ក្រោយពីមនុស្សចេះបង្កើតតួអក្សរមក កំណត់ត្រាជាច្រើនត្រូវបានបង្កើតឡើងតាមរយៈវិធីផ្សេងៗដូចជា ឆ្លាក់ជាសិលាចារឹក ឬ ក៏សរសេរលើស្បែកសត្វជាដើម។ កំណត់ត្រាទាំងនេះ ធ្វើឡើងក្នុងគោលបំណងខុសៗគ្នាដោយចាប់ពីការកត់ត្រាពីជំនួញ រហូតដល់ ការចុះសន្ធិសញ្ញាធំៗ។

ចំពោះសន្ធិសញ្ញាសន្តិភាពដំបូងបង្អស់វិញ ក៏ធ្វើឡើងតាមរយៈសំណេរដែរ។ សន្ធិសញ្ញាសន្តិភាពនេះ ធ្វើឡើងក្នុងឆ្នាំ ១២៧១ មុនគ្រិស្តសករាជ រវាងព្រះចៅផារ៉ាអុង (ងារស្ដេចអេហ្ស៊ីបសម័យបុរាណ) Rames ទី២ និង ស្ដេច Hattusilis ទី៣ ដែលជាស្ដេចនៃនគរ Hittites ដែលស្ថិតនៅតំបន់មជ្ឈិមបូព៌ាក្នុងពេលបច្ចុប្បន្ន។

សន្ធិសញ្ញានេះ សរសេរ ២ច្បាប់ ដោយមួយសរសេរជាភាសាអេហ្ស៊ីបសម័យបុរាណ និង មួយទៀតសរសេរក្នុងភាសាអាកាដដែលជាភាសាតំបន់មេសូប៉ូតាមី (Mesopatamia)។

វាមិនត្រឹមតែធ្វើឡើងក្នុងគោលបំណងបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃរាប់ឆ្នាំរវាង អេហ្ស៊ីប និង Hatti (ទួរគីបច្ចុប្បន្ន) ទេ តែថែមទាំងជាសន្ធិសញ្ញាចងសម្ព័ន្ធមិត្តគ្នាទៅវិញទៅមក លើព្រឹត្តិការណ៍នយោបាយក្រៅស្រុក ក្នុងស្រុក និង បត្យាប័ន (ការចាប់បញ្ជូនអ្នកទោសមកកាត់ទោសនៅប្រទេសកំណើត) នូវជនបះបោរ ជនភៀសខ្លួននយោបាយ ជាដើម។
យ៉ាងណាក៏ដោយ សន្តិភាពមួយនេះមានអាយុកាលបាន ៤០ឆ្នាំ ប៉ុណ្ណោះដោយសារតែការដួលរលំនៃនគរ Hittite។

សន្ធិសញ្ញាច្បាប់ចម្លង ត្រូវបានរក្សាទុកក្នុងប្រាសាទ Karnak នៅប្រទេសអេហ្ស៊ីប រីឯច្បាប់ដើមត្រូវបានកត់នៅលើផ្ទាំងប្រាក់៕

ប្រភព៖sabay
