ភ្នំពេញ៖ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រតិភូគ្រូបង្វឹក កីឡាករ-កីឡាការិនី ២៨នាក់ បានចេញដំណើរទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាទូកនាគអន្តរជាតិដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ដល់ ១០ ខែមិថុនា ឆ្នាំ២០២៤ នៅចិនម៉ាកាវវិញរួមមានប្រតិភូ១រូប អគ្គហេរញិក ១ រូប អគ្គហេរញិក ២ រូប គ្រូបង្វឹក១រូប គ្រូជំនួយ១រូប និងកីឡាករចំនួន ១៩ នាក់ និងកីឡាការិនី៣ នាក់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
លោក គង់ សុភាព គ្រូជំនួយសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាគូសបានប្រាប់ឲ្យដឹងថាព្រឹត្តិការណ៍កីឡាទូកនាគអន្តរជាតិនេះ កម្ពុជាប្រកួតលើ ១ វិញ្ញាសា គឺវិញ្ញាសាទូកប្រពៃណីខ្នាតអន្តរជាតិ (ទូកនាគ) ៥០០ម៉ែត្រ ចំណុះ ២២នាក់។ ក្រុមអត្តពលិកទូកយើងបានធ្វើហ្វឹកហាត់ត្រៀមទទួលបានសិទ្ធផលរបស់កីឡាករមានលក្ខណៈល្អប្រសើរ ហើយសម្រាប់ការប្រកួតនេះ ក្រុមជម្រើសជាតិទូកនាគកម្ពុជាប្តេជ្ញាប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមឲ្យបាននូវលទ្ធផលល្អប្រសើរ ជាពិសេសគឺក្តីរំពឹងក្នុងការដណ្តើមមេដាយកម្រិតណាមួយ យកមកជូនជាតិមាតុភូមិរបស់ខ្លួន។
លោក គង់ សុភាព បានបន្តថា ការប្រកួតលើកនេះអាចដកស្រង់បច្ចេកទេស បទពិសោធន៍ ហើយថែមទាំងអាចរិតចំណងសាមគ្គីភាព មិត្តភាពជាមួយប្រតិភូកីឡាមកពីប្រទេសផ្សេងៗបានក្នុងពេលជាមួយគ្នា។ ក្រៅពីការប្រឹងប្រែងប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិនៅប្រទេសចិនលើកនេះ ក៏ជាគោលដៅឆ្ពោះទៅស្វែងរកមេដាយនៃការប្រកួតកីឡាSEA GAME លើកទី៣៣ នាឆ្នាំ២០២៥ នៅប្រទេសថៃ។
លោកសង្កត់ធ្ងន់ថា ការប្រកួតទូគនាគអន្តរជាតិ នៅប្រទេសចិន ទទួលបានការអនុញ្ញាតជាគោលការណ៍ និងការឧបត្ថម្ភថវិកាពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ។
គួរបញ្ជាក់ថា ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីជម្រើសជាតិទូកនាគកម្ពុជាមានចំនួនសរុប២៨នាក់ ដឹកនាំលោកវរសេនីយ៍ទោ វ៉ា គ្រី អគ្គលេខាធិការង សហព័ន្ធទទួលបន្ទុកជាប្រធានប្រតិភូ, កញ្ញា មាស តឿ, កញ្ញា សួង ចាន់តូរ៉ាទី ជាអនុប្រធានប្រតិភូ និងកញ្ញា គួយ ស៊ីងឡេង មន្ត្រីសម្របសម្រួល និងគ្រូបង្វឹក លោក Naing Naing Htoo ជាគ្រូបង្វឹក អមដោយគ្រូជំនួយ លោក គង់ សុភាព៕ ដោយ៖លី ភីលីព





