ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីសិស្សកម្ពុជា ៤ ប្រភេទកីឡាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ក្រោមការដឹកនាំដោយលោក កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួង អយក ជាប្រធានប្រតិភូដឹកនាំក្រុមកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជាចូលរួមការប្រកួតកីឡាសិស្សអាស៊ានលើកទី១៣ (The 13th ASEAN School Games) នៅប្រទេសវៀតណាម។
ប្រតិភូកីឡាសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជាចំនួន ៤០រូបលើ ៤ប្រភេទកីឡាទៅចូលរួមការបកួតកីឡាសិស្សអាស៊ានលើកទី១៣ (The 13th ASEAN School Games) រួមមានកីឡាអត្តពលកម្ម កីឡាហែលទឹក កីឡាវាយសី និងកីឡាវ៉ូវីណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ នៅ Danang ប្រទេស វៀតណាម។
ប្រភេទកីឡាទំាង ៤ រួមមានប្រភេទកីឡាអត្តពលកម្មមានប្រតិភូកីឡាសរុបចំនួន ៦ រូប អ្នកដឹកនាំក្រុម ១រូប គ្រូបង្វឹក១រូប កីឡាករ ២រូប និងកីឡាការិនី ២រូប ប្រកួតលើវិញ្ញាសា៖វិញ្ញាសាចម្ងាយ ១៥០០ម៉ែត្របុរស វិញ្ញាសាចម្ងាយ ៣០០០ ម៉ែត្របុរស វិញ្ញាសាចម្ងាយ ៣ ០០០ ម៉ែត្រនារី និងលោតចម្ងាយនារី សរុប ៤ វិញ្ញាសា។
ចំណែកប្រភេទកីឡាហែលទឹកមានប្រតិភូកីឡាសរុបចំនួន៦ រូប គ្រូបង្វឹក ២រូប កីឡាករ ២ រូប កីឡាការិនី២រូប ប្រកួតលើវិញ្ញាសាហែលសេរី ៥០ ម៉ែត្រ វិញ្ញាសាហែល ១០០ ម៉ែត្រ បុរស-នារី វិញ្ញាសាហែលមេអំបៅ ៥០ ម៉ែត្រ បុរស-នារី វិញ្ញាសាហែលផ្ងារ Backstroke ៥០ ម៉ែត្រ ១០០ម៉ែត្របុរស- នារី និងវិញ្ញាសាហែល Breastroke ៥០ ម៉ែត្រ ១០០ម៉ែត្រ និង២០០ម៉ែត្រ បុរស-នារី សរុប ១៤ វិញ្ញាសា។
ប្រភេទកីឡាវាយសី មានប្រតិភូកីឡាសុរបចំនួន៧រូប គ្រូបង្វឹក២រូប និងកីឡាករ ៣រូប និងកីឡាការិនី២រូប លើវិញ្ញាសាវាយទោល បុរស-នារី វិញ្ញាសាវាយគួរ បុរស-នារី និងចម្រុះសរុប៩វិញ្ញាសា។រីឯ ប្រភេទកីឡាវ៉ូវីណាម មានប្រតិភូកីឡាសរុបចំនួន ១១ រូបដូចជា គ្រូបង្វឹក ២រូប កីឡាករ ៦រូប និងកីឡាការិនី ០៣រូប លើវិញ្ញា ប្រយុទ្ធទម្ងន់ ៥៥គីឡូក្រាម បុរស ប្រយុទ្ធទម្ងន់ ៥៥គីឡូក្រាម នារី ប្រយុទ្ធទម្ងន់ ៥០គីឡូក្រាម នារី ប្រយុទ្ធទម្ងន់ ៦០គីឡូក្រាម បុរស និងវិញ្ញាសាមេគុនសរុប ១៦ វិញ្ញាសា៕ ដោយ៖លី ភីលីព





