ផ្សេងៗ

លោក នុត ​ពុធដារ៉ា​ ៖ ​ការយកចិត្តទុកដាក់​​​ ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ធ្វើឲ្យវិស័យកីឡា របស់ខេត្តកណ្តាល មានការរីកចម្រើន គួរឲ្យកត់សម្គាល់

ខេត្តកណ្តាល ៖ លោក នុត ពុធដារ៉ា អភិបាលរង ខេត្តកណ្ដាលតំណាងឲ្យលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នាថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញគណៈអធិបតីក្នុងពិធីបិទ ការប្រកួតកីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា២០២៣-២០២៤ នៅទីលានបាល់ទាត់ខេត្តកណ្តាល ក្រុងតាខ្មៅ ។

លោក នុត ពុធដារ៉ា បានមានប្រសាសន៍ថា ការប្រកួតកីឡាសម្រាប់សិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា២០២៣- ២០២៤ នាពេល នេះ គឺដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេស និងជ្រើសរើសយកកីឡាករ-កីឡាការិនី ដែល ឆ្នើម នឹងមានទេពកោសល្យល្អមកប្រមូលផ្តុំហ្វឹកហាត់ ដើម្បីត្រៀមចូលរួមប្រកួតកីឡាជាតិ នាពេលខាងមុខ ។
វិស័យកីឡារបស់ខេត្តកណ្តាលមានការរីកចម្រើនគួរឲ្យកត់សម្គាល់នេះ គឺជាការយកចិត្តទុកដាក់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ លោកប្រធានការិយាល័យ អប់រំ យុវជន និងកីឡា នៃរដ្ឋបាល ក្រុង ស្រុក និងលោក លោកស្រីគណៈ គ្រប់គ្រងគ្រឹះស្ថាន មធ្យមសិក្សាក្នុង ខេត្តទាំងអស់ដើម្បីរួមចំណែកអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាវក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ។

លោកអភិបាលរងខេត្តកណ្ដាល បានបន្តថា យើងទាំងអស់គ្នាបានដឹងហើយថា កីឡាជាសកម្មភាពដែលផ្តល់ មកនូវសុខភាពល្អ រាងកាយមាំ មួន ព្រមទាំងបញ្ញាស្មារតីឈ្លាសវៃ ។ បច្ចប្បន្ន រាជរដ្ឋាភិបាលបានដាក់ចេញ នូវផែនការយុទ្ធសាស្ត្រ បញ្ចកោណទាំង ៥ រួមមាន ការអភិវឌ្ឍមូលធនមនុស្ស, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើតការ ប្រកួតប្រជែង, ការអភិវឌ្ឍវិស័យឯកជន និងការងារ, ការអភិវឌ្ឍប្រកបដោយភាពធន ចីរភាព និងបរិ យាបន្ន, ការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមឌីជីថល ។ ក្នុងនោះរដ្ឋាភិបាល បានសង្កត់ធ្ងន់ អាទិភាពគន្លឹះចំនួន៥ សម្រាប់ធ្វើកំណែ ទម្រង់គឺ ទី១កំណែទម្រង់វិស័យអប់រំ, ទី២ការពង្រឹងវិស័យសុខាភិបាល, ទី៣កំណែ ទម្រង់វិស័យមុខងារសាធារណៈ, ទី៤ប្រយុទ្ធប្រឆាំងគ្រឿងញៀន, ទី៥កំណែទម្រង់លើប្រព័ន្ធច្បាប់ និង ប្រព័ន្ធតុលាការ ។

ទន្ទឹមនេះ វិស័យកីឡា ក៏បានចូលរួមយ៉ាងសកម្ម ដើម្បីត្រៀម ឆ្ពោះទៅការប្រកួតកីឡា នានា ដោយបានរៀបចំការផែនការ ប្រកួតកីឡាច្រើនប្រភេទ និងបានផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអប់រំកាយ និងកីឡា ដែលមានខ្លឹមសារ យុវជនម្នាក់ មានជំនាញកីឡាមួយ ប្រភេទយ៉ាងតិច ប្រចាំជីវិត ព្រមទាំងបានចូលរួមចំណែកក្នុង ការអនុវត្ត-ស្តង់ដាសាលារៀន គំរូផងដែរ ។

លោកបានបន្ថែមទៀតថា បើយើងឆ្លុះបញ្ចាំងមកការប្រកួតរបស់យើងវិញ ឃើញថា ក្មួយៗ កីឡាករ-កីឡាការិនីទាំងអស់ យកស្មារតីសាមគ្គីភាព មកអនុវត្តក្នុងការប្រកួតនេះបានល្អប្រសើរ ទាំងសាមគ្គីភាពក្នុងក្រុម និងរវាង ក្រុម មួយទៅ ក្រុមមួយទៀតធ្វើឲ្យការប្រកួតនេះ ទទួលបានលទ្ធផលគួរជាទីមោទនៈ ។ ចំពោះក្រុមដែល មិនបានទទួលជ័យជម្នះ ក្នុងឱកាសនេះ ពេលត្រឡប់ទៅវិញត្រូវខិតខំហ្វឹកហាត់បន្តដើម្បីប្រកួត ដណ្ដើមយកជ័យជម្នះនៅឆ្នាំក្រោយៗទៀត ឯក្រុមទទួលបានជ័យជម្នះនាពេលនេះត្រូវស្គាល់ពី ភារកិច្ចរបស់ខ្លួន គឺត្រូវធ្វើជាតំណាងឲ្យក្រុមកីឡាខេត្តកណ្តាល ដើម្បីទៅចូលរួមប្រកួតកីឡាជាតិលើកទី៤ ឆ្នាំ ២០២៤ នាពេលខាងមុខនេះ ។
ដូច្នេះក្មួយៗកីឡាករ-កីឡាការិនី ទាំងអស់ ត្រូវខិតខំប្រឹងប្រែង ហ្វឹកហាត់បន្ថែមទៀត ដើម្បីយកជ័យជម្នះ ជូនខេត្តរបស់យើង ។

ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំសូមដាក់ចេញនូវទិស ដៅមួយចំនួនដើម្បីឲ្យរដ្ឋបាល ក្រុង ស្រុក ព្រម ទាំងលោកប្រធាន ការិយាល័យអប់រំ យុវជន និងកីឡា ក្រុង ស្រុក និងលោក លោកស្រី ជានាយក នាយិកា គ្រឹះស្ថានមធ្យមសិក្សាក្នុង ខេត្តយកទៅអនុវត្តមានដូចជាត្រូវយកចិត្តទុកដាក់ការអនុវត្តផ្នែកអប់រំកាយ និងកីឡា នៅតាមគ្រឹះស្ថានសិក្សា ដើម្បីឲ្យសិស្សានុសិស្សទទួលបាននូវការវិវត្តន៍ផ្នែករូបរាងកាយ បញ្ញាស្មារតី ក៏ដូចជាការអនុវត្តម៉ោងសិក្សាតាម ការណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ២ម៉ោងក្នុង មួយសប្តាហ៍ឲ្យបានខ្ជាប់ខ្ជួន ៕

Most Popular

To Top