ភ្នំពេញ៖ឧកញ៉ា សៅ សេងហាក់សហព័ន្ធខ្មែរកីឡាហាប់គីដូអាណត្តិទី៨ ឆ្នាំ២០២៤-២០២៨ បានមានប្រសាសន៍ថា អាណត្តិទី៨ នេះ ខ្ញុំបានដាក់ចេញនូវផែនការអាទិភាព ៤ សំខាន់ៗ ដើម្បីអភិវឌ្ឍកីឡាហាប់គីដូ និងអភិវឌ្ឍធនធានមនុស្សជំនាន់ក្រោយកាន់តែប្រសើរឡើងថែមទៀត។
លោកប្រធានបន្តថា ផែនការអាទិភាព ៤ សំខាន់ៗ រួមមានស្វែងរកប្រភពចំណូលឲ្យបានច្រើន និងបង្កើតមូលនិធិហាប់គីដូដើម្បីទ្រទ្រង់សកម្មភាពរបស់សហព័ន្ធ ដើម្បីអភិវឌ្ឍជំនាញគ្រូបង្គោលឲ្យបានកាន់តែច្រើន ពង្រីកសកម្មភាពរបស់សហព័ន្ធឲ្យកាន់តែប្រសើរ និងទូលំទូលាយ ព្រមទំាងបង្កើនឧត្តមភាពកីឡាហាប់គីដូ ដើម្បីចេញទៅប្រកួតក្នុង និងក្រៅប្រទេសឲ្យបានច្រើន ។
កាលអាណត្តិទី ៧ កន្លងមកនេះ គណៈកម្មាធិការប្រតិបត្តិសហព័ន្ធខ្មែរកីឡាហាប់គីដូបានខិតខំប្រឹងប្រែងរៀបចំ និងធ្វើសកម្មភាពនានាជាច្រើន ទាំងផ្នែករដ្ឋបាល ទាំងផ្នែក បច្ចេកទេស ដោយអនុវត្តទៅតាមគោលការណ៍ និងការណែនាំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំង ក្រសួងអប់រំ យុវជន និងកីឡា ស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហព័ន្ធផងដែរ។ ជាមួយគ្នានេះ យើងក៏សម្រេចបាននូវសមិទ្ធផលមួយចំនួនគួរជាទីមោទន។
ឧកញ៉ា សៅ សេងហាក់ បានបន្ថែមទៀតថា យើងបានពង្រឹងគុណភាពដល់គ្រូបង្គោល និងធ្វើការគៀងគរគ្រូៗដែលជាចាស់ព្រឹទ្ធាចារ្យត្រឡប់មកចូលរួមជាមួយសហព័ន្ធកីឡាហាប់គីដូវិញ ដើម្បីរួមគ្នាអភិវឌ្ឍធនធានមនុស្សជំនាន់ ក្រោយធ្វើឲ្យកីឡាហាប់គីដូមានការទទួលស្គាល់ជាថ្នាក់ជាតិ និងអន្តរជាតិដូចប្រភេទកីឡាសក្តានុពលផ្សេងៗ ទៀតផងដែរ។
ដោយមានការខិតខំប្រឹងប្រែង ខាងលើនេះហើយទើបយើងបានធ្វើការវិវឌ្ឍខ្លួនទៅ ជាស្ថាប័នកីឡាមួយ ដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា និង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាមួយគ្នានេះ យើងក៏បានរៀបចំឲ្យមានការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ និងការចេញទៅប្រកួតជាលក្ខណៈអន្តរជាតិនៅ ប្រទេសថៃនាពេលដ៏ខ្លីខាងមុខនេះ។
លោកប្រធានបញ្ជាក់ថា ក្នុងនាមប្រធានសហព័ន្ធខ្មែរកីឡាហាប់គឺដូអាណត្តិថ្មី ខ្ញុំសូមប្តេជ្ញាចិត្តដូចជា យើងខ្ញុំសូមប្តេជ្ញាចិត្តនឹងរៀបចំការប្រកួតជ្រើសរើសជើងថ្នាក់ជាតិឲ្យបានរៀងរាល់ឆ្នាំ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាហាប់គីដូនេះឲ្យកាន់តែមានភាពរីកចម្រើនក្នុងថ្នាក់ជាតិ និងអន្តរជាតិ។ ប្តេជ្ញានឹងបន្តជំរុញ ទាំងការងាររដ្ឋបាល បណ្តុះបណ្តាល និងផលិតនូវធនធានមនុស្សឲ្យកាន់តែ រីកចម្រើនជាលំដាប់សម្រាប់ត្រៀមចូលរួមការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ស្របតាមគោលការណ៍សហព័ន្ធ ជាសកល។
សហព័ន្ធត្រៀមបញ្ជូនក្រុមកីឡាករ-កីឡាការិនី ដើម្បីចូលរួមប្រកួតកីឡាហាប់គឺដូជ្រើសរើសជើងឯក ពិភពលោក (World I.H.F Hapkido Championship 2024) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ នៅខេត្តនុនថាបុរី ប្រទេសថៃ នាពេលខាងមុខ ។ សហព័ន្ធនឹងពង្រីកវិសាលភាពឲ្យទៅដល់បណ្តាខេត្ត និងចាប់យកឱកាសចេញទៅចូលរួមប្រកួត នៅក្រៅប្រទេសឲ្យបានច្រើនតាមលទ្ធិភាពដែលយើងអាចធ្វើទៅបាន ដើម្បីបង្កើតស្នាដៃនិងលើកិត្យានុភាព ហាប់គីដូកម្ពុជារបស់យើងឲ្យកាន់តែល្បីល្បាញទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ៕ ដោយ៖លី ភីលីព