ហាណូយ៖ ទីភ្នាក់ងារព័ត៌មាន Xinhua បានចុះផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះថា អគ្គិភ័យកើតឡើងនៅអគារជួលចំនួន១កន្លែងនៅក្នុងរដ្ឋធានីហាណូយរបស់ប្រទេសវៀតណាម បានបណ្តាលឲ្យមនុស្សចំនួន១៤នាក់ស្លាប់ និងមនុស្ស៣នាក់ផ្សេងទៀតបានរងរបួស កាលពីព្រឹកថ្ងៃសុក្រនេះ ។
សារព័ត៌មាន VnExpress បានរាយការណ៍ឲ្យដឹងថា អគារដែលមានទំហំផ្ទៃដី១០០ម៉ែត្រក្រឡា ស្ថិតនៅក្នុងផ្លូវតូចចង្អៀតមួយ ទទឹងប្រហែល២ម៉ែត្រ និងប្រហែល២០០ម៉ែត្រពីផ្លូវ Trung Kinh ដែលធ្វើឱ្យមិនអាចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចូលបានឡើយ ។
ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា អគារជួលជាច្រើនជាន់នេះមានបន្ទប់ចំនួន២នៅជាន់នីមួយៗជាមួយនឹងជាន់ទី១ដែលប្រើសម្រាប់លក់ និងជួសជុលកង់អគ្គិសនី។
ភ្នាក់ងារដដែលនេះបានឲ្យដឹងថា ទុស្សេកង់អគ្គិសនីត្រូវបានគេសន្និដ្ឋានជាបឋមថា ជាមូលហេតុចម្បងនៃការធ្វើឲ្យមានអណ្តាតភ្លើងឆាបឆេះដែលបានកើតឡើងនៅម៉ោង០និង៣០នាទីព្រឹក ។
ករណីអគ្គិភ័យនេះកំពុងត្រូវបានស៊ើបអង្កេតបន្ថែមទៀត ។
ក្នុងរយៈពេល៤ខែនៃដើមឆ្នាំនេះ អគ្គីភ័យ និងការផ្ទុះសរុបចំនួន១.៥៥៥បានកើតឡើងនៅក្នុងប្រទេសវៀតណាម ដោយបានបណ្តាលឲ្យស្លាប់មនុស្សចំនួន២៨នាក់ និង២៦នាក់ផ្សេងទៀតបានរងរបួស ។
ការិយាល័យស្ថិតិទូទៅរបស់ប្រទេសវៀតណាម បានឱ្យដឹងថា គ្រោះអគ្គីភ័យ និងការផ្ទុះបានបណ្តាលឱ្យមានការខាតបង់ទ្រព្យសម្បត្តិប្រហែល៨៩,៨ពាន់លានដុងវៀតណាម ស្មើនឹង៣,៥លានដុល្លារសហរដ្ឋអាមេរិក ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា