ភ្នំពេញ៖ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ក្រុមគ្រូបង្វឹក អាជ្ញាកណ្តាលកម្រិតអន្តរជាតិ និងកីឡាករចំនួន ៧ រូបបាននាំយកមេដាយប្រាក់ចំនួន ២ គ្រឿង និងពានកីឡាករឆ្នើមចំនួន ២ ទៀត ដែលដណ្តើមបានក្នុងព្រឹត្តិការណ៍កីឡាកាយវប្បកម្មអាស៊ីអាគ្នេយ៍លើកទី ១៨ ឆ្នាំ២០២៤ “18th South East Asian Bodybuilding and Physique Sports Championship 2024” ប្រមូលផ្តុំដោយអត្តពលិកជើងខ្លាំងមកពី១១ ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មកជួបជុំគ្នានៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៦ ខែឧសភា ដល់ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៤។
លោកស្រី អេមី សារីរ៉ុម ហម គ្រូបង្វឹកបានប្រាប់តាមអនឡាញពីថៃថា កីឡាករកាយវប្បកម្មកម្ពុជា ឆឹង ណូរ៉ា ដណ្តើមបានមេដាយប្រាក់លើកា វិញ្ញាសា Men’s athletic physique up to 160cm កីឡាករ ស្រ៊ិន រាជ្យ ទទួលបានមេដាយប្រាក់ ១ គ្រឿងប្រកកួតលើ វិញ្ញាសា Men’s Sports Physique over 175cm និងកីឡាករកាយវប្បកម្មកម្ពុជា ឆេង ចន្ទ័កក្កដា ជាប់ចំណាត់ថ្នាក់លេខ៤ លើវិញ្ញាសា Men’s athletic Physique up to 167 cm។
លោកស្រីគ្រូបង្វឹកបានបន្តថា ក្នុងនាមគ្រូបង្វឹក និងថ្នាក់ដឹកនាំសហព័ន្ធមានការសប្បាយចិត្តចំពោះលទ្ធផលដែលកីឡាករកាយវប្បកម្មកម្ពុជាទទួលបាន ទោះបីការប្រកួតលើនេះយើងទទួលបានមេដាយប្រាក់២ គ្រឿងពិតមែន ប៉ុន្តែលើកក្រោយយើងអាចដណ្តើមមេដាយមាស ដោយសារលើកនេះកីឡាករបរទេសសាច់ដុំគេល្អជាង។
ចំណែកកម្ពុជាបានបញ្ជូនក្រុមគ្រូបង្វឹក អាជ្ញាកណ្តាលកម្រិតអន្តរជាតិ និងកីឡាករចំនួន ៧ រូប ក្នុងនោះលោកស្រី អេមី សារីរ៉ុម ហម គ្រូបង្វឹក លោក តឹក ប៉ុនវី អាជ្ញាកណ្តាលកម្រិតអន្តរជាតិ កីឡាករស្រ៊ិន រាជ្យ កីឡាករ ឆឹង ណូរ៉ា កីឡាករ ឆេង ច័ន្ទកក្កដា កីឡាករ ជីម ចន្ថា និងកីឡាករ ខាន់ ឆៃយ៉ា។ ការប្រកួតនេះមានកីឡាករមកពី១១ប្រទេសរួមមានប្រទេសកម្ពុជា ថៃ វៀតណាម សិង្ហបុរី មីយ៉ាន់ម៉ា ហ្វីលីពីន ម៉ាឡាស៊ី ឥណ្ឌូនេស៊ី ទីមរ ប្រុយណេ និងម្ចាស់ផ្ទះ ប្រទេសឡាវ៕






