ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានធ្វើផ្លាស់ប្តូរអ្នកទោសចំនួន៧៥នាក់ដែលត្រូវបានចាប់ខ្លួននៅក្នុងអំឡុងពេលជម្លោះដែលកំពុងបន្តកើតមានឡើងរបស់ប្រទេសទាំង២ ។
ក្រសួងការពារជាតិបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការដោះដូរអ្នកទោសត្រូវបានអនុវត្តជាលទ្ធផលនៃដំណើរការចរចាដែលសម្របសម្រួលដោយប្រទេសអារ៉ាប់រួម ។
ក្រសួងដដែលនេះបានឲ្យដឹងទៀតថា យោធានរុស្ស៊ី ដែលត្រូវបានដោះលែងនឹងត្រូវបញ្ជូនទៅកាន់ទីក្រុងម៉ូស្គូដោយយន្តហោះដឹកជញ្ជូនយោធានៃកងកម្លាំងអាកាសរុស្ស៊ី ហើយនឹងទទួលការព្យាបាល និងការស្តារនីតិសម្បទានៅក្នុងមណ្ឌលវេជ្ជសាស្រ្តរបស់ក្រសួងការពារជាតិផងដែរ ។
ទន្ទឹមនឹងនេះដែរ ទីស្នាក់ការកណ្តាលសម្របសម្រួលរបស់អ៊ុយក្រែនសម្រាប់ការព្យាបាលអ្នកទោសសង្គ្រាមបានបញ្ជាក់កាលពីថ្ងៃសុក្រថា សមាជិកយោធាអ៊ុយក្រែនចំនួន៧១នាក់ ក្នុងចំណោមពួកគេ មន្ត្រី ៦នាក់ និងជនស៊ីវិល៤នាក់បានត្រឡប់ទៅផ្ទះវិញហើយ ។
ក្រសួងបានឲ្យដឹងថា ជនជាតិអ៊ុយក្រែនសរុបចំនួន៣.២១០នាក់ដែលត្រូវបានចាប់ធ្វើជាឈ្លើយសឹកនៅក្នុងជម្លោះរុស្ស៊ី និងអ៊ុយក្រែន ត្រូវបានដោះលែងក្រោមការដោះដូរអ្នកទោសចំនួន៥២រវាងភាគីចាប់តាំងពីខែមីនា ឆ្នាំ២០២២ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា