កាលីហ្វរញ៉ា៖ បើតាមការសិក្សាថ្មីមួយដោយបានវិភាគផលប៉ះពាល់សុខភាពផ្តោតទៅលើផ្សែងបារីរយៈពេលយូរបានឲ្យដឹងថា ប្រជាជនដែលរស់នៅនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកបានរងផលប៉ះពាល់ដោយការបំពុលពីផ្សែងភ្លើងឆេះព្រៃ និងផ្សែងភ្លើងផ្សេងបណ្តាលឲ្យស្លាប់ជាង ៥២,០០០នាក់ក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅ។
យោងតាមទិន្នន័យចាប់ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៨ ឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ California- Los Angeles បានធ្វើការវិភាគលើការបំពុលបរិយាកាស PM2.5 ដាក់ឈ្មោះតាមទំហំរបស់សារជាតិពុលតិចជាង ២.៥ មីក្រូម៉ែត្រដែលបានសាយភាយពីភ្លើងឆេះព្រៃ និងបានរកឃើញផលប៉ះពាល់ដ៍សាហាវទៅលើប្រជាជនក្នុងតំបន់មានចំនួនច្រើនជាងការរំពឹង។
លោកស្រី Rachel Connolly ជាអ្នកដឹកនាំការស្រាវជ្រាវបាននិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងខ្ពស់ជាងការប៉ាន់ប្រមាណពីមុន ព្រោះការស្រាវជ្រាវពីមុនផ្តោតជាចម្បងលើផលប៉ះពាល់សុខភាពរយៈពេលខ្លីនៃការបំពុលតែប៉ុណ្ណោះ។
អ្នកស្រីបានបន្ថែមថា ការសិក្សាស្រាវជ្រាវកំពុងកើនឡើងបានបង្ហាញពីភាគល្អិតចេញពីផ្សែងភ្លើងឆេះព្រៃដ៏មានគ្រោះថ្នាក់ដល់សុខភាពមនុស្សជាងភាគល្អិតមកពីប្រភពបំពុលផ្សេងៗ។ នាពេលបច្ចុប្បន្ននេះសង្គមត្រូវវិនិយោគលើការគ្រប់គ្រងព្រៃឈើ និងការកាត់បន្ថយអាកាសធាតុ ដោយកត្តាទាំង២នេះអាចផ្តល់អត្ថប្រយោជន៍សុខភាពយ៉ាងសំខាន់សម្រាប់មនុស្សជាតិនៅលើផែនដី។
ហានិភ័យនៃភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា បានកើនឡើងក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយនេះ ធ្វើឲ្យក្រុមអ្នកស្រាវជ្រាវបានប៉ាន់ប្រមាណពីផលប៉ះពាល់សេដ្ឋកិច្ចនៃការបំពុលដោយភ្លើងឆេះព្រៃ រួមទាំងការព្យាបាលអ្នកដែលមានជំងឺ ដោយចំណាយទឹកប្រាក់ពី ៤៣២ ពាន់លានដុល្លារទៅ ៤៥៦ពាន់លានដុល្លារ៕ ដោយ៖លី ភីលីព