ភ្នំពេញ៖ លោ ខូវ ឆាយ អនុប្រធាន និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទបានមានប្រសាសន៍ថា បេសកកម្មលើកនេះ ក្រុមប្រឹក្សាកីឡាកងទ័ពតំណាងឲ្យកម្ពុជាចូលរួមមហាសន្និបាតលើកទី៧៩របស់ក្រុមប្រឹក្សាកីឡាងទ័ពអន្តរជាតិ នៅទីក្រុង Dar es Salaam ហ្សានី កម្ពុជាទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់សម្រាប់អង្គមហាសន្និបាតបានបោះឆ្នោតគាំទ្រជាឯកច្ឆ័ន១០០%នៃសំឡេងគាំទ្រ ១៤១ ប្រទេសឲ្យក្លាយជាសមាជិកពេញសិទ្ធិជ្លូវការទី១៤១នៃក្រុមប្រឹក្សាកីឡាកងទ័ពអន្តរជាតិនេះ។
លោក ខូវ ឆាយ ថ្លែងទៀតថា ក្រុមប្រឹក្សាកីឡាកងទ័ពអន្តរជាតិត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៨មក មានអាយុ៧៦ឆ្នាំហើយមកដល់ឆ្នាំ២០២៤នេះ ដោយមាន១៤០ប្រទេសជាសមាជិក ហើយកម្ពុជាបានក្លាយជាសមាជិកទី១៤១ ក្នុងឆ្នាំ២០២៤នេះ។
ចូលរួមក្នុងមហាសន្និបាតនេះ គឺបានបង្ហាញពីមុខមាត់របស់កម្ពុជាលើឆាកអន្តរជាតិ ដែលមានបណ្តាប្រទេសជាច្រើនមកពី៥ទ្វីប ដើម្បីបង្ហាញពីវត្តមានកម្ពុជាថាជាប្រទេសមួយស្មើមុខស្មើមាត់ជាមួយប្រទេសលើឆាកអន្តរជាតិ។
«ក្នុងអង្គមហាសន្និបាតនេះ ខ្ញុំបានធ្វើសន្ទរកថារយៈពេលជិត១០នាទី ដោយបានបង្ហាញវីដេអូរបស់ព្រះរាជាណាចក្រកម្ពុជាពីតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ការដឹកនាំប្រទេសរបស់ថ្នាក់ដឹកនាំដែលបានរំដោះប្រទេសចេញពីសង្រ្គាមរហូតដល់កសាងប្រទេសឱ្យបានរីកចម្រើនដូចក្នុងពេលបច្ចុប្បន្ន រួមទាំងសមិទ្ធផលនានា ហើយក្នុងនោះក៏បានបង្ហាពីកីឡាជាតិ ដែលកីឡាកងទ័ពកម្ពុជាបានរួមចំណែក បង្ហាញជូនក្នុងអង្គមហាសន្និបាតអន្តរជាតិនេះ។
លោក ខូវ ឆាយ បានសង្កត់ធ្ងន់ថា ប្រទេសចូលរួមទាំងអស់បានចូលរួមសាទរចំពោះបទបង្ហាញរបស់កម្ពុជា ហើយប្រទេសទាំងនោះមិននឹកស្មានថា កម្ពុជាមានការរីកចម្រើន និងសមិទ្ធផលជាច្រើន ដោយបានធ្វើឱ្យប្រទេសចូលរួមទាំងអស់គាំទ្រផ្តល់សេចក្តីទុកចិត្តឱ្យកម្ពុជាក្លាយជាសមាជិកជាផ្លូវការ។ យើងនឹងចូលរួមថែរក្សាសន្តិភាព រិតចំណងសាមគ្គភាព ទំនាក់ទំនងអន្តរជាតិរវាងកងទ័ព និងកងទ័ពឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
លោក ខូវ ឆាយ លើកឡើងទៀតថា ជារួមបេសកកម្មលើកដំបូងនេះបានផ្ដល់នូវអត្ថប្រយោជន៍ច្រើន សម្រាប់ប្រទេសកម្ពុជា ដែលមិនត្រឹមតែបង្ហាញភាពស្មើមុខស្មើមាត់លើឆាកអន្ដរជាតិនោះទេ ថែមទាំងបានផ្សារភ្ជាប់ទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសសមាជិកទាំងអស់។ មិនតែប៉ុណ្ណោះ មានប្រទេសជាច្រើន ចង់មកទស្សនកិច្ច និងដំណើរកម្សាន្ដនៅប្រទេសកម្ពុជា ពិសេសគឺចង់ស្គាល់ប្រាសាទអង្គរវត្តរបស់ខ្មែរតែម្ដង ។ លោកបានចាត់ទុកថានេះ គឺជាផលចំណេញ និងជាស្ពានឆ្ពោះទៅរកការទាក់ទាញវិស័យទេសចរណ៍ ក៏ដូចជាចូលរួមកសាង និងអភិវឌ្ឍវិស័យកីឡាជាតិកាន់តែរីកចម្រើននាថ្ងៃអនាគតផងដែរ៕ ដោយ៖លី ភីលីព