បរទេស៖ ការប្រកួតដ៏ចម្រូងចម្រាសរបស់ប្រទេសកាតាក្នុងជ័យជម្នះ ២-១ របស់ពួកគេលើប្រទេសឥណ្ឌានៅប្រកួតវគ្គជម្រុះព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់កម្រិតពិភពលោក “World Cup” បានបង្កើតរលកនៃការរិះគន់ ហើយ FIFA ត្រូវបានស្នើសុំឲ្យពិនិត្យឡើងវិញនូវហេតុការណ៍មួយនេះ។
មុនការប្រកួតចុងក្រោយនៃវគ្គជម្រុះជុំទី២ ប្រទេសឥណ្ឌាស្ថិតនៅលេខ ២ ក្នុងពូល A ដោយមាន ៥ ពិន្ទុដូចគ្នាជាមួយប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែមានគ្រាប់បាល់ខុសគ្នាជាង។ ទន្ទឹមនឹងនេះ កាតាបានរក្សាតំណែងកំពូលដោយមាន ១៣ ពិន្ទុ ខណៈគុយវ៉ែតមាន ៤ ពិន្ទុចុងក្រោយ។
នៅជុំចុងក្រោយនៅថ្ងៃទី ១១ ខែមិថុនា ឥណ្ឌាប៉ះកាតា ខណៈគុយវ៉ែតប៉ះអាហ្វហ្គានីស្ថាន ហើយឥណ្ឌាត្រូវការយកឈ្នះកាតា ដើម្បីរក្សាចំណាត់ថ្នាក់លេខ២ក្នុងពូល។ ពួកគេរកបានគ្រាប់បាល់បើកឆាកនៅនាទីទី ៣៧ ដោយកីឡាករ Lallianzuala Chhangte។
ស្ថិតនៅត្រង់ចំណុចជ្រុងបានកើតឡើងនៅនាទីទី ៧៣។ កាតាបានឆ្លងបាល់ចូលទៅក្នុងតំបន់ពិន័យពីការទាត់បាល់ហ្វ្រីឃីកនៅផ្នែកខាងស្តាំសម្រាប់កីឡាករ Youssef Ayman ប៉ុន្តែត្រូវបានរារាំងដោយអ្នកចាំទី Gurpreet Singh Sandhu ។
បន្ទាប់មកកីឡាករឥណ្ឌាទាំងអស់បានឈប់ ខណៈពួកគេគិតថា បាល់បានចេញចូលជ្រុងមួយ ប៉ុន្តែភ្លាមៗនោះ កីឡាករ Abdullah Alahrak បានទាត់បាល់ចូលទៅក្នុងទីលានវិញ ដើម្បីឲ្យ Ayman បញ្ចប់ ហើយគ្រាប់បាល់ត្រូវបានផ្តល់ឲ្យ។
កីឡាកររបស់ប្រទេសឥណ្ឌាបានប្រតិកម្មយ៉ាងខ្លាំងចំពោះការសម្រេចចិត្តនេះ ប៉ុន្តែអាជ្ញាកណ្តាលកូរ៉េខាងត្បូងនៅតែជាប់គាំងនឹងការសម្រេចចិត្តរបស់លោក។ VAR មិនត្រូវបានប្រើក្នុងការប្រកួតជម្រុះជុំទី២នៃព្រឹត្តិការណ៍ World Cup 2026 ដូច្នេះការលេងនេះមិនត្រូវបានពិនិត្យមើលទេ។ កាមេរ៉ាទូរទស្សន៍ក៏មិនអាចបញ្ជាក់ថា តើបាល់បានចេញ ឬអត់ដែរ ដោយសាររាងកាយរបស់អ្នកចាំទី Gurpreet បានរារាំងទិដ្ឋភាព។
មួយថ្ងៃបន្ទាប់ពីហេតុការណ៍នេះ ប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា (AIFF) លោក Kalyan Chaubey បាននិយាយថា ការឈ្នះ និងចាញ់ គឺជាផ្នែកមួយនៃបាល់ទាត់ ប៉ុន្តែគ្រាប់បាល់របស់កាតាបានបន្សល់ទុកនូវសំណួរដែលមិនមានចម្លើយមួយចំនួន។
AIFF បានផ្ញើលិខិតទៅអ្នករៀបចំការប្រកួតជម្រុះ World Cup របស់ FIFA ដែលជាប្រធានគណៈកម្មាធិការអាជ្ញាកណ្តាលនៃសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងជាអ្នកត្រួតពិនិត្យការប្រកួត ដើម្បីពិនិត្យមើលការតាមស្មើរបស់កាតា។
លោក Chaubey បានប្រាប់កាសែតឥណ្ឌា The Hindu ថា ដោយសារតែកត្តាសំខាន់នៃហេតុការណ៍នេះ យើងអំពាវនាវឲ្យភាគីពាក់ព័ន្ធស៊ើបអង្កេតរឿងនេះឲ្យបានហ្មត់ចត់។ យើងចង់ឲ្យពួកគេពិចារណាផែនការសំណងដើម្បីផ្តល់យុត្តិធម៌សម្រាប់ប្រទេសឥណ្ឌា។ យើងជឿជាក់លើ FIFA និង AFC ឲ្យចាត់វិធានការចាំបាច់ដើម្បីធ្វើដូច្នេះ។
ការបរាជ័យទល់នឹងកាតាបានបង្ខំឲ្យឥណ្ឌាប្រកួតប្រជែងក្នុងវគ្គជម្រុះនៃពានរង្វាន់ Asian Cup ឆ្នាំ ២០២៧ ។ ទន្ទឹមនឹងនេះ កាតានឹងចូលរួមជាមួយក្រុមចំនួន ១៧ ផ្សេងទៀតក្នុងការប្រកួតជម្រុះជុំទី ៣ នៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦៕ ដោយ៖លី ភីលីព