ផ្សេងៗ

សមាជិក ក្រុមលាងលុយឆ្លងដែនចំនួន ២១នាក់ ទទួលទោសដាក់ពន្ធនាគារពី ៦ ទៅ ១៨ ឆ្នាំ

VN Express

វៀតណាម៖ តុលាការក្រុងហាណូយរបស់វៀតណាមកាលពីថ្ងៃចន្ទបានកាត់ទោសបុគ្គលចំនួន ២១ នាក់ឲ្យជាប់ពន្ធនាគារពី ៦ ទៅ ១៨ ឆ្នាំពីបទចូលរួមក្នុងបណ្តាញលាងលុយអន្តរជាតិដែលដឹកនាំដោយជនជាតិចិន ក្នុងចំណោមពួកគេមាន ១៤ នាក់ត្រូវចោទប្រកាន់ពីបទក្លែងបន្លំទ្រព្យសម្បត្តិកាត់ទោសពី ១២ ទៅ ១៨ ឆ្នាំ។

លោក Mac Binh Hung អាយុ ៣៣ ឆ្នាំត្រូវបានគេកំណត់ថា ជាប្រធានក្រុមឧក្រិដ្ឋកម្មដែលបានទទួលការកាត់ទោសខ្ពស់បំផុតគឺ ១៨ ឆ្នាំ។ ចំណែកអ្នកជាប់ទោស ៧ នាក់ទៀតពីបទលាងលុយកខ្វក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារពី ៦ឆ្នាំ ទៅ ១១ឆ្នាំ។

នៅចន្លោះថ្ងៃទី ២៧ ខែកញ្ញាដល់ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ប៉ូលីសបានចាប់ខ្លួន លោក Hung និងអ្នកផ្សេងទៀតជាច្រើននាក់ពីក្រុមឧក្រិដ្ឋជន 777pay ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Jinbian ។

យោងតាមប៉ូលីសបានឲ្យដឹងថា Jinbian ជាអង្គការឧក្រិដ្ឋកម្មមានឯកទេសក្នុងការលាងលុយសម្រាប់កម្មវិធីល្បែង និងជនសង្ស័យបោកប្រាស់ ដោយដើរតួជាច្រកទូទាត់អន្តរការី និងគិតថ្លៃសេវាពី ១-៣ភាគរយលើបរិមាណប្រតិបត្តិការ ។

ក្រុមហ៊ុនបានផ្តល់សេវាកម្មលាងលុយកខ្វក់ដល់អតិថិជនមកពីប្រទេសចិន ឥណ្ឌា ហ្វីលីពីន ឥណ្ឌូនេស៊ី និងវៀតណាម។ ប៉ូលីសបាននិយាយថា ផ្នែក 777pay បានដោះស្រាយជាពិសេសការលាងលុយនៅក្នុងទីផ្សារវៀតណាម។

777pay គ្រប់គ្រងដោយបុរសជនជាតិចិន Tan Zhi Bao (ហៅម្យ៉ាងទៀតថា Gu Lang) អាយុ ៣៨ ឆ្នាំ មានជំនាញក្នុងការលាងលុយ ដោយបង្កើតច្រកទូទាត់អន្តរការីសម្រាប់ផ្ទេរ និងទទួលមូលនិធិ បំប្លែងលុយទទួលបានដោយខុសច្បាប់ទៅជាលុយស្អាតដែលមិនអាចតាមដានពីប្រភពដើមបាន។

ករណីនេះបានកើតឡើងបន្ទាប់ពីមានរបាយការណ៍ពីស្ត្រីក្រុងហាណូយម្នាក់ត្រូវបានបោកបញ្ឆោតចំនួន ២០ ពាន់លានដុង (៧៨៦ ០០០ ដុល្លារ)។ នៅខែសីហា ឆ្នាំ ២០២២ ជនរងគ្រោះឈ្មោះ Linh អាយុ ៣៩ ឆ្នាំ រស់នៅស្រុក Cau Giay បានដាក់ពាក្យធ្វើការជាគណនេយ្យករបញ្ចូលទិន្នន័យនៅ “Anpha Accounting Company” ។ នាងបានឃើញការប្រកាសជ្រើសរើសបុគ្គលិកតាមអ៊ីនធើណេត ហើយបានផ្ញើសារទៅអ្នកសរសេរប្រកាស។

នាងត្រូវបានណែនាំឱ្យភ្ជាប់ជាមួយគណនី Telegram ដែលមានឈ្មោះថា Nien ។ យោងតាមសាលក្រម Nien អះអាងថា ជាបុគ្គលិកជ្រើសរើសបុគ្គលិកនៃហាងឱសថល្បីឈ្មោះ Linh បានបង្ហាញកាតបុគ្គលិករបស់ក្រុមហ៊ុន ហើយបានណែនាំនាងទៅកាន់តំណភ្ជាប់ដើម្បីចុះឈ្មោះគណនីដោយប្រើលេខទូរស័ព្ទ និងអត្តសញ្ញាណប័ណ្ណដើម្បីបំពេញការងារ។

ក្រោយមក Linh បានទទួលការណែនាំពីគណនី Telegram មួយទៀតឈ្មោះ Yen ដែលបានណែនាំនាងឱ្យដាក់ការបញ្ជាទិញ និងទទួលបានកម្រៃជើងសារ។ ដំបូង Linh ត្រូវដាក់ប្រាក់ចូលក្នុងគណនីមួយតាមរយៈតំណដែលបានផ្តល់។

បន្ទាប់ពីធ្វើការផ្ទេរប្រាក់ និងដកប្រាក់ដោយជោគជ័យចំនួនពីរទទួលបានប្រាក់ចំណេញ Linh ត្រូវបានបញ្ចូលទៅក្នុងក្រុមដែលបានចាត់តាំងកិច្ចការកម្រិតខ្ពស់ ដែលពាក់ព័ន្ធនឹងការផ្ទេរប្រាក់ចំនួន ៣០ លានដុង ដែលនាងមិនអាចដកបាន ហើយត្រូវបានស្នើសុំឱ្យបន្តផ្ទេរប្រាក់បន្ថែមទៀត។

ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២២ Linh បានធ្វើការផ្ទេរប្រាក់ចំនួន ២៤ ទៅកាន់គណនីធនាគារចំនួន ១៥ ដែលផ្តល់ដោយ “និយោជិត” មានតម្លៃសរុបចំនួន ២០ ពាន់លានដុង៕ ដោយ៖លី ភីលីព

Most Popular

To Top