ផ្សេងៗ

ចង់នាំយកបច្ចេកវិទ្យាស្វ័យទំនើប កម្មទំនើបចុងក្រោយរបស់ពិភពលោក មកកម្ពុជា

អ្នកឧកញ៉ា លាង ម៉េង បន្តបញ្ជូនយុវជនខ្មែរ ចូលរួមដោយផ្ទាល់ក្នុងកម្មវិធី ProPak Asia និង Brewing Conference

ភ្នំពេញ៖ ពិភពលោកកំពុងតែដើរទៅមុខយ៉ាងលឿន ជាមួយរបកគំហើញ និងគំនិតថ្មីៗ នៃបច្ចេកវិទ្យាចុងក្រោយ ឥតឈប់ឈរ! ប៉ុន្តែបដិវត្តន៍បច្ចេកវិទ្យា គ្រឿងចក្រ ចំណេះដឹង ជំនាញថ្មីៗ ពាក់ព័ន្ធនឹងឧស្សាហកម្មនៃការផលិតភេសជ្ជៈចុងក្រោយបង្អស់ទាំងនោះ មិនមែនជាគម្លាតឆ្ងាយឡើយ សម្រាប់បុគ្គលិកជំនាញ ដែលកំពុងបំពេញការងារនៅ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស របស់អ្នកឧកញ៉ា លាង ម៉េង ។

ក្នុងនាមជាសហគ្រិនខ្មែរមួយរូប ដែលផ្ដោតខ្លាំងបំផុតលើការបណ្ដុះបណ្ដាល ដល់ធនធានយុវជនកម្ពុជា ឱ្យកាន់តែមានចំណេះ ជំនាញថ្មីៗ ប្រដំត្រសងនឹងភាពរីកចម្រើនរបស់ពិភពលោក។ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ខ្មែរ ប៊ែវើរីជីស  តែងតែយកចិត្តទុកដាក់ ដឹកនាំ និងបញ្ជូនបុគ្គលិកជំនាញផ្នែកបច្ចេកទេសពីប្រទេសកម្ពុជា ទៅចូលរួមព្រឹត្តិការណ៍ ឬកម្មវិធីធំៗនៅទូទាំងពិភពលោក ដែលភាគច្រើនពាក់ព័ន្ធជាមួយនឹងការអភិវឌ្ឍបច្ចេកវិទ្យាទំនើបចុងក្រោយ។

អ្នកឧកញ៉ា លាង ម៉េង បានបន្តដឹកនាំបុគ្គលិកជំនាញ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ចូលរួមពិព័ណ៌ ProPak Asia ដែលជាកម្មវិធីពិព័ណ៌អន្តរជាតិលើកទី៣១ ស្ដីពីដំណើរការផលិត និងស្តង់ដារនៃការវេចខ្ចប់ផលិតផលប្រចាំទ្វីបអាស៊ី (The 31st International Processing and Packaging Exhibition for Asia) រៀបចំឡើងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃ។

ProPak Asia គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មអន្តរជាតិលំដាប់លេខមួយរបស់អាស៊ីសម្រាប់បច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់។ ProPak Asia ក៏ជាព្រឹត្តិការណ៍ដ៏សំខាន់ប្រចាំតំបន់អាស៊ី ដែលមានការចូលរួមចែករំលែក ផ្លាស់ប្ដូរបទពិសោធន៍ដោយផ្ទាល់ពី ប្រធានក្រុមហ៊ុន ម្ចាស់រោងចក្រ សហគ្រាស ដែលកំពុងប្រតិបត្តិការធុរកិច្ច មុខជំនួញធំៗ ជាពិសេសចែករំលែកបទពិសោធន៍ពីអ្នកជំនាញអន្តរជាតិ ដោយផ្ដោតសំខាន់លើគុណភាព និងភាពខុសគ្នានៃការផលិតផល ការវេចខ្ចប់ និងស្តង់ដារផលិតកម្ម ដែលចាំបាច់ត្រូវតែជំរុញឱ្យកាន់តែមានស្តង់ដារប្រកួតប្រជែងខ្ពស់ ដោយស្វ័យប្រវត្តិកម្មថ្មីៗ និងភាពជឿនលឿននៃបច្ចេកវិទ្យារបស់ពិភពលោកនាពេលបច្ចុប្បន្ន។

ហើយអ្នកឧកញ៉ា លាង ម៉េង ក៏មិនខកខាន និងបែងចែកបុគ្គលិកជំនាញបច្ចេកទេសមួយក្រុមទៀត ចូលរួមសិក្ខាសាលាឧស្សាហកម្មផលិតស្រាបៀរ និងភេសជ្ជៈនៅអាស៊ីអាគ្នេយ៍ ដែលរៀបចំរួមគ្នាដោយ VLB Berlin និង Thailand Beer Industry Guild (TBIG) ដែលប្រជុំដោយក្រុមអ្នកជំនាញនៃសមាគមអ្នកផលិតភេសជ្ជៈមកពីទូទាំងពិភពលោក មានប្រភពមកពីទីក្រុង ប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ ចាប់ពីថ្ងៃទី៩ ដល់ ១១មិថុនា ដើម្បីចែករំលែកចំណេះដឹងពីច្ចេកវិទ្យាថ្មីៗ ចុងក្រោយ ដែលទើបតែស្រាវជាវឃើញដោយអ្នកជំនាញលើពិភពលោក។

គួររំឮកថា ដើម្បីបន្តអភិវឌ្ឍន៍ធនធានមនុស្សរបស់កម្ពុជា និងធ្វើយ៉ាងណាឱ្យក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បន្តចាក់គ្រឹះកាន់តែរឹងមាំ មានកេរ្តិ៍ឈ្មោះរាប់រយឆ្នាំ ផ្ដល់ឱកាសការងារដល់យុវជនខ្មែរជំនាន់ក្រោយ ឱ្យមានសមត្ថភាពពេញលេញក្នុងការប្រកួតប្រជែងជាមួយបណ្ដា ក្រុមហ៊ុន លំដាប់ពិភពលោកបាន ជារៀងរាល់ឆ្នាំ អ្នកឧកញ៉ា លាង ម៉េង តែងបញ្ជូនបុគ្គលិករបស់ខ្លួន ចូលរួមកម្មវិធី សិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលអន្តរជាតិនៅបរទេសជាបន្តបន្ទាប់ ដូចជានៅតាមបណ្ដាប្រទេសជឿនលឿនក្នុងតំបន់អាស៊ាន ប្រទេសអាល្លឺម៉ង់ ប្រទេសស្វីស និងបណ្ដាប្រទេសជាច្រើនទៀត នៅទ្វីបអឺរ៉ុបជាដើម៕

Most Popular

To Top