសម្រួលគ្នាក្នុងការងារជាក្រុមនីមួយៗឱ្យបានច្បាស់លាស់ ហើយកុំលាក់ទុកនូវបញ្ហាផ្សេងៗ ហើយពេលមានបញ្ហាកើតឡើង។ បើអាចដោះស្រាយនៅថ្នាក់ក្រោមបានត្រូវរួមគ្នាដោះស្រាយ ដើម្បីបញ្ចៀសបញ្ហាកើតឡើងឱ្យធំដុំ។

ការដោះស្រាយលើបញ្ហាមាន២ចំណុចសំខាន់ៗ គឺការដោះស្រាយលើការតវ៉ាផ្នែកបច្ចេកទេស ដោយសហព័ន្ធកីឡាជាតិជាអ្នកទទួលខុសត្រូវ និងដោះស្រាយដូចជាគោលការណ៍លេងដោយយុត្តិធម៌ និងបទបញ្ជាការប្រកួត សីលធម៌កីឡាជាដើម ដើម្បីបញ្ជៀសលើកំហុសនៃឯករាជ្យភាព និងស្វ័យភាពរបស់សហព័ន្ធកីឡាជាតិ។ ចំពោះចំណុចសំខាន់ទី២ គឺគណៈកម្មការរៀបចំការប្រកួតត្រូវពិនិត្យមើលបន្ថែមលើកម្មវិធីប្រកួត ការហូបចុកស្នាក់នៅ សន្តិសុខ សណ្តាប់ធ្នាប់ និងការសង្គ្រោះបឋម ដោយចំណុចសំខាន់ៗទាំងនេះ គឺស្ថិតក្នុងតួនាទីភារកិច្ចរបស់គណៈកម្មការរៀបចំការប្រកួត។

បន្ថែមពីលើនេះ លោករដ្ឋលេខាធិការក៏បានជំរុញឱ្យគណៈកម្មការរៀបចំពិនិត្យមើលឡើងវិញផងដែរ នូវចំនួនមន្ត្រីរៀបចំការប្រកួត ត្រូវមានចំនួន១ភាគ៣នៃចំនួនប្រតិភូកីឡាករ កីឡាការិនីចូលរួមការប្រកួត ដើម្បីជួយសម្រួលដល់ការបម្រើដល់ការប្រកួតឱ្យរលូនផងដែរ។

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា នាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡាចំណុះអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយសហព័ន្ធកីឡាជាតិទាំង១៣ ដើម្បីរៀបចំការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ចាប់ពីថ្ងៃទី១៨-២៧ ខែឧសភា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ដែលបានកំណត់យកប្រភេទកីឡា ចំនួន១៣ រួមមាន៖ កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែលទឹក វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និងតេក្ចាន់ដូ ITF ការ៉ាតេ សីដក់ និងគុនដាវ ស្មើនឹង១០៣វិញ្ញាសា សរុប ៧១៨ មេដាយ ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមប្រកួតសរុប ១ ៧៦៤ នាក់ ដែលអញ្ជើញមកពី ៤៧ គ្រឹះស្ថានឧត្តមសិក្សា ដោយក្នុងនោះមានគ្រឹះស្ថានសិក្សាសាធារណៈ ចំនួន១៣ និងគ្រឹះស្ថានសិក្សាឯកជនចំនួន ៣៤។

លោក ហួត សេងទ្រី បន្ថែមថា គោលបំណងសំខាន់នៃការប្រកួតនេះ គឺសំដៅបង្កើតលក្ខខណ្ឌសម្រាប់ការជួបជុំ ការផ្លាស់ប្តូរបទពិសោធន៍រវាងគ្រឹះស្ថាន ឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ក្នុងបរិបទដែលនាំមកនូវ វប្បធម៌ ការអប់រំ សកម្មភាពកីឡា បង្កើនភាពសប្បាយរីករាយ និងពង្រឹងកាយសម្បទាមាំមួន និងតម្រូវឱ្យឈរលើស្មារតីទទួលខុសត្រូវ ការគោរពវិន័យ គោរពបទបញ្ជាបច្ចេកទេស ចេះយោគយល់ អធ្យាស្រ័យ ទើបអាចផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនូវចំណងមិត្តភាព សាមគ្គីភាព និងភាតរភាព ដែលជាគំរូមួយដ៏ល្អប្រសើរសម្រាប់ប្រទេសជាតិយើង។

ទាំងនេះ គឺស្របតាមអនុសាសន៍ដ៏ឧត្តុងឧត្តមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានជំរុញឱ្យផ្សព្វផ្សាយយុទ្ធនាការចលនា «ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត» ដែលត្រូវផ្តើមចេញពីការអនុវត្តកីឡាក្រៅម៉ោងសិក្សានៅក្នុងគ្រឹះស្ថានសិក្សាគ្រប់កម្រិត និងការចូលរួមអនុវត្តពីគ្រប់មជ្ឈដ្ឋានក្នុងសង្គម៕ ដោយះ លី ភីលីព

Most Popular

To Top