កម្មវិធីសន្និបាត JCI អាស៊ីប៉ាស៊ីហ្វិកឆ្នាំ 2024 បើកទ្វារឆ្ពោះទៅរកកំណើនសេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌ និងការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំរបស់យុវជន
ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២៤) – កម្មវិធីសន្និបាត JCI អាស៊ីប៉ាស៊ីហ្វិក ឆ្នាំ ២០២៤ ជាព្រឹត្តិការណ៍ដ៏អស្ចារ្យ ដែលទន្ទឹងរង់ចាំជាយូរមកហើយនោះ នឹងចាប់ផ្តើមពីថ្ងៃទី ៦ ដល់ថ្ងៃទី ៩ ខែមិថុនា ទីក្រុងប្រវត្តិសាស្ត្រនៃខេត្តសៀមរាបនឹងទទួលស្វាគមន៍ប្រតិភូជាតិ និងអន្តរជាតិជាង ៤,៦០០ នាក់ ដើម្បីបង្កើតបរិយាកាសដ៏រស់រវើកសម្រាប់ការផ្លាស់ប្តូរវប្បធម៌ ការអភិវឌ្ឍសេដ្ឋកិច្ច និងការដឹកនាំយុវជន។ សន្និបាតដ៏មានសារៈសំខាន់នេះ គឺផ្តួចផ្តើមឡើង និងរៀបចំដោយ Junior Chamber International Cambodia (JCI Cambodia) ក្រោមកិច្ចសហការពី សហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា។
សន្និបាតនេះត្រូវបាន រំពឹងថានឹងចាក់បញ្ចូលទឹកប្រាក់ប្រមាណជាង ៤ លានដុល្លារអាមេរិកទៅក្នុងសេដ្ឋកិច្ចកម្ពុជា ដែលនិងបង្ហាញពីអត្ថប្រយោជន៍ជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយអំណាចនៃគំនិតផ្តួចផ្តើមដឹកនាំនៃយុវជន។
រយៈពេញមួយឆ្នាំកន្លងមកនេះ JCI Cambodia បានខិតខំបំពេញការងារដើម្បីបង្ហាញពីសក្តានុពលដ៏សម្បូរបែបនៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈការប្រាស្រ័យទាក់ទងដ៏គួរឱ្យទាក់ទាញ ការរៀបចំព្រឹត្តិការណ៍ វីដេអូ និងបទពិសោធន៍ដ៏អស្ចារ្យ ដែលបានរំលេចនូវវប្បធម៌ដ៏វិសេសវិសាល អរិយធម៌បុរាណ និងការរីកចម្រើនជាបន្តបន្ទាប់។ សន្និបាតនេះនឹងបម្រើជាវេទិកា ដើម្បីផ្សព្វផ្សាយនូវឱកាសជាចម្រុះ របស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក ដោយមានការជម្រុញការវិនិយោគ ទេសចរណ៍ និងភាពជាដៃគូនៃសេដ្ឋកិច្ច។
មិនតែប៉ុណ្ណោះ ចំណុចសំខាន់នៃសន្និបាតឆ្នាំនេះ គឺជាកិច្ចសន្ទនាធុរកិច្ចស្តីពីការវិនិយោគនៅកម្ពុជា។ កិច្ចសន្ទនាដ៏មានអត្ថន័យនេះ នឹងមានការចូលរួមពីវាគ្មិនកិត្តិយសមកពីរាជរដ្ឋាភិបាលកម្ពុជា និងអ្នកជំនាញឈានមុខគេក្នុងវិស័យនេះ ដោយផ្តល់នូវការយល់ដឹងដ៏មានតម្លៃអំពីទេសភាពវិនិយោគនៅកម្ពុជា។ អ្នកចូលរួមនឹងទទួលបានការយល់ដឹងយ៉ាងទូលំទូលាយអំពីឱកាស និងបញ្ហាប្រឈមនានាដែលទាក់ទងនឹងការវិនិយោគនៅកម្ពុជា ក៏ដូចជាគោលនយោបាយ និងគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលក្នុងការទាក់ទាញ និងគាំទ្រការវិនិយោគពីបរទេស។
បន្ថែមពីលើកិច្ចសន្ទនាធុរកិច្ច សន្និបាតនេះក៏នឹងរៀបចំ Business Matching & Expo ដែលជាវេទិកាដ៏សំខាន់សម្រាប់ការបង្កើតបណ្តាញទំនាក់ទំនង ការសហការ និងការអភិវឌ្ឍន៍អាជីវកម្ម។ អ្នកចូលរួមនឹងមានឱកាសពិសេសក្នុងការភ្ជាប់ទំនាក់ទំនង និងបង្កើតទំនាក់ទំនងជាមួយដៃគូសក្តានុពល ស្វែងយល់ពីទីផ្សារដ៏សម្បូរបែប និងបង្ហាញអំពីផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត។ គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីបេសកកម្មរបស់ JCI Cambodia ក្នុងការលើកកម្ពស់សហគ្រិនវ័យក្មេង និងជម្រុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ តាមរយៈការបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ និងការអភិវឌ្ឍអាជីវកម្មនៅកម្ពុជា។
ជាពិសេស សន្និបាតនេះក៏នឹងផ្តល់ជូននូវវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនដែលដឹកនាំដោយអ្នកជំនាញមកពីវិស័យផ្សេងៗ ដើម្បីពង្រឹងសមត្ថភាព និងផ្តល់ចំណេះដឹងថ្មីៗដល់អ្នកដឹកនាំវ័យក្មេង។ វគ្គទាំងនេះនឹងផ្តល់ឱ្យពួកគេនូវជំនាញ និងចំណេះដឹង ដើម្បីដោះស្រាយបញ្ហាសង្គម ព្រមទាំងជម្រុញការផ្លាស់ប្តូរវិជ្ជមាន ថែមទាំងរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។
នៅពេលដែលសន្និសិទចាប់ផ្តើមជាផ្លូវការ ចាប់ពីថ្ងៃទី ៦ នេះដល់ថ្ងៃទី ៩ ខែមិថុនា យើងទន្ទឹងរង់ចាំសូមស្វាគមន៍ ការប្រារព្ធពិធីនៃវប្បធម៌ចម្រុះ និងការពង្រឹងភាពជាដៃគូយូរអង្វែងដែលនឹងជម្រុញកំណើន និងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។ យើងសូមអញ្ជើញប្រតិភូជាតិ និងអន្តរជាតិឱ្យចូលរួមជាមួយពួកយើង និងការធ្វើដំណើរស្វែងយល់ អំពីសារៈសំខាន់គ្មានទីបញ្ចប់ ដែលកម្ពុជានិងមហាសន្និបាទអាស៊ីប៉ាស៊ីហ្វិក ( JCI ASPAC ) ឆ្នាំ២០២៤ ផ្តល់ជូន។



















