ប៉េកាំង៖ យោធារបស់ប្រទេសចិន បានអនុវត្តសមយុទ្ធសង្រ្គាមថ្ងៃទី២ជុំវិញកោះតៃវ៉ាន់ នៅថ្ងៃសុក្រនេះជាមួយនឹងសមយុទ្ធដើម្បីសាកល្បងសមត្ថភាពរបស់ពួកគេក្នុងការ “ដណ្តើមអំណាច” និងគ្រប់គ្រងតំបន់សំខាន់ៗ ហើយសមយុទ្ធនេះចិន បានអះអាងថា ត្រូវបានធ្វើឡើងដើម្បីដាក់ទណ្ឌកម្មប្រធានាធិបតីកោះតៃវ៉ាន់ លោក Lai Ching-te ។
សមយុទ្ធរយៈពេល២ថ្ងៃនៅច្រកសមុទ្រកោះតៃវ៉ាន់ និងជុំវិញប្រជុំកោះដែលគ្រប់គ្រងដោយកោះតៃវ៉ាន់នៅជិតឆ្នេរសមុទ្រចិន បានចាប់ផ្តើមត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Lai ចូលកាន់តំណែង ហើយកោះតៃវ៉ាន់ បានថ្កោលទោសទង្វើរបស់ប្រទេសចិនដែលបានធ្វើដូច្នេះ ។
ប្រទេសចិន បានចាត់ទុកកោះតៃវ៉ាន់ថា ជាទឹកដីរបស់ខ្លួន ហើយបានបរិហារលោក Lai ថា ជា “អ្នកបំបែកខ្លួន” បានបដិសេធសុន្ទរកថាបើកសម្ពោធរបស់លោកកាលពីថ្ងៃចន្ទ ដែលក្នុងនោះលោកបានជំរុញឱ្យទីក្រុងប៉េកាំងបញ្ឈប់ការគំរាមកំហែងរបស់ខ្លួន ហើយបានលើកឡើងថា ភាគីទាំង២នៃច្រកសមុទ្រនេះ “មិនព្រមបន្ទាបខ្លួនដាក់គ្នាទៅវិញទៅមកឡើយ” ។
បញ្ជាការដ្ឋានប្រចាំភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា កងកម្លាំងរបស់ខ្លួននៅថ្ងៃសុក្រនេះបានបន្តជាមួយនឹងសមយុទ្ធរបស់ពួកគេដែលមានឈ្មោះថា “ដាវរួម – 2024A” ។
សមយុទ្ធនេះគឺធ្វើឡើងដើម្បី “សាកល្បងសមត្ថភាពរួមគ្នាដណ្តើមអំណាច បើកការវាយប្រហាររួមគ្នា និងកាន់កាប់តំបន់សំខាន់ៗ” ។
ប្រទេសចិន មិនដែលបោះបង់ចោលការប្រើកម្លាំងដើម្បីដណ្តើមយកកោះតៃវ៉ាន់ឲ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា