ផ្សេងៗ

លោក ទេព រិទ្ធីវិទ្ធ៖ ការបោះជំរុំហ្វឹកហាត់ នៅសៀមរាបដើម្បីត្រៀមការប្រកួតកីឡាវាយកូនបាល់ DAVIS CUP Asia/Oceania Group IV នៅកម្ពុជា

ភ្នំពេញ៖ ដំណើរការបោះជំរុំហ្វឹកហាត់របស់កីឡាករជម្រើសជាតិកីឡាវាយកូនបាល់កម្ពុជារបស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជានៅលើទឹកដីខេត្តសៀមរាប ត្រៀមចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់DAVIS CUP Asia/Oceania Group IV ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដើម្បីដណ្តើមបានកៅអីឡើងទៅកាន់គ្រុបទី៣ នាឆ្នាំ២០២៥។

លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការនៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានប្រាប់ឲ្យដឹងថា សហព័ន្ធសម្រេចបញ្ជូនក្រុមជម្រើសជាតិកីឡាវាយកូនបាល់កម្ពុជាមកបោះជំរុំហ្វឹកហាត់នៅខេត្តសៀមរាបរយៈពេល៣បយប់៤ថ្ងៃនេះ ក៏ព្រោះតែខេត្តសៀមរាបជាកន្លែងដែលស្ងប់ស្ងាត់ ទេសភាពស្អាត និងមានប្រាសាទបុរាណ ជួយឲ្យចិត្តរបស់ក្រុមជម្រើសជាតិមានពុទ្ធិខិតខំប្រឹងប្រែងហ្វឹកហាត់ និងបង្កើតបាននូវបរិយាកាសយល់ចិត្តគ្នា ចេះរួមរួមសាមគ្គីជាធ្លុង់តែមួយ គឺការរួបរួមក្រុមចិត្តមួយថ្លើមមួយដណ្តើមជ័យជម្នះជូនកម្ពុជា។

លោកអគ្គលេខាធិការបានបន្តថា បន្ទាប់ពីបោះជំរុំហ្វឹកហាត់នៅខេត្តសៀបរាប ក្រុមជម្រើសជាតិកីឡាវាយកូនបាល់ និងបន្តដំណើរទៅចូលរួមការប្រកួតនៅប្រទេសថៃ ហើយត្រឡប់ពីប្រទេសថៃចូលហ្វឹកហាត់ស្នាក់នៅសណ្ឋាគារហ្គាឌែនស៊ីធីក្បែកីឡដ្ឋានមរតកតេជោ រហូតដល់ថ្ងៃប្រកួតតែម្តង។ ការទទួលធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនិងជាប្រវត្តិសាស្រ្តនេះ លោក អគ្គលេខាធិការ បានថ្លែងអំណរគុណចំពោះសហពន្ធកីឡាល្បុក្កតោ និងសហព័ន្ធកីឡាជាតិមួយចំនួនដែលបានគាំទ្រនៃការទទួលធ្វើជាម្ចាស់ផ្ទះរបស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា សម្រាប់ព្រឹត្តិការណ៍កីឡាវាយកូនបាល់ DAVIS CUP ពិភពលោក ។

លោកទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ ក៏បានដឹកនាំកីឡាករគ្រូបង្វឹកចុះទៅកាន់មន្ទីរពេទ្យកុមារអង្គរក្នុងខេត្តសៀមរាប ផ្តល់នូវអំណោយសប្បុរសធម៌មួយចំនួនដល់មន្ទីរពេទ្យ ហើយ ក៏ចង់បង្ហាញទៅកាន់កីឡាករឲ្យមើលឃើញអំពីសុខភាពថា យើងពិតជាមានសំណាង យើងមានការហ្វឹកហាត់ទើបយើងទទួលបាននូវសុខភាពល្អ។

សូមជម្រាប់ថា កម្មវិធីបោះជំរុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិកីឡាវាយកូនបាល់ដែលធ្វើឡើងនៅខេត្តសៀមរាបនេះ មានរយៈពេល៣យប់៤ថ្ងៃ ដោយថ្ងៃទី១ ហ្វឹកហាត់នៅលើទីលាន សណ្ឋាគារឡឺរ៉ូយាល់ និងថ្ងៃទី២ ក្រុមជម្រើសជាតិវាយកូនបាល់ដឹកនាំ ដោយអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និងដឹកនាំក្រុមកីឡាករ និងគ្រូបង្វឹកជិះកង់ពង្រឹងកម្លាំងកាយ ឆ្ពោះទៅកាន់ប្រាសាទអង្គរវត្តពេលព្រឹក ហើយសុំពរជ័យ និងប្រោះព្រំសុំសេចក្តីសុខ ដើម្បីទទួលបានជោគជ័យក្នុងការប្រកួត រួចពេលរសៀលបន្តការហ្វឹកហាត់បច្ចេកទេសបន្តទៀត៕ ដោយ៖លី ភីលីព

Most Popular

To Top