ផ្សេងៗ

មាន​ដឹង​ថា ប្រទេស​អាស៊ាន​ណា​ទេ ដែល​ដូរ​ទង់ជាតិ​ចុង​ក្រោយ​គេ?

ទង់ជាតិ​នៃ​ប្រទេស​ណា​មួយ ឆ្លុះ​បញ្ចាំង​ពី​និមិត្តរូប​ជាតិ​ស្ថិត​ក្រោម​លក្ខខណ្ឌ​នយោបាយ និង​វប្បធម៌​របស់​ប្រទេស​នីមួយៗ។ ការ​ផ្លាស់ប្ដូរ​ទង់ជាតិ​ឆ្លុះ​បញ្ចាំង​ពី​ការ​ផ្លាស់ប្ដូរ​ផ្នត់​គំនិត និង​របប​ដឹកនាំ​របស់​ប្រទេស​ណាមួយ។ នៅ​ក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍ មាន​ប្រទេស​ជា​ច្រើន​រួ​ម​មាន​ទាំង​កម្ពុជា​ផង​ បាន​ផ្លាស់ប្ដូរ​ទង់ជាតិ ឈ្មោះ​ផ្លូវការ​របស់​ប្រទេស និង​ភ្លេងជាតិ​ជា​ច្រើន​ដង​មក​ហើយ​ទៅតាម​កាលៈទេសៈ​របប​គ្រប់គ្រង​រដ្ឋ។

នៅ​តំបន់​របស់​យើង​ ប្រទេស​ដែល​ផ្លាស់ប្ដូរ​ទង់ជាតិ​ចុងក្រោយ​បង្អស់​គឺ ប្រទេស​មីយ៉ាន់ម៉ា។ ប្រទេស​នេះ​បាន​ផ្លាស់ប្ដូរ​ទង់ជាតិ​លើកចុង​ក្រោយ​បង្អស់​គឺ​នៅ​ថ្ងៃទី២១ ខែ​តុលា ឆ្នាំ២០១០។ ទង់ជាតិ​ថ្មី​ចុង​ក្រោយ​នេះ​មាន​ពណ៌លឿង បៃតង និងក្រហម ជាមួយ​នឹង​ផ្កាយ​ធំ​មួយ​ពណ៌​ស​នៅ​ចំ​កណ្ដាល។

ពណ៌លឿង​តំណាង​ឱ្យ​សាមគ្គីភាព និង​សុភមង្គល​ជាតិ ចំណែក​ឯ​ពណ៌​បៃតង តំណាង​ឱ្យ​យុត្តិធម៌ និង​ក្ដី​សោមនស្ស​ជាតិ ហើយ​ពណ៌​ក្រហម​តំណាង​ឱ្យ​ភាព​ក្លាហាន និង​ប្រត្យក្សភាព។ ផ្កាយ​ធំ​ពណ៌​ស​តំណាង​ឱ្យភាព​បរិសុទ្ធ ភាព​ស្មោះត្រង់ និង​អំណាច។

ទង់ជាតិ​នេះ​ត្រូវ​បាន​ផ្លាស់ប្ដូរ​ភ្លាមៗ​នៅ​ឆ្នាំ​២០១០ ក្រោយ​ពី​ប្រទេស​នេះ​ដាក់ប្រើប្រាស់​រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​ចេញ​នៅ​ឆ្នាំ២០០៨។ ទង់ជាតិ​ចាស់ ដែល​ដាក់ប្រើប្រាស់​នៅ​ឆ្នាំ១៩៧៤ និង​មាន​លក្ខណៈ​ជា​សង្គមនិយម ត្រូវ​បាន​​គេ​បញ្ជា​ឱ្យ​ដុត​ចោល​នៅ​ស្ថាប័ន និង​អង្គភាព​រដ្ឋ នេះ​បើ​តាម​សារព័ត៌មាន​រ៉យទ័រ​។

នៅ​ពេល​ដែល​គណបក្ស​អ្នកស្រី​ អោងសាន ស៊ូជី គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ឡើង​កាន់​អំណាច មាន​សំណើ​មួយ​ចំនួន​ចង់​ឱ្យ​ផ្លាស់​ប្ដូរ​ទង់ជាតិ​ដែ​ល​ដាក់ប្រើប្រាស់​នៅ​ឆ្នាំ២០១០នេះ។

បើ​សំណើ​របស់​គណបក្ស​អ្នកស្រី​អោងសាន ស៊ូជី​នៅ​ឆ្នាំ២០១៩ ទង់​ជាតិ​ដែល​ស្នើ​ថ្មី​នេះ​​ស្រដៀង​នឹង​ទង់ជាតិ​ចាស់ ដែល​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ឆ្នាំ១៩៤៨ និង​ឆ្នាំ១៩៧៤ ដោយ​មាន​ផ្ទៃ​ធំ​ពណ៌​ក្រហម រួម​ជាមួយ​នឹង​ផ្ទៃ​តូច​ពណ៌​ខៀវនៅ​គែម​ខាង​ឆ្វេង គួប​ផ្សំ​ជាមួយ​នឹង​ផ្កាយ​ស​ធំ​មួយ និង​ព័ទ្ធជុំវិញ​ដោយ​ផ្កាយ​ស​តូចៗ​ចំនួន ១៤៕

ប្រភព៖ sabay

Most Popular

To Top