អាមេរិក៖ កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃចន្ទថា និយតករសុខភាពរបស់សហរដ្ឋអាមេរិកបានផ្តល់ការអនុញ្ញាតឲ្យ Neuralink របស់ Elon Musk បញ្ចូលបន្ទះឈីបខួរក្បាលក្នុងអ្នកជំងឺទី ២ បើទោះបីជាមានបញ្ហាដំបូងមួយចំនួនជាមួយប្រធានបទការធ្វើសាកល្បងដំបូងក៏ដោយ ។
ការចាប់ផ្តើមដំណើរការបន្ទះឈីបខួរក្បាលបានទទួលការយល់ព្រមពីរដ្ឋបាលចំណីអាហារ និងឱសថ (FDA) ដើម្បីធ្វើការសាកល្បងជាមួយអ្នកជំងឺទី២ ដោយប្រើនីតិវិធីដែលបានកែប្រែ បន្ទាប់ពីក្រុមហ៊ុនបានស្នើឲ្យដោះស្រាយបញ្ហាបានកើតឡើងជាមួយនឹងប្រធានបទការធ្វើសាកល្បងដំបូងរបស់ខ្លួន។
នេះបើយោងតាមក្រុមហ៊ុន Neurotechnology បាននិយាយថា បន្ទះឈីបនេះមានឈ្មោះថា Telepathy ត្រូវបានផ្សាំដោយជោគជ័យជាលើកដំបូងកាលពីខែកុម្ភៈកន្លងទៅ។ វាបានអនុញ្ញាតឲ្យលោក Noland Arbaugh អាយុ ៣០ ឆ្នាំមានជំងឺខ្វិនគ្រប់គ្រងកណ្ដុរកុំព្យូទ័រដោយប្រើគំនិតរបស់លោកដោយគ្មានផលប៉ះពាល់ ។
Neuralink បានពន្យល់ថា ការវះកាត់នេះពាក់ព័ន្ធនឹងមនុស្សយន្តត្រូវបានរចនាឡើងយ៉ាងពិសេសដាក់បន្ទះឈីបកុំព្យូទ័រ ដែលមានទំហំប៉ុនកាក់មានសរសៃស្តើងបំផុតអាចបត់បែនបាន នៅត្រង់តំបន់នៃខួរក្បាលគ្រប់គ្រងការចង់ផ្លាស់ទី បន្ទាប់មក បន្ទះឈីបនេះត្រូវបានគេប្រើដើម្បីកត់ត្រា និងបញ្ជូនសញ្ញាខួរក្បាលដោយឥតខ្សែទៅកាន់កម្មវិធីដែលឌិកូដចេតនានៃចលនា។
កាលពីដើមខែនេះ Neuralink បាននិយាយថា ខ្សែភ្លើងតូចៗដាក់ក្នុងខួរក្បាលរបស់អ្នកជំងឺដំបូងត្រូវបានទាញចេញពីទីតាំង។ កាលពីសប្តាហ៍មុន Reuters បានរាយការណ៍ថា ក្រុមហ៊ុនបានដឹងពីការធ្វើសាកល្បងសត្វថា ខ្សែភ្លើងដែលស្តើងជាងខ្សែសក់របស់មនុស្សអាចដកថយ រួមជាមួយនឹងអេឡិចត្រូតប្រើសម្រាប់ពិនិត្យសញ្ញាខួរក្បាល៕ ដោយ៖លី ភីលីព