ផ្សេងៗ

ការហាមប្រាម ផ្នែកវិស័យអប់រំសម្រាប់ក្មេងស្រីលើសពី ១២ ឆ្នាំនៅអាហ្វហ្គានីស្ថានឈានដល់ ១០០០ ថ្ងៃក្រោមការគ្រប់គ្រងរបស់តាលីបង់

VOA

ប៉ាគីស្ថាន៖ ការហាមប្រាមរបស់ពួកតាលីបង់លើការអប់រំកុមារីដែលមានអាយុលើសពី ១២ ឆ្នាំនៅក្នុងប្រទេសអាហ្វហ្គានីស្ថានបានឈានដល់ ១,០០០ ថ្ងៃកាលពីថ្ងៃព្រហស្បតិ៍ ចំពេលមានកំហឹងជាសកល និងការទាមទារឲ្យមានការបន្តការសិក្សារបស់កុមារជាបន្ទាន់។

មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ UNICEF បានបរិហារវាថា ជាព្រឹត្តិការណ៍ដ៏សោកសៅ និងគួរឲ្យព្រួយបារម្ភ ហើយបានកត់សម្គាល់ថា ១០០០ ថ្ងៃហើយនៅក្រៅសាលាមានចំនួនដល់ទៅ ៣ ពាន់លានម៉ោងដែលបានបាត់បង់។
សេចក្តីថ្លែងការណ៍បានដកស្រង់សម្តីលោកស្រី Catherine Russell នាយកប្រតិបត្តិអង្គការ UNICEF ដោយបានព្រមានរដ្ឋាភិបាលតាលីបង់តែមួយគត់ថា គ្មានប្រទេសណាអាចរីកចម្រើនបានទេ ប្រសិនបើពាក់កណ្តាលនៃចំនួនប្រជាជនរបស់ខ្លួនត្រូវបានទុកចោល។

លោកស្រី Russell បានប្តថា សម្រាប់ក្មេងស្រីចំនួន ១.៥ លាននាក់ ការមិនរាប់បញ្ចូលជាប្រព័ន្ធនេះ មិនត្រឹមតែជាការរំលោភសិទ្ធិក្នុងការអប់រំរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំឲ្យឱកាសធ្លាក់ចុះ និងធ្វើឲ្យសុខភាពផ្លូវចិត្តកាន់តែយ៉ាប់យ៉ឺន។

អ្នកស្រីបានបន្ថែមថា នៅពេលយើងសម្គាល់ព្រឹត្តិការណ៍ដ៏គួរឲ្យសោកស្តាយនេះ ខ្ញុំសូមជំរុញឲ្យអាជ្ញាធរដោយការពិតអនុញ្ញាតឲ្យកុមារទាំងអស់បន្តការសិក្សាជាបន្ទាន់៕ ដោយ៖លី ភីលីព

Most Popular

To Top