ផ្សេងៗ

ទិវាកីឡាសម្រាប់ទាំងអស់គ្នាឆ្នាំ២០២៤ ក្រោមប្រធានបទ “ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត” នៅខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖លោក សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញចូលរួមពិធីបើកទិវាកីឡាសម្រាប់ទាំងអស់គ្នា “ Sports for All ” ឆ្នាំ២០២៤ ក្រោមប្រធានបទ “ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត” នៅខេត្តកំពង់ចាម នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៤ ។

លោក សាមឺឌី ស៊ីវឌ្ឍនា បានមានប្រសាសន៍ថា ទិវាកីឡាសម្រាប់ទាំងអស់គ្នា “ Sports for All ” ក្រោមប្រធានបទ “ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត” ប្រចាំឆ្នាំ២០២៤ នៅលើទឹកដីខេត្តកំពង់ចាម នាពេលនេះដែលបានប្រព្រឹត្តក្រោមបរិយាកាសដ៏អធិកអធមយ៉ាងក្រៃលែង។ ស្ថិតក្នុងឱកាសនេះ ខ្ញុំសូមធ្វើការកោតសរសើរចំពោះកិច្ចសហការល្អពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការជុំវិញខេត្តដែលពាក់ព័ន្ធ បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ចូលរួមរៀបចំកម្មវិធីទិវាកីឡាសម្រាប់ទាំងអស់គ្នាឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

លោករដ្ឋលេខាធិការបានបន្តថា កីឡាសម្រាប់ទាំងអស់គ្នា កើតមានឡើងនៅឆ្នាំ១៩៦០ នៅប្រទេសផ្នែកអ៊ឺរ៉ុបខាងកើត។ កីឡាសម្រាប់ទាំងអស់គ្នាជាកម្មវិធីសម្រាប់មហាជន ផ្តល់ឱកាសលើកទឹកចិត្តឲ្យមនុស្សទូទៅនៅក្នុងសង្គមគ្រប់វ័យ គ្រប់ភេទ គ្រប់មជ្ឈដ្ឋានបានចូលរួមក្នុងសកម្មភាពកីឡា ដើម្បីសកម្មភាពកម្សាន្តតាមបែបវប្បធម៌ ភាពសប្បាយរីរាយ លើកកម្ពស់សុខភាព សុខុមាលភាព និងអភិវឌ្ឍវស័យកីឡាកម្រិតខ្ពស់ ។

ការរៀបចំទិវាកីឡាសម្រាប់ទាំងអស់គ្នានេះឡើង ជាផ្តល់ឱកាសដល់លោក លោកស្រី មន្ត្រីរាជកា នគរបាល កងរាជអាវុធហត្ថ កងយោពលខេមរភូមិន្ទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅខេត្តកំពង់ចាម បានចូលរួមហាត់ប្រាណនិងលេងកីឡាដើម្បីសុខភាព ភាពសប្បាយរីករាយ សុខភាពល្អ មិត្តភាព សាមគ្គីភាព។ សកម្មភាពលេងកីឡាក៏ធ្វើឱ្យមនុស្សគ្រប់រូបមានរូបស្រស់សង្ហា ស្មារតីភ្លឺថ្លា ប្រាជ្ញាវាងវៃ បានបញ្ចេញជាតិពុលពីក្នុងខ្លួនកាត់បន្ថយភាពស្រ្តេស ទប់ស្កាត់ជំងឺបៀតបៀន កាត់បន្ថយថ្លៃព្យាបាលជំងឺទៀតផង។

ឆ្លងតាមបទពិសោធន៍ និងសមិទ្ធិផលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា គឺជាទស្សនៈវិស័យថ្មីមួយ ដែលតម្រង់ទិសវិស័យកីឡាជាតិ ឈានទៅរកការធ្វើទំនើបកម្ម ដើម្បីសុខុមាលភាពរបស់ប្រជាជនគ្រប់រូប និងដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិទាំងមូល។

សមិទ្ធិផលជាប្រវត្តិសាស្ត្រនៃព្រឹត្តការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺជាកេរមរតកដែលកូនខ្មែរគ្រប់រូបចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយ និង សម្តេច បានប្រកាសទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាយុវជនអាស៊ីនៅឆ្នាំ២០២៩។

នៅក្នុងអណ្ណត្តិទី៧ រាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តវេនដោយយកចិត្តទុកដាក់ត្រៀមរៀបចំបណ្តុះបណ្តាលពង្រឹងសមត្ថភាពយុវជនវ័យក្មេងអាយុក្រោម១៣ឆ្នាំ ឱ្យមានសមត្ថភាពខ្ពស់ដើម្បីបានចូលរួមប្រកួតដណ្តើមមេដាយឱ្យបានច្រើនលើកស្ទួយកិត្តិយសជូនប្រទេសជាតិ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នាពេលខាងមុខ។

លោក សាមឺឌី ស៊ីវឌ្ឍនា បានបញ្ជាក់ថា ថ្ងៃនេះក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំទិវាកីឡាសម្រាប់ទាំងអស់គ្នា“ Sports for All” ប្រចាំឆ្នាំ២០២៤ នៅទីរួមខេត្តកំពង់ចាមនាពេលនេះ ក្រោមប្រធានបទ “ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត”។ កីឡាសម្រាប់ទាំងអស់គ្នាជាសកម្មភាពមានកីឡាច្រើនប្រភេទ ដើម្បីផ្តល់ឱ្យបងប្អូនប្រជាពលរដ្ឋម្នាក់ៗ អាចចូលរួមលេងដោយមិនគិតថាក្មេង ចាស់ ភេទ ឋានៈតួនាទី មិនរើសអើងជាតិសាសន៍ មិនគិតឈ្នះ ចាញ់ ក្នុងគោលបំណងផ្សព្វផ្សាយ និងបំផុសឲ្យប្រជាជនចូលរួមសកម្មភាពលេងកីឡាគ្រប់គ្នា ដើម្បីលើកកម្ពស់សុខភាពផ្លូវកាយ ផ្លូវចិត្ត មិត្តភាព សាមគ្គីភាព ភាពសប្បាយរីករាយ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិ សេដ្ឋកិច្ចគ្រួសារ សហគមន៍ សង្គមកម្ពុជាទាំងមូល ប្រកបដោយសុខដុមនីយកម្ម។

កីឡាសម្រាប់ទាំងអស់គ្នាជាកម្មវិធីមួយសម្រាប់មនុស្សគ្រប់រូប គ្រប់វ័យបានចូលរួមលេងកីឡា ចូលរួមឧបត្ថម្ភគាំទ្រជាសម្ភារៈ ថវិកា វិនិយោគិន និងក្រុមហ៊ុនអាចធ្វើវិនីយោគបណ្តាក់ទុន ជាចលនាចូលរួមគាំទ្រក្នុងសកម្មភាពកីឡាណាមួយដែលខ្លួនចូលចិត្ត។ ពិសេសជំរុញដល់កូន ចៅ កុមារា កុមារី សិស្សានុសិស្ស បណ្តុះផ្នត់គំនិតឱ្យស្រឡាញ់ចូលចិត្តលេងកីឡាណាមួយ ដោយយកពេលទំនេរឱ្យកើតជាប្រយោជន៍ មានបច្ចេកទេសជំនាញឈានទៅជាកីឡាករកម្រិតខ្ពស់ ចៀសឆ្ងាយពីអប្បាយមុខទាំងឡាយដែលសង្គមស្អប់ខ្ពើម។ បច្ចុប្បន្នរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ជួសជុល កែលម្អទីធ្លា សួនច្បារ ហេដ្ឋារចនាសម័្ពន្ធកីឡាសម្រាប់បម្រើឱ្យប្រជាជនហាត់ប្រាណនិងលេងកីឡាដើម្បីសុខភាព និងសម្រាប់ហ្វឹកហាត់ ប្រកួតលក្ខណៈជាតិ អន្តរជាតិ។

Most Popular

To Top