ភ្នំពេញ៖លោក ឡាំង អូណា ប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជា និងលោក ប៊ូ វិរៈ ជាអនុប្រធានសហព័ន្ធនាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមពិធីបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសកីឡាឡើងភ្នំកម្រិតបឋម និងគ្រូបង្វឹកកម្រិត១-២ ដែលមានរយៈពេល៣ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ដោយមានសិក្ខាកាមចំនួន ៥៦ នាក់ ប្រព្រឹត្តិទៅនៅអគារស្នាក់ការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ(អគារខេមរានី) ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។
លោក ឡាំង អូណា បានមានប្រសាសន៍ថា ថ្ងៃនេះសហព័ន្ធកីឡាឡើងភ្នំកម្ពុជា (ស.ឡ.ក) CAMBODIA CLIMBING & HIKING FEDERATION (C.C.H.F) បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសកីឡាឡើងភ្នំកម្រិតបឋម និងគ្រូបង្វឹកកម្រិត១-២ មានគោលបំណងដើម្បីអភិវឌ្ឍកីឡាឡើងភ្នំនៅកម្ពុជាឲ្យមានការរីកចម្រើនទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ស្របតាមលក្ខន្តិកៈ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល សហព័ន្ធកីឡាឡើងភ្នំកម្ពុជា។
ប្រភេទកីឡាឡើងភ្នំកម្ពុជាត្រូវបានទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិ ហើយវិស័យកីឡានេះក៏បានរួមចំណែកទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកលេងកម្សាន្តនៅព្រះរាជាណាចក្រកម្ពុជា ដោយសារកីឡាឡើងភ្នំពេញជនជាតិបរទេសចូលចិត្តឡើងភ្នំខ្ពស់ៗ ។សព្វថ្ងៃនេះប្រជាជនកម្ពុជាយើងក៏មានសមត្ថភាពមិនចាញ់ជនរទេសឡើយ យើងក៏អាចឡើងភ្នំខ្ពស់ ជាពិសេសប្រភេទកីឡាឡើងភ្នំ កីឡាករ-កីឡាការីនីធ្លាប់ដណ្តើមមេដាយកម្រិតអន្តរជាតិទៀតផង។
លោកប្រធានបានបន្តថា តាមរយៈពេលវគ្គបណ្តុះបណ្តាលនេះ សហព័ន្ធនឹងទទួលបានធនធានមនុស្សពីសិក្ខាកាមទំាងអស់គ្នាលើកីឡាប្រភេទនេះ ហើយលោកសង្ឃឹមជឿជាក់ថា សហព័ន្ធនឹងផ្តល់នូវចំណេះដឹងថ្មីមួយទៀត សម្រាប់សិក្ខាកាមចំនួន ៥៦ នាក់មានការចាប់អារម្មណ៍កីឡាឡើងភ្នំចំពោះបទពិសោធន៍ថ្មីសម្រាប់ជីវិត ដើម្បីឲ្យកីឡាឡើងភ្នំកាន់តែមានប្រជាប្រិយភាព និងបង្កើនភាពខ្លាំងរបស់ខ្លួនប្រកួតប្រជែងនៅលើឆាកអន្តរជាតិជាមួយក្រុមកីឡាករ-កីឡាករបរទេសក្នុងការលើកស្ទួយកិត្តិយសប្រទេសកម្ពុជា។
លោក ឡាំង អូណា ក៏បានប្តេជ្ញាចិត្តខ្ពស់ថា អ្វីដែលលោកឈរនៅទីនេះ នឹងប្រើប្រាស់ធនធាន កម្លាំងកាយចិត្ត រួមជាមួយនឹងសមាជិកទាំងអស់ ព្រមទាំងកីឡាករ-កីឡាការិនីដើម្បីជំរុញដល់ការអភិវឌ្ឍវិស័យកីឡាឡើងភ្នំកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសនឹងធ្វើឱ្យមានការចាប់អារម្មណ៍ពីមហាជន យុវជន និងថ្នាក់ដឹកនាំ តាមរយៈការប្រឹងប្រែងអភិវឌ្ឍជំនាញប្រភេទកីឡាអូឡាំពិកមួយនេះ។បគោលបំណងចម្បងរបស់យើងទាំងអស់គ្នា គឺចង់ឲ្យទង់ជាតិកម្ពុជាបង្ហាញនៅលើឆាកអន្តរជាតិ ក្នុងការប្រកួតកីឡាអន្តរជាតិ នាពេលខាងមុខ។
ខ្ញុំសូមប្តេជ្ញាចិត្តថា នឹងប្រើប្រាស់ឲ្យអស់ពីលទ្ធភាព ដើម្បីជួយជ្រោមជ្រែងដល់សហព័ន្ធកីឡាឡើងភ្នំកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ក្រោយបញ្ចប់វគ្គសិក្សាសហព័ន្ធកីឡាឡើងភ្នំកម្ពុជានឹងមានការប្រគល់ជូនវិញ្ញាបនបត្របញ្ចប់វគ្គសិក្សាដល់យុវជន-យុវនារីហើយវិញ្ញាបនបត្រនេះក៏ជាចំណែកមួយជួយឲ្យយុវជន យុវនារី ដែលបានបញ្ចប់វគ្គសិក្សានេះអាចមានអាទិភាពដាក់ពាក្យបម្រើការងារនៅទីកន្លែងហាត់ប្រាណណាមួយដែលមានប្រភេទកីឡាឡើងភ្នំនេះបានផងដែរ៕ ដោយ៖លី ភីលីព