ភ្នំពេញ៖លោក សុខ វាសនា អតីតគ្រូបង្វឹកក្រុមបាល់ទាត់អាស៊ីអឺរ៉ុប និងជាកីឡាករវ័យចាស់របស់ក្រុមបាល់ទាត់វ័យចាស់ K8 FOOTBALL TEAM បានប្រាប់ឲ្យដឹងថា ការប្រកួតមិត្តភាពជាមួយក្រុមបាល់ទាត់វ័យចាស់របស់ម៉ាឡេស៊ីកាលពីល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ នៅតារាងបាល់ទាត់អគ្គិសនីកម្ពុជាគឺជាការរឹតចំណងមិត្តភាពរវាងប្រទេសទាំង ២ ព្រមទំាងត្រៀមខ្លួនប៉ះជាមួយក្រុមបាល់ទាត់ Moly FCនៃការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ នាទីលានវិទ្យាល័យបឹងត្រែបក។
កីឡាករខ្សែការពាររបស់ក្រុមបាល់ទាត់វ័យចាស់បានបន្តថា ការប្រកួតមិត្តភាពនាល្ងាចនេះជាការប្រកួតមិត្តភាពមួយដើម្បីរឹតចំណងរវាងប្រទេសទាំង ២ គឺម៉ាឡេស៊ី និងកម្ពុជា។ កីឡាករដែលមកប្រកួតមិត្តភាពល្ងាចនេះមានអតីតគ្រូៗរបស់ម៉ាឡេស៊ី និងមានខ្លះមកពីស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា ខណៈកីឡាករវ័យរបស់ក្រុមបាល់ទាត់វ័យចាស់ K8 FOOTBALL TEAM លេងនៅល្ងាចនេះភាគច្រើនជាកីឡាករចាស់ៗដែលសម្រាកពីការងារ ។
លោកបានបន្ថែមទៀតថា ក្រៅពីការប្រកួតដើម្បីរឹតចំណងមិត្តភាពក៏ដើម្បីតេស្តសមត្ថភាពកីឡាករដើម្បីត្រៀមការប្រកួតពាន Soccer League នាចុងសប្ដាហ៍នេះផងដែរ។ ការប្រកួតក្នុងពាន Soccer League ក្រុមបាល់ទាត់វ័យចាស់ K8 FOOTBALL TEAM មិនផ្ដោតតែលើលទ្ធផលខ្លាំងពេកទេគឺក្រុមមួយនេះផ្ដោតទៅលើការចូលរួម និងផ្ដោតទៅលើការលេងដើម្បីសុខភាព។
លោកពន្យល់ពីមូលហេតុនៃការលេងដើម្បីការចូលរួម និងលេងដើម្បីសុខភាពថា ក្រុមរបស់លោកកីឡាករភាគច្រើនវ័យរាងជ្រេជាងក្រុមផ្សេង ហើយបើនិយាយពីកម្លាំងគឺចាញ់ក្រុមផ្សេងក្នុងពាន Soccer League ហើយប៉ុន្តែបើនិយាយពីបច្ចេកទេសនិងតិកនិកក្នុងការលេងគឺលើសគេ ហើយបើកម្លាំងចាញ់គេហើយការប្រជែងពានគឺពិបាកណាស់ ហេតុដូច្នេះទើបលោកលេងផ្ដោតតែលើសុខភាព និងលេងដើម្បីបង្ហាញពីការចូលរួមលេងកីឡាទាំងអស់គ្នាស្របតាមអនុសាសន៍របស់សម្ដេចប្រជាពលរដ្ឋម្នាក់លេងកីឡាយ៉ាងហោចណាស់មួយមុខផងដែរ៕ ដោយ៖លីភីលីព







